អ្នក​ធ្វើ​ដំណើរ​តាម App កង់​៣​ឥណ្ឌា​ជា​​ពិសេស​នារី​ៗ​​សូម​​​ប្រយ័ត្ន​នឹង​ល្បិច​ថ្មី​


រាជធានី​ភ្នំពេញ ​៖ ថ្មី​ៗ​នេះ​មាន​ជន​រង​គ្រោះ​មួយ​រូប​បាន​លាតត្រដាង​នូវ​ល្បិច​ថ្មី​មួយទៀត​ដែល​មាន​​អ្នក​រត់​កង់​៣​ឥណ្ឌា​មួយ​ចំនួន​តូច ដែល​ប្រើ​ល្បិច​ថ្មី​ចង់​ធ្វើ​ស៊ី​អ្នកដំណើរ ជា​ពិសេស​នារី​ៗ​តែ​ម្តង ។

យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​ថា សឹម សក្តិ​ដា បាន​បង្ហោះ​សារ​ឡើង​វែង​រៀបរាប់​អំពី​ដំណើរ​រឿង​ដែល​ភរិយា​របស់​លោក ​គឺជា​ជន​រង​គ្រោះ​ត្រូវ​ថ្នាំ​ស​ណ្តំ​​អ្នក​រត់​កង់​៣​ឥណ្ឌា​មួយ​រូប តែ​ដោយសារ​តែ​ភាព​ឆ្លាត​វៃ​របស់​ប្រពន្ធ​របស់​គាត់​ និង​ការ​ជួយ​ពី​ពលរដ្ឋ​ ព្រម​ទាំង​​សមត្ថកិច្ច​ ទើប​ភរិយា​គាត់​អាច​គេច​ផុត​ពី​គ្រោះភ័យ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ផង​ដែរ ។

លោក សឹម សក្តិ​ដា បាន​សរសេរ​បញ្ជាក់​លម្អិត​យ៉ាង​ដូច្នេះ​ថា «​អ្នក​ធ្វើ​ដំណើរ​តាម Pass App ជា​ពិសេស​នារី​ៗ សូម​ប្រ​យ័​ត្ន​ប្រយែង ព្រោះ​អ្នក​រត់ Pass App មួយ​ចំនួន​តូច គឺ​មាន​ល្បិច​ខ្ពស់​ណាស់ ក្នុង​ការ​ប្រព្រឹត្ត​ចោរកម្ម និង​បទល្មើស​ផ្សេង​ៗ ។

តួយ៉ាង​ដូច​បុរស​ប្រកប​របរ Pass App ម្នាក់​ខាងលើ​នេះ គឺ​មាន​ល្បិច​ខ្ពស់​បំផុត ។ កាលពី​ថ្ងៃ 27 ខែឧសភា ខ្ញុំ​បាន​ហៅ Pass App នេះ​តាម App ដោយ​ធ្វើ​ដំណើរ​ពី បុរី​ទំនើប​០១ ក្រោយ​ទី​លាន​​វាយ​កូន​ហ្គោ​ល​ជីប​ម៉ុង ទៅ​ក្រោយ​ផ្សារ​ដេប៉ូ​​២នាក់​គ្រួសារ​ខ្ញុំ ។ លុះ​ជិះ​ដល់​ម្ដុំ​វត្ត​តាំង​កសាង​ខាង​ត្បូង អ្នកបើកប​រក៏​​ប្រាប់​ថា ទូរ​ស័ព្ទ​ដាច់​សេវា​ហើយ ឲ្យ​ខ្ញុំ​គិត​ម៉ោង​​ទៅ ឲ្យ​ខ្ញុំ cancel app ទៅ ។ ដោយ​ចិត្ត​អាណិតអាសូរ ខ្ញុំ​ក៏​​ចុច cancel ទាំង​ទូរ​ស័ព្ទ​ខ្ញុំ​នៅ​ដើរ app ធម្មតា ។

ក្រោយមក​ទៀត ​អ្នកបើកបរ​ក៏​​ប្រាប់​ថា យក​លេខ​ទូរ​ស័ព្ទ​វា​ទៅ ព្រោះ​ផ្ទះ​វា​នៅ​ជិត​ហ្នឹង​ដែរ មិន​បាច់​ហៅ​តាម App ទេ ។ ដោយ​នឹក​អាណិត​ម្ដងទៀត ក៏​យក​លេខ​ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន​កាត់​ភាគ​រយ​​​គ្នា ឲ្យ​គ្នា​បាន​កំរៃ​ឲ្យ​ច្រើន​ទៅ​ចុះ »​។

លោក​បាន​បន្ត​ថា «​នៅ​ថ្ងៃ​ទី​២ ខែកក្កដា ម៉ោង​៦​ល្ងាច ដោយ​ទើប​ត្រលប់​មក​ពី​ខេត្ត ដោយ​គ្រួសារ​ខ្ញុំ​​មានធុរៈ​បន្ទាន់ ត្រូវ​ទៅ​ផ្ទះ​ម្ដុំ​ក្រោយ​ផ្សារ​សាមគ្គី ហើយ​ខ្ញុំ​មិន​បាន​ជូន​ទៅ គាត់​ក៏​ហៅ Pass app នេះ​ម្ដងទៀត ​តាម​លេខ​ដែល​វា​ឲ្យ ដោយ​នឹកឃើញ​ថា ​ធ្លាប់​ជិះ ក៏​ជិះ​ទៅ​តែឯង ហើយក៏ជា​លើក​ទី​១​​ដែរ ដែល​គាត់​ហ៊ាន​ជិះ​តែឯង ។ ដោយ​ជិះ​ចេញពី​បុរី​ទំនើប​០១ ដដែល ។ ជិះ​មក​ដល់​ម្ដុំ​បុរី​ពិភព​​ថ្មី ឈូក​វ៉ា​២ ខណៈ​មេឃ​កំពុង​ភ្លៀង កំពុង​តែ​បើក​សុខ​ៗ pass app ក៏​ឈប់​ងក់ ។ គ្រួសារ​ខ្ញុំ​ក៏​សួរថា ​ឈប់​ធ្វើ​អី ? អ្នកបើកបរ​ក៏​ថា សុំ​ឈប់​ឈឺ​នោម ។ គ្រួសារ​ខ្ញុំ​ក៏​បន្ត​សួរ ហេតុ​មក​ឈប់​មិន​ប្រាប់​អ​ញ្ចឹ​ង ? វាក៏​អត់​មាត់​ដើរទៅ​ក្រោយ Pass App មួយសន្ទុះ ក៏​ដើរមក​វិញ ហើយ​បើក​កង្ហារ​លើដំបូល ទាំង​មេឃ​កំពុង​ភ្លៀង គាត់​ក៏​ឲ្យ​បិទ​ដោយ​ប្រាប់​ថា​រងា តែ​វា​មិន​បាន​បិទ​ទេ »​។

ប្រភព​ដដែល​បាន​បន្ត​ថា «​បាន​ប្រហែល​៣​នាទី គ្រួសារ​ខ្ញុំ​ក៏​​ចាប់ផ្ដើម​បាត់ស្មារតី​បន្តិច​ម្ដង​ៗ និង​មាន​​អាកា​រៈ​ងងុយដេក ទន់​ដៃជើង​បន្តិច តែ​ដោយ​គាត់​ធ្លាប់​ឆ្លងកាត់​បទ​ពិសោធន៍​លើ​វិស័យ​វេជ្ជ​សាស្ត្រ គាត់​បានដឹង​ពី​អាកា​រៈ​នៃ​ថ្នាំ​សណ្ដំ គាត់​ក៏​បញ្ជា​ឲ្យ​អ្នកបើកបរ​ឈប់ តែ​អ្នកបើកបរ​មិន​ព្រម​ឈប់ ហើយ​ថែម​ទាំង​ស្រែក​មិន​ឲ្យ​គ្រួសារ​ខ្ញុំ​ចុះ​ទៀត ។

ជម្រើស​ចុង​ក្រោយ គ្រួសារ​ខ្ញុំ​សម្រេចចិត្ត​លោត​ចុះ ដោយ​ខ្លួនឯង​ហើយ ហើយ​រត់​ចូល​ផ្ទះ​អ្នក​ជិត​នោះ​​ឲ្យ​ជួយ ។ ហើយ​ប្រាប់​គេ​ថា គេ​​ដាក់​សណ្ដំ​គាត់ ឲ្យ​ជួយ​យក​ខ្ទឹម ​និង​ក្រូចឆ្មា​មក​បញ្ច្រក​គាត់​ផង និង​ប្រាប់​គេ​ឲ្យ​ជួយ​ខ​លម​ក​ខ្ញុំ ។ ក្នុង​ចន្លោះ​ពេល​នោះ​អ្នកបើកបរ​បាន​បក​មក​វិញ​ដោយ​សួរ​រក​​គ្រួសារ​ខ្ញុំ ហើយ​ប្រាប់​អ្នក​ជួយ​នោះ​ថា ​កុំ​ជឿ​អ្វី​ដែល​គ្រួសារ​ខ្ញុំ​បាន​និយាយ ហើយ​បាន​ចោទ​ថា​ប្រពន្ធ​ខ្ញុំ​បោក​វា​ទៅ​វិញ ។ ក្រោយ​ពី​អ្នក​ជួយ​បាន​ខ​លម​ក​ខ្ញុំ ខ្ញុំ​ក៏បាន​ទាក់ទង​ទៅ​សមត្ថកិច្ច មូល​ដ្ឋាន​ភ្លាម​ៗ រហូត​ឃាត់​អ្នកបើកបរ​បាន​នៅ​នឹង​កន្លែង និង​បាន​យក​ទៅ​សាកសួរ​ភ្លាម​ៗ ។ ក្រោយ​ធ្វើការ​ឆែក​ឆែរ​របស់​សមត្ថកិច្ច ក៏បាន​រក​ឃើញ​មាន​ដំបង​ហូត​មួយ​ដើម​ផង​ដែរ ដោយ​អ្នកបើកបរ​បាន​អះអាង​ម្ដង​ថា ​ខ្លួន​ជា​អ្នកកាសែត ម្ដង​ជា​សន្តិសុខ​ឯកជន​» ។

ម្ចាស់​គណនី​ខាងលើ​ក៏​បាន​សម្តែង​ការ​ថ្លែងអំណរគុណ​ដល់ លោក​អធិការ​នគរបាល​ខណ្ឌ​ទួល​គោក លោក​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​​សែន​ជ័យ លោក​មេ​ប៉ុស្តិ៍ សំរោង​ក្រោម ដែល​បាន​ខ្នះ​ខ្នែង​​ជួយ​ការពារ​សុវត្ថិភាព​ប្រជាជន​បាន​យ៉ាង​ឆាប់រហ័ស ។ និង​បាន​សូម​អរគុណ​ដល់​បុគ្គលិក និង​ម្ចាស់​ហាង​ម្លិះ​វាំងនន ពិភព​ថ្មី​ឈូក​វ៉ា​២ ដែល​បាន​ខ្នះខ្នែង​ជួយ​គ្រួសារ​ខ្ញុំ​ដោយ​សុទ្ធចិត្ត​។ នេះ​ជា​​សារ​ដាក់​តឿន ឲ្យ​មានការ​ប្រុង​ប្រ​យ័​ត្ន​​ចំពោះ​នារី​ៗ​ដែល​ចូល​ចិត្ត​ធ្វើ​ដំណើរ​តាម Pass App តែ​ម្នាក់ឯង ។

កោះសន្តិភាព​នឹង​ផ្តល់​ព័ត៌មាន​ពិស្តារ​បន្ថែម​ទៀត​ជុំវិញ ​អត្តសញ្ញាណ​ និង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​មួយ​នេះ ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ