ទីផ្សារ​កន្ធាយ​កម្ពុជា​បាត់បង់​ជិត​ពាក់​កណ្ដាល ​បន្ទាប់​ពី​មានការ​នាំ​ចូល​ពី​ក្រៅប្រទេស​ច្រើន 


រាជធានី​ភ្នំពេញ ៖ សហគមន៍​ចិញ្ចឹម​កន្ធាយ​នៅ​ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល បាន​បញ្ជាក់​ពី​ការ​បាត់បង់​ទីផ្សារ​សត្វ​កន្ធាយ​ជិត​៥០​ភាគរយ បន្ទាប់​ពី​មាន​ឈ្មួញ​បាន​នាំ​ចូល​សត្វ​ប្រភេទ​នេះ​ពី​ប្រទេស​ជិតខាង​មក​ផ្គត់ផ្គង់​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា ពីព្រោះ​តែ​កន្ធាយ​ដែល​នាំ​ចូល​មាន​តម្លៃ​ទាប​ជាង​កន្ធាយ​ចិញ្ចឹម​ក្នុងស្រុក ។

បើ​តាម​លោក ហេង ម៉ា​រី​ណេ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​កន្ធាយ​នៅ​ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ហើយ​ក៏​ជា​អ្នកដឹកនាំ​សហគមន៍​ចិញ្ចឹម​កន្ធាយ​ក្នុង​មូលដ្ឋាន​ដែរ​នោះ​បានអោយ​ដឹង​ថា ​កាលពីមុន​សហគមន៍​បាន​ផ្គត់ផ្គង់​សត្វ​កន្ធាយ​ទៅ​កាន់​ទីផ្សារ​ក្នុងស្រុក​ស្ទើរតែ​ទាំងស្រុង ក្នុង​រង្វង់​ចូល​លាន​ក្បាល​កន្ធាយ​ក្នុង​មួយ​ឆ្នាំ​ៗ ។ ក៏​ប៉ុន្តែ​ដោយសារ​តែ​មានការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង ជា​ពិសេស​ការ​នាំ​ចូល​កន្ធាយ​ពី​ប្រទេស​វៀតណាម​ធ្វើ​អោយ​ទីផ្សារ​កន្ធាយ​របស់​ប្រជា​សហ​គន៍​បាន​ថយ​ចុះ​ ព្រោះតែ​មិន​អាច​ប្រកួតប្រជែង​ជាមួយ​កន្ធាយ​នាំ​ចូល​បាន ។

លោក​បាន​បន្ត​ថា « ជា​ការ​ពិត​ណាស់ កន្លង​ទៅ​របរ​កសិកម្ម​របស់​កសិករ​កម្ពុជា​យើង​ពិតជា​ពិបាក​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយនឹង​ប្រទេស​ជិតខាង​ណាស់ ទាំង​ការ​ចិញ្ចឹម​ជ្រូក មាន់ ទា​ជាដើម ព្រោះ​គេ​ចិញ្ចឹម​បាន​ច្រើន​ហើយ​លក់​ទៅ​វិញ​ក្នុង​តម្លៃ​ទាប​ជាង​កសិករ​កម្ពុជា​ដែល​ចិញ្ចឹម​បាន ដូច្នេះ​ឈ្មួញ​ក៏​ទៅ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​មក​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​ក្នុងស្រុក​វិញ​»​។

ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​កន្ធាយ បាន​បន្ថែម​ថា កាលពីមុន លោក​បាន​ចុះ​កិច្ចសន្យា​ជាមួយ​កសិករ​ចិញ្ចឹម​កន្ធាយ ដើម្បី​ទិញ​កន្ធាយ​ទាំងនោះ ដើម្បី​ទុក​ផ្គត់ផ្គង់​ទៅ​កាន់​ទីផ្សារ ដូច​ជា​ម្ចាស់​ភោជនីយដ្ឋាន​នានា​ក្នុង​ប្រទេស​កម្ពុជា ទាំង​ភោជនីយដ្ឋាន​ចិន និង​ខ្មែរ ក៏​ប៉ុន្តែ​បន្ទាប់​ពី​មានការ​ចូល​ជា​ហូរហែរ លោក​ក៏​ខកខាន​ក្នុង​ការ​ចុះ​កិច្ច​ជាមួយ​កសិករ​ហើយ​កសិករ​ខ្លះ​ក៏​ខ្វះ​ទុន​ក្នុង​ការ​ចិញ្ចឹម នឹង​ធ្វើ​អោយ​ពួក​គាត់​កាត់​បន្ថយ​បរិមាណ​ចិញ្ចឹម​ខ្លះ​ៗ​ទៅ ។

លោក​ហេង ម៉ា​រី​ណេ បាន​ត្អូញត្អែរ​ថា «​កាលពីមុន​កន្ធាយ​ដែល​យើង​លក់​ចេញ ក្នុង​តម្លៃ ១០​ដុល្លារ​មួយ​គីឡូក្រាម តែ​កន្ធាយ​នាំ​ចូល​បាន​លក់​ត្រឹម​៩​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ។ នៅ​ពេល​ឃើញ​ដូច្នេះ យើង​ក៏​បញ្ចុះ​មក​នៅ​ត្រឹម​៩​ដុល្លារ​ដែរ ហើយក​ន្ទា​យ​នាំ​ចូល​ក៏​បាន​បញ្ចុះតម្លៃ​មក​នៅ​ត្រឹម​៨​ដុល្លារ ធ្វើ​អោ​យក​ន្ទា​យរ​បស់​គេ​មាន​ទីផ្សារ​ជាង​យើង ដូច្នេះ​ហើយ​ទើប​យើង​បាន​បាត់បង់​ទីផ្សារ​ជាង​ពាក់ កណ្ដាល​ទៅ​ហើយ » ។

បើ​តាម​លោក សុធា ដែល​និយម​ពិសារ​កន្ធាយ​បាន​ឲ្យ​ដឹង​ថា លោក​មិន​ច្បាស់​ថា​កន្ធាយ​ដែល​លោក​តែងតែ​ទទួលទាន​នៅ​ហាង​មួយ​កន្លែង​ម្តុំ​ផ្លូវភ្លោះ​អូរ​ឬ​ស្ស៊ី ជា​កន្ធាយ​ចិញ្ចឹម​ក្នុងស្រុក ឬ​ក៏​នាំ​ចូល​នោះ​ទេ តែ​ម្ចាស់​ហាង​អះអាង​ថា​ជា​កន្ធាយ​ចិញ្ចឹម​ក្នុងស្រុក ។

លោក​បាន​បន្ត​ថា «​ការ​ពិត​ទៅ​កន្ធាយ​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​បងប្អូន​ខ្មែរ​និយម​ទទួលទាន​ខ្លាំង​ណាស់ ហេតុ​ដូច្នេះ​ហើយ​តម្លៃ​កន្ធាយ​ពេល​នេះ​គឺ​ឡើងថ្លៃ​ជាង​មុន​» ។ លោក សុធា បាន​បន្ត​ថា​តម្លៃ​កន្ធាយ​ទម្ងន់​ប្រហែល​មួយ​គីឡូ យក​ទៅ​ចំហុយ ឬ​ស្ងោរ​ស៊ុប គឺ​ពេញ​និយម​ណាស់ ហើយ​តម្លៃ​ឆ្នាំ​មុន​ៗ​មួយ​ក្បាល​តែ ៥​ម៉ឺន​រៀល​ទេ តែ​ឥឡូវនេះ​គឺ​តម្លៃ​ជាង៦​ម៉ឺន​រៀល​ក្នុង​មួយ​ក្បាល ។ យ៉ាងណាមិញ លោក​ក៏​ស្នើ​សុំ​ឲ្យ​ការ​លក់​កន្ធាយ​គួរតែ​ជា​កន្ធាយ​ចិញ្ចឹម​ដោយ​ពលរដ្ឋ​ខ្មែរ ពុំគួរ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ឡើយ ព្រោះ​កសិករ​ខ្មែរ​យើង​អាច​ចិញ្ចឹម​បាន ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ