តាំងពីដើមមកទម្លាប់ពុទ្ធបរិស័ទតែងនាំយកនូវទេយ្យទានទាំងឡាយមានដូចជា ទៀន ធូប ប្រេង ស្បង់ ចីវរ សំពត់សាដក និងគ្រឿងសម្ភារៈដទៃទៀត ទៅប្រគេនព្រះសង្ឃតាមវត្តអារាម ដើម្បីផ្គត់ផ្គង់ព្រះអង្គក្នុងកំឡុងពេលនៃការចូលព្រះវស្សា តែទោះជាយ៉ាងណាក្នុងរដូវចូលវស្សានេះ ព្រះសង្ឃខ្មែរយើងនៅតែជួបផលលំបាកមួយចំនួនដែលគ្រហស្ថមិនបានដឹង ពិសេសគឺត្រូវការចង្ហាន់បំផុត មិនមែនទៀនវស្សានោះទេ ។
ព្រះមហា ជន មករា បានមានថេរដីកាថា អ្វីដែលជាផលលំបាកធំបំផុតនោះគឺការខ្វះខាតចង្ហាន់ ជាពិសេសព្រះសង្ឃគង់ចាំវស្សាក្នុងវត្តអារាមនៅតាមជនបទ ឬតំបន់ដាច់ស្រយាលមួយចំនួន ពេលចូលវស្សា ព្រះសង្ឃតែងតែមានបញ្ហារឿងចង្ហាន់នេះខ្លាំង ដោយសារតែរដូវហ្នឹងជារដូវភ្លៀង អ៊ីចឹងព្រះសង្ឃក៏លោកពិបាកនិមន្តចេញបិណ្ឌ ចំណែកឯពុទ្ធបរិស័ទក៏មិនសូវបានយកចង្ហាន់ទៅប្រគេនលោក ។
អ្វីដែលកាន់តែពិបាកទៅទៀតនោះ គឺព្រះសង្ឃនៅតាមជនបទមិនត្រឹមតែខ្វះចង្ហាន់នោះទេ វត្តខ្លះថែមទាំងមានបញ្ហាលើទីស្នាក់អាស្រ័យទៀតផង ដោយវត្តមួយចំនួនពេលភ្លៀងមកលិចលង់ជាហេតុនាំឱ្យលោកពិបាករកកន្លែងគង់បំផុត ។
ហេតុនេះដើម្បីបន្ថយក្តីកង្វល់ ព្រះមហាបានផ្តល់ឱវាទថា ពុទ្ធបរិស័ទគួរតែធ្វើបុណ្យប្រកបដោយបញ្ញា ក្នុងការប្រគេននូវគ្រឿងបរិភោគោគ និងឧបរិភោគដល់ព្រះសង្ឃ រឿងដែលព្រះសង្ឃលោកត្រូវការបំផុតនោះគឺ ចង្ហាន់មិនមែនទៀនវស្សានោះទេ ។
ការប្រគេនទៀន ប្រគេនប្រេង ដើម្បីបំភ្លឺនោះ គឺជាការប្រសើរហើយ តែមិនគប្បីប្រគេនឱ្យហួសប្រមាណ ហួសតម្រូវការពេកទេ ។ ទាយក ទាយិកា គួរតែកាត់បន្ថយចំណាយលើការទិញទៀន ទិញប្រេងប្តូរមកចំណាយលើចង្ហាន់ និងគ្រឿងបរិភោគផ្សេងៗវិញ ទើបជាតម្រូវការពិតប្រាកដរបស់ព្រះសង្ឃយើង ។ សាន សារិន
ចែករំលែកព័តមាននេះ