ចូលវស្សាគឺជាពិធីដ៏ធំមួយផ្នែកព្រះវិន័យ ដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិឡើង ដើម្បីឲ្យព្រះសង្ឃសាវកគ្រប់អង្គប្រតិបត្តិតាម ដែលមានរយៈពេល៣ខែ ពោលគឺចាប់ពីថ្ងៃ១រោច ខែអាសាធរហូតដល់១៥កើត ខែអស្សុជ ។
ថ្ងៃនេះជាថ្ងៃ១រោច ខែអាសាឍ ត្រូវនឹងថ្ងៃចន្ទទី៦ ខែកក្កដា គឺជាថ្ងៃដែលព្រះសង្ឃគ្រប់វត្តអារាម នៅទូទាំងប្រទេសចាប់ផ្តើមចូលព្រះវស្សាហើយ ដែលតាមព្រះវិន័យ ព្រះសង្ឃគ្រប់វត្តអារាម តែងរៀបចំព្រះកាយដើម្បីធ្វើពិធីចូលព្រះវស្សានៅវេលារសៀល ថ្ងៃ១រោច ខែអាសាធនេះជាកំហិត ។
ការបញ្ញត្តិឲ្យមានការកាន់ព្រះវស្សា គឺព្រះពុទ្ធជាម្ចាស់ទ្រង់មានព្រះបំណងចង់ឲ្យព្រះសង្ឃមានភាពងាយស្រួលក្នុងការសិក្សារៀនសូត្រក៏ដូចជាប្រតិបត្តិធម៌វិន័យក្នុងរដូវវស្សារយៈពេល៣ខែដែលជារដូវពោរពេញទៅដោយភ្លៀងធ្លាក់ ជោគជាំ សម្បូរភក់ជ្រាំច្រើន ។
តាមពុទ្ធានុញ្ញាត ព្រះសង្ឃត្រូវតែចូលកាន់វស្សាអស់កាល៣ខែក្នុងវស្សានរដូវ ហើយត្រូវចាំវស្សាដោយត្រឹមត្រូវមិនឲ្យដាច់វស្សាឡើយ ។ ចំណែកឯពុទ្ធបរិស័ទ ក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានោះផងដែរដោយចាត់ចែងសំពត់សាដកចំណាំវស្សា ព្រមទាំងប្រេងកាត ទៀន ធូប ភេសជ្ជៈ និងទេយ្យទានផ្សេងៗដើម្បីទំនុកបម្រុងដល់ព្រះសង្ឃ ។
ក្នុងរវាង៣ខែនេះព្រះសង្ឃដែលគង់នៅគ្រប់វត្តអារាមមិនអាចនិមន្តចេញក្រៅទីអាវាសរបស់ខ្លួនឱ្យកន្លងរាត្រីបានឡើយ វៀរលែងតែមានកិច្ចសំខាន់ដូចជា មាតាបិតា គ្រូអាចារ្យឈឺឬស្លាប់ ឬក៏ពុទ្ធបរិស័ទនិមន្តទៅធ្វើបុណ្យទាន ព្រះសង្ឃអាចនិមន្តបានដោយលើកសត្តាហៈបានរយៈពេល៧ថ្ងៃ ហើយត្រូវនិមន្តចូលវត្តវិញឱ្យទាន់ក្នុងថ្ងៃទី៧ដាច់ខាត ។ សាន សារិន
ចែករំលែកព័តមាននេះ