បាត់​គីប​បំផ្ទុះ​ថ្ម​ ​មនុស្ស​6​នាក់​ត្រូវ​​នាំ​យក​​ទៅ​សាកសួរ


ខេត្តកំពង់ស្ពឺ ៖ មនុស្ស​ចំនួន​៦​នាក់​បាន​ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​ការដ្ឋាន​បំផ្ទុះ​ថ្ម​មួយ​កន្លែង​​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ធ្វើ​សកម្មភាព​វាយកម្ទេច​សោ ហើយ​លួច​យក​គីប​បំផ្ទុះ​ថ្ម​អស់​ជិត​១.០០០​គ្រាប់ ។ ក្រោយ​ពេល​ឃាត់ខ្លួន ក្រុម​ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​សាកសួរ​នៅ​ការិយាល័យ​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ព្រោះ​ក្រុម​ជនសង្ស័យ​សុទ្ធ​សឹង​ជា​កម្មករ និង​សន្តិសុខ​យាម​នៅ​ការដ្ឋាន​ខាងលើ ។

យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បង្ហាញ​ថា ការ​បានដឹង​ថា​បាត់​គីប​បំផ្ទុះ​ថ្ម​នេះ គឺ​កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រមាណ​៨​និង៣០​នាទី​ព្រឹក នៅ​ការដ្ឋាន​ផលិត​ថ្ម​របស់​ក្រុមហ៊ុន
ទ្រី​ភាព គ្រុប ចំណុច​ភ្នំ​តា​ចាន់ ស្ថិត​ក្នុងភូមិ​ស្រែ​ព្រីង ឃុំ​ស្វាយ​រំពារ ស្រុក​ប​សេដ្ឋ ។ ក្រោយ​ពី​ដឹង​ថា​បាត់​គីប​បំផ្ទុះ​ភ្លាម អ្នកគ្រប់គ្រង​ការដ្ឋាន​បាន​ប្តឹង​ទៅ​សមត្ត​កិច្ច​ថា មាន​ជនសង្ស័យ​ធ្វើ​​សកម្ម​ភាព​វាយ​កម្ទេច​សោ​ទ្វារ​ឃ្លាំង​ដែល​ធ្វើ​ពី​ទូកុងតឺន័រ លួច​យក​គីប​បំផ្ទុះ​បំបែក​ថ្ម​អស់​ចំនួន​៩៨៦​គ្រាប់ និង​ខ្សែភ្លើង​ប្រវែង​២២៥​ម៉ែត្រ ។

នៅ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ កម្លាំង​នគរបាល​ស្រុក​បរ​សេដ្ឋ បាន​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ដឹកនាំ​ផ្ទាល់​ដោយ​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការ​រង​នគរ​បាន​ជាតិ រួម​ទាំង​ប្រធាន​នាយកដ្ឋាន​ទទួល​បន្ទុក​គ្រប់គ្រង​សារធាតុ​ផ្ទុះ លោកស្នងការ​រង​នគរបាល​ខេត្តទទួល​ផែន​សន្តិសុខ និង​លោកស្នងការ​រង​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ​និង​សាកសួរ​រួច​មក នៅ​ថ្ងៃ​ទី​៣ ខែកក្កដា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៦​នាក់​មាន ៖
១-​ឈ្មោះ តុំ សៅ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ
២-​ឈ្មោះ វី វណ្ណៈ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ
៣-​ឈ្មោះ ឈួ​ន ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ
៤-​ឈ្មោះ សុខ សា​រ៉េ​ត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ។

ទាំង​៤​នាក់​រស់នៅ​ភូមិ​ក្រាំង​ល្ហុង ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ជា​កម្មករ​ផ្នែកបំផ្ទុះ​ថ្ម ។ ចំណែក​២​នាក់​ទៀត​ជា​សន្តិសុខ​យាម​ការដ្ឋាន ៖

៥-​ឈ្មោះ គុយ ហ៊ា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ទ្រា ឃុំ​ស្វាយ​ជ្រំ ស្រុក​មេ​សាង ខេត្តព្រៃវែង និង៦-​ឈ្មោះ ចាន់ វឿ​ន ភេទ​ប្រុស អាយុ​៣៩ឆ្នាំ រស់នៅ​ភូមិ​សង្កែ​លាក់ ឃុំ​ស្វាយ​ច​ចិ​ប ស្រុកប​សេដ្ឋ ខេត្តកំពង់ស្ពឺ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ