ស្ត្រី​មាន​ផ្ទៃពោះរង​​របួសធ្ងន់​ដោយសារ​ប្តី​​វាយ ត្រូវ​បាន​កាកបាទក្រហម​ខេត្ត​ចុះ​សួរ សុខទុក្ខ និង​ជួយ​សង្គ្រោះ


ខេត្ត​សៀម​រា​ប ៖ ​នា​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២០ លោក​វេជ្ជបណ្ឌិត ក្រុស សា​រ៉ាត់ សមាជិក​គណៈ​កម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង​ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀម​រាប និង សហ​ការី បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​មនុស្សធម៌​ជូន​អ្នកស្រី សឿ​ប ភាព អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​គី​រី​មាន​ន្ទ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ​ត្រូវ​បុរសជា​ប្តីវាយ​រហូត​ដល់​មាន​របួស​ក្បាល​៣​កន្លែង និង​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ ហើយ​ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​​​សៀមរាប ជួយ​សង្គ្រោះ​ដោយ​វះកាត់​បន្ទាន់ ដើម្បី​យក​កូន​ចេញ ដើម្បី​សង្គ្រោះ​ឲ្យ​ផុត​ពី​គ្រោះថ្នាក់​ទាំង​ម្តាយកូន​បាន​ហើយ កាលពី​វេលា​ម៉ោង​២២​យប់​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២០ ។

លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ស្ត្រី និង​កូនបាន​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត សៀមរាប ឯ​ទារិកា​ដែល​ត្រូវ​សង្គ្រោះ​ដោយ​វះកាត់​មាន​ទំងន់​ត្រឹម​១,៩​គីឡូ​ក្រាម ហើយ​ក្រុម​គ្រូពេទ្យ​កំពុង​ចិញ្ចឹម​ក្នុង​កែវ ។

មាន​ប្រសាសន៍​នា​ពេលនោះដែរ​ លោក​វេជ្ជបណ្ឌិត ក្រុស សា​រ៉ាត់ បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី លោក ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា និង​លោក​ជំទាវ ដែល​ជា​និច្ចកាល​លោក​តែងតែ​បាន​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ជា​ពិសេស​ចាស់ជរា​គ្មាន​ទីពឹង​ជន​មាន​ពិការ​ភាព កុមារ​កំព្រា ស្ត្រី​មេម៉ាយ​ក្រីក្រ​មានកូន​ច្រើន អ្នក​ផ្ទុកមេរោគ​អេ​ដស៍ និង​ជន​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ជាដើម ។ លោក​វេជ្ជបណ្ឌិត​បន្ត​ថា សូម​ប្អូនស្រី​កុំ​អស់សង្ឃឹម​អី ព្រោះ​ទាំង​ប្អូន​ស្រី និង​កូន ត្រូវ​បាន​ក្រុ​ុ​ម​គ្រូ ពេទ្យ​យើង​ជួយ​សង្គ្រោះ​បាន​ដោយ​ជោគជ័យ​ហើយ និង​ត្រូវធ្វើ​បន្ដ មើលថែ​សុខភាព​ខ្លួនឯង​ឲ្យ​បាន​ល្អ និង អនុវត្ត​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ដើម្បី​ឆាប់​បាន​ធូរស្រាល និង​ជា​សះស្បើយ​ឡើង​វិញ ។

ម្យ៉ាងទៀត​អំណោយ សូម​បញ្ជាក់​ថា អំណោយ​មនុស្ស​ធម៌​ដែល​បាន​នាំ​យក​មក​ជូន​នា​ពេល​នេះ ទោះជា​មាន​ចំនួន​តិចតួច​ក្ដី​តែ​អាច​ជួយ​សម្រាល ទុក្ខ​លំ​បាក​បាន​មួយ​រយៈពេល​ដែល​កំពុង​សម្រាក​ព្យា​ល​បាល នេះ ហើយ​នេះ​ជា​ការ​បង្ហាញ​នូវ​ការ​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​រូប មិន​នឹង​ប្រកាន់ វណ្ណៈ ពូជសាសន៍ ពណ៌​សម្បុរ និង​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ដូចដែល​លើក​ឡើង​ថា «កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់​ៗ​គ្នា​» និង «ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទ​ក្រហម​កម្ពុជា​» ។

អំណោយ​មនុស្សធម៌​ដែល​បាន​ផ្ដល់​ជូន​នា​ពេលនេះ​រួម​មាន មុង​១ ភួយ​១ សារុង​១ ក្រមា​១ សម្លៀក​បំពាក់​ទារក​២​ឈុត មី​១​កេស ទឹក​ស៊ី​អ៉ី​វ​១​យួរ ទឹកដោះ​គោ​ខាប់​៤​កំប៉ុង ស្ករស​២​គីឡូក្រាម អង្ករ​៣០​គីឡូក្រាម និង​ថវិកា​២​សែន​រៀល ។ ឆ្លៀតឱកាស​នោះ​ដែរ​ប្រតិភូ​ក៏​បាន​អញ្ជើញ​ពិនិត្យ​មើល​អគារ​សម្រាប់​អ្នកជម្ងឺ ដែល​ទើប​ជួសជុល​កែសម្រួល​រួចរាល់ នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​នេះ​ផង​ដែរ​៕

Facebook Google Twitter Email

Live

Sponsored News

០២:៤៤ | ក្នុងស្រុក

សារលិខិត​អបអរសាទរ ជូន​ចំពោះ​លោក​​ជំទាវ​-​លោក​ជំទាវ​ឧកញ៉ា​ទាំង​២១ រូប ដែល​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​និង​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ