ទោះជា​បុគ្គលិក​តែ​មាន​ស្មារតី​សហគ្រិន​ក៏​អាច​ជោគជ័យ​ដែរ គ្រាន់តែ​មាននូវ​គំនិត​៥​នេះ


រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកជំនាញ​ខាង​អ​ចនទ្រ​ព្យ និង​ជាទី​ប្រឹក្សា​ខាង​សេដ្ឋកិច្ច​នៅ​កម្ពុជា​លោក ង៉ែត ជូ បាន​និយាយ​ថា សម័យនេះ​មាន​យុវជន​ជា​ច្រើន​ចង់​ជោគជ័យ តាម​រយៈ​ការ​ធ្វើខ្លួន​សហគ្រិន​វ័យក្មេង ។

យ៉ាងណាមិញ លោក​បាន​បញ្ជាក់​ថា «​យើង​ត្រូវ​ទទួលស្គាល់​ថា មនុស្ស​ទាំងអស់​មិន​អាច​ក្លាយ​ខ្លួន​ជា​សហគ្រិន​បាន​នោះ​ទេ ។ ម្យ៉ាងវិញទៀត បើ​ទោះជា​ធ្វើការ​អោយ​គេ​ក៏​អាច​ជោគជ័យ​បាន​ដែរ អោយ​តែ​មាន​ស្មារតី​សហគ្រិន​ពិតប្រាកដ​» ។

ជាមួយ​គ្នា​នោះ​ផង​ដែរ​លោក ង៉ែត ជូ បាន​ផ្តល់​នូវ​គំនិត​ខ្លះ​ៗ ដែល​អ្នក​គួរ​ធ្វើ​ក្នុង​នាម​ជា​បុគ្គលិក​ដែល​មាន​ស្មារតី​សហគ្រិន ៖ ១- ធ្វើ​ជា​បុគ្គលិក​ដែល​មានគំនិត​ផ្តួចផ្តើម និង​ទំនួល​ខុស​ត្រូវ​ខ្ពស់ ៖ ស្ថាប័ន ឬ​ក្រុមហ៊ុន​មួយ មានការ​រីក​ចំរើន​លុះត្រាតែ​មានគំនិត​ថ្មី​ៗ និង​អនុវត្ត​គំនិត​ទាំងនោះ​ប្រកបដោយ​ប្រសិទ្ធិ​ភាព និង​ប្រសិទ្ធិ​ផល (effective and efficient) ។

ការ​ចូលរួម​ផ្តល់​នូវ​គំនិត​ផ្តួចផ្តើម​ដែល​នាំ​អោយ​ស្ថាប័ន​រីក​ចំរើន​នឹង​ទទួល​បានការ​អោយ​តម្លៃ​ពី​សំណាក់​និយោជក ហើយ​រឹតតែ​ទទួល​បានការ​អោយ​តម្លៃ​ទៀត​នោះ​គឺ​ការ​ទទួលខុសត្រូវ​ក្នុង​ការ​បំពេញការងារ​របស់​បុគ្គលិក​ម្នាក់​ៗ ។ ២- ចាត់​ទុក​ខ្លួន​អ្នកជា​ផលិតផល​ដែល​ត្រូវ​អភិវឌ្ឍ​ជាប់​ជា​និច្ច ៖ បើ​ទោះជា​អ្នក​ចេញពី​មហាវិទ្យាល័យ​មាន​សញ្ញា​ប​ត្រ័​បរិ​ញ្ញា​២-៣ និង​អនុ​បណ្ឌិត​ក៏​មិន​គ្រប់គ្រាន់​ដែរ​។

អ្នក​ត្រូវ​រៀន​នូវ​ជំនាញ​ខ្លី​ៗ និង​សិក្សា​ស្រាវជ្រាវ​ជាប់​ជា​ប្រចាំ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​អោយ​ត្រូវ​នឹង​សម័យកាល និង​សេចក្តី​ត្រូវការ​របស់​និយោជក ។ ពោល គឺ​ត្រូវធ្វើ​ខ្លួន​ជា​ទ្រព្យ​ដ៏​មាន​តម្លៃ ឬ​ជា​គ្រាប់ពេជ្រ​ពិតប្រាកដ​សំរាប់​និយោជក ។ ៣- ត្រូវ​ចាត់​ទុក​មិត្ត​រួមការ​ងារ និង​បុគ្គលិក​ក្រោម​បង្គាប់​ជា​អតិថិជន​ផង​ដែរ ៖ មាន​បុគ្គលិក​មួយ​ចំនួន​មិន​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​បំពេញការងារ​ជា​ក្រុម​នោះ​ទេ ហើយ​តែង​មិនសូវ​មាន​ភាព​ចុះសំរុង​នឹង​មិត្ត​រួមការ​ងារ មិន​ចេះ​ផ្តល់​ឱកាស​អោយ​បុគ្គលិក​ក្រោម​បង្គាប់ ហើយ​ខំប្រឹង​តែ​យកចិត្ត​មេ (​អ្នកគ្រប់គ្រង​របស់​ខ្លួន​ផ្ទាល់​) ។
នោះ​ជា​កំហុសឆ្គង​ធំ​មួយ ។

តាម​ពិត​នៅ​ពេល​វាយតម្លៃ​ការងារ​ប្រចាំឆ្នាំ​ម្តង​ៗ អ្នកគ្រប់គ្រង​ដែល​ឆ្លាត​វៃ​តែង​សុំ​យោបល់​ពី​អ្នក​ក្រោម​បង្គាប់ និង​មិត្ត​រួមការ​ងារ​ដទៃ​ទៀត​។ ត្រង់នេះ​ហើយ​ដែល​ថា​មិត្ត​រួមការ​ងារ និង​បុគ្គលិក​ក្រោម​បង្គាប់​ក៏​ជា​អតិថិជន​របស់​អ្នក​ដែរ​។ ដូច្នេះ​ហើយ​អ្នក​ត្រូវ​មាន​ភាព​ប៉ិន​ប្រសប់​អាច​ធ្វើការ​ចុះសំរុង​ជាមួយ​មនុស្ស​គ្រប់​ប្រភេទ​។ ត្រូវ​ទទួលស្គាល់​ថា​មនុស្ស​ទាំងអស់​មាន​ចរិត​មិន​ដូច​គ្នា​ទេ​។ ៤) លក់​ផលិតផល​ទៅ​អោយ​អតិថិជន​ដែល​អោយ​តម្លៃ​លើ​សមត្ថភាព​របស់​អ្នក និង​ហ៊ាន​ចំណាយ​៖ ប្រសិនបើ​ធ្វើ​បាន​ល្អ​ដោយ​បំពេញ​នូវ​ចំណុច​ទី​១ ទី​២ និង​ទី​៣​ខាងលើ​រួច​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​ទទួល​បានការ​ទទួលស្គាល់​ពី​សមត្ថភាព និង​អោយ​តម្លៃ​ពី​សំណាក់​និយោជក (​មិន​ទទួល​បានការ​តំឡើង​ឋានៈ ឬ​ប្រាក់ខែ​អោយ​សម​នឹង​សមត្ថភាព​) អ្នក​ប្រហែលជា​ត្រូវ​ពិចារណា​រិះរក​វិធី​លក់​ផលិតផល​របស់​អ្នក​ទៅ​អោយ​អតិថិជន​ថ្មី​ហើយ​។

ពោល​គឺ​ត្រូវ​ស្វែងរក​ការងារ​នៅ​ស្ថាប័ន​ឬ​ក្រុមហ៊ុន​ថ្មី​ដែល​អោយ​តម្លៃ​លើ​សមត្ថភាព​របស់​អ្នក​។ ពេល​ខ្លះ អ្នក​មិន​អាច​បង្រៀន​មាន់​អោយ​អោយ​តម្លៃ​លើ​គ្រាប់ពេជ្រ​នោះ​ទេ មាន់​អោយ​តម្លៃ​តែ​លើ​គ្រាប់ស្រូវ​តែ​ប៉ុណ្ណោះ​។ ៥- ប្រើប្រាស់​ប្រាក់ខែ​ដែល​រកបាន​ដោយ​ភាព​ឆ្លាត​វៃ​៖ ត្រូវ​ចាត់​ទុក​ប្រាក់ខែ​ដែល​រកបាន​ដោយ​លំបាក​ជា​ពីរ គឺ​គ្រាប់​បាយ និង​គ្រាប់ពូជ​។

គ្រាប់​បាយ គឺ​ចាយ​តែ​លើ​អ្វី​ដែល​ចាំបាច់​សំរាប់​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​។ គ្រាប់ពូជ​គឺ​យក​ទៅ​វិនិយោគ​បង្កើត​ជា​ទ្រព្យ​បន្ត​។ ដើម្បី​អោយ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ជាង​៦០%​នៃ​ប្រាក់ខែ​ដែល​អ្នក​រកបាន​គួរតែ​ប្រើ​ជា​គ្រាប់ពូជ​។ ធ្វើ​ដូច្នេះ អ្នក​នឹង​មាន​ជីវភាព​ធូរធា​ក្នុង​រយៈពេល​ចន្លោះ​១០-១៥​ឆ្នាំ​នៃ​ជីវិត​ការងារ​ជា​បុគ្គលិក​ព្រោះ​ទាំង​រូប​អ្នក និង​ប្រាក់​ដែល​អ្នក​រកបាន​សុទ្ធតែ​ខំធ្វើការ​ខ្លាំង​។ ចូរ​ចៀសវាង​ការ​ខំធ្វើការ​ខ្លាំង​ដើម្បី​តែ​រក​ប្រាក់ ហើយ​ប្រាក់​មិន​បាន​ជួយ​ធ្វើការ​បង្កើត​ប្រាក់​បន្ត ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ