រថយន្ត​ឡិច​ស៊ី​ស RX-300 បុក​ដើម​ក្ងោក​បាក់​សង្កត់​លើ​រថយន្ត​២​គ្រឿង


រាជធានី​ភ្នំពេញ ៖ រថយន្ត ឡិច​ស៊ី​ស RX-300 មួយ​គ្រឿង បាន​បើក​បុក​ដើម​ក្ងោក​មួយ​ដើម​បាក់ ដល់​គល់​រាប​ដល់​ដី សង្កត់​លើ​រថយន្ត​ចំនួន​០២​គ្រឿង​ទៀត បណ្ដាល​ឲ្យ​រង​ការ​ខូចខាត តែ​សំណាងល្អ​មិន​មាន​អ្នក​រង​របួស​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០១ និង​៤០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២០ ចំណុច​ខាងកើត​ស្តុ​ប​ផ្លូវភ្លោះ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៤ ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​មួយ​គ្រឿង ម៉ាក​ឡិច​ស៊ី​ស RX-៣០០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២Q-១៦៩២ ធ្វើ​ដំណើរ​តាម បណ្ដោយ​ផ្លូវ​លេខ​២១៤ ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន ខណៈ​មក​ដល់​ចំណុច កើតហេតុ​អ្នកបើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​ដើម​ក្ងោក មួយ​ដើម​បាក់​រាប​ដល់​ដី បាក់​សង្កត់ លើ​រថយន្ត​ចំនួន​ពីរ​គ្រឿង​ទៀត​ដែល​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​រង​ការ​ខូចខាត​យ៉ាងដំណំ​។

សូម​បញ្ជាក់​ផង​ដែរ​ថា រថយន្ត​ដែល​រង​ការ​ខូចខាត​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក តូ​យូ​តា ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AM-៧៧៦១ រង​ការ​ខូចខាត​មួយ​កំណាត់​មុខ និង រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក តូ​យ៉ូ​តា កាម​រី​ហើម ស៊េរី​ឆ្នាំ​១៩៩៥ ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ ២E-៦០៧៦ រង​ការ​ខូចខាត​ចំហៀង​ខាងឆ្វេង និង​ក្រពឹត​ដំបូល​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ និង បាន​ធ្វើការ​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច ជំនាញ​ចរាចរណ៍​ក្រុង ឲ្យ​ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំង ៣​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​ច្បាប់​៕ ដោយ ៖ យឹ​ម ឈឿ​ន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ