ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ផ្ទះ​ធ្វើ​សកម្មភាព​រួច​ខំ​គេច​ពី​ភ្នំពេញ​ដល់​កំពង់ឆ្នាំង​ហើយ បែរជា​​ចប់​ត្រឹម GPS

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​មួយ​កន្លែង​លួច​យក​ម៉ូតូ​២​គ្រឿង ខណៈ​ម្ចាស់ផ្ទះ​មិន​នៅ​ជាប់រវល់​ទៅ​ខេត្តតាកែវ បន្ទាប់​មក​លួច​ម៉ូតូ​រួច​ក៏​ជិះ​គេចខ្លួន​ចេញពី​ភ្នំពេញ ឆ្ពោះទៅ​កាន់​ខេត្តកំពង់ឆ្នាំង ដោយ​ពុំ​ដឹង​ថា ម៉ូតូ​ទាំង​២​គ្រឿង​នោះ​មាន​១​គ្រឿង​ភ្ជាប់​ប្រព័ន្ធ​តាមដាន GPS…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​មួយ​កន្លែង​លួច​យក​ម៉ូតូ​២​គ្រឿង ខណៈ​ម្ចាស់ផ្ទះ​មិន​នៅ​ជាប់រវល់​ទៅ​ខេត្តតាកែវ បន្ទាប់​មក​លួច​ម៉ូតូ​រួច​ក៏​ជិះ​គេចខ្លួន​ចេញពី​ភ្នំពេញ ឆ្ពោះទៅ​កាន់​ខេត្តកំពង់ឆ្នាំង ដោយ​ពុំ​ដឹង​ថា ម៉ូតូ​ទាំង​២​គ្រឿង​នោះ​មាន​១​គ្រឿង​ភ្ជាប់​ប្រព័ន្ធ​តាមដាន GPS នោះ​ឡើយ​។ លុះ​ក្រោយមក​ម្ចាស់​ម៉ូតូ​ប្ដឹង​នគរបាល​ខណ្ឌដង្កោ និង​នគរបាល​ប៉ុស្តិ៍​ព្រៃ​ស ឲ្យ​ជួយ​អន្តរាគមន៍ ហើយ​លោក​អធិការ​នគរបាល​ខណ្ឌ ធ្វើការ​ស្រាវជ្រាវ​តាម​ប្រព័ន្ធ GPS នោះ រហូត​កំណត់​បាន​ទិស​ដៅ​ដែល​ជនសង្ស័យ​ទាំង​២​នាក់​កំពុង​គេចខ្លួន​។

សេចក្តីរាយការណ៍​បន្ត​ថា ខណៈនោះ​ក៏​បាន​ដេញ​តាម និង​សហការ​ជាមួយ​នគរបាល​នៃ​ស្នងការ​ដ្ឋាន​ខេត្តកំពង់ឆ្នាំង ធ្វើការ​ឃាត់ខ្លួន ព្រមទាំង​ដកហូត​យក​ម៉ូតូ​ប្រគល់​ជន​រង​គ្រោះ​វិញ​ផង​ដែរ​។ ការ​ចាប់ខ្លួន​នេះ ធ្វើ​ឡើង​កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ខាង​មុខ​សាលាខេត្ត​កំពង់ឆ្នាំង ស្ថិត​ក្នុងភូមិ​ប្អេ​រ សង្កាត់​ប្អេ​រ ក្រុង​កំពង់​ឆ្នាំង ខេត្តកំពង់ឆ្នាំង​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ទាំង​២​នាក់​នាក់​ខាងលើ ម្នាក់​ឈ្មោះ ព្រីង រ​ដ្ឋា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ជាង​បាញ់ថ្នាំ​ម៉ូតូ មាន​ទីលំនៅ​ផ្ទះ​៤៩ ផ្លូវ​២៦១ ភូមិ​១៣ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក និង​ម្នាក់​ទៀត​ឈ្មោះ រិ​ន គ​ន្ធា​រ័ក្ស ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​លេខ​១៩ ផ្លូវលំ ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ក្រៅពី​ការ​ដកហូត​ម៉ូតូ​ដែល​លួច​បាន​ហើយ នគរ​បាល​ក៏​បាន​ដកហូត​ទួន​ណា​វី​ស​១, អាវ​ខ្មៅ​ដៃ​វែង​ជាប់​មួក​១, ទូរស័ព្ទ​ដៃ​២​គ្រឿង និង​កាបូប​ចំនួន​១​ផង​ដែរ​។ ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ​គាស់​ផ្ទះ​ចូល​លួច​យក​បាន​នោះ​១​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1FN-9874 ដែល​មាន​ភ្ជាប់​ប្រព័ន្ធ​តាមដាន GPS រីឯ​១​គ្រឿង​ទៀត​ម៉ាក Honda Zoomer-X ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1GB-5331 ដែល​ជា​កម្មសិទ្ធិ​របស់​បុរស​ម្នាក់​ឈ្មោះ អេ​ង វណ្ណ​ឆាវ អាយុ​២៨​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឆ្នោត​ខ្មែរ មាន​​ទីលំនៅ​ផ្ទះ​លេខ​១១៤ ផ្លូវ​លេខ​២០ បុរី​ពិភព​ថ្មី ក្នុងភូមិ​ប្រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។

នគរបាល​បាន​ប្រាប់​ថា មុន​កើតហេតុ កាលពី​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​០១ ខែកក្កដា បុរស​រង​គ្រោះ​បាន​ទុក​ម៉ូតូ​ចំនួន​៣​គ្រឿង រួម​មាន​ម៉ូតូ​ទាំង​២​គ្រឿង​ខាងលើ និង​ម៉ូតូ​១​គ្រឿង​ទៀត ម៉ាក Honda CD ពណ៌​ខ្មៅ (​ម៉ូតូ​ចាស់​) នៅ​ក្នុងផ្ទះ ដោយ​បាន​បិទទ្វារ​ចាក់សោរ​ត្រឹមត្រូវ​។ បន្ទាប់​មក​គាត់​បាន​នាំ​ក្រុម​គ្រួសារ​ធ្វើ​ដំណើរ​ចាកចេញ​ទៅ​លេង​ខេត្តតាកែវ ហើយ​ពុំ​មាន​អ្នក​ណា​នៅ​ចាំផ្ទះ​ឲ្យ​ឡើយ លុះ​​រហូត​ដល់​ម៉ោង​៦​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​៣ ខែកក្កដា ទើប​ចាក​ចេញពី​ខេត្តតាកែវ ត្រឡប់​មក​ផ្ទះ​វិញ ។

នគរបាល​បន្ត​ថា ខណៈនោះ​ស្រាប់តែ​ឃើញ​ទ្វារផ្ទះ​ចំហរ និង​មានការ​មួល​វី​ស​ដោះ​កញ្ចក់​ទ្វារ​ចេញ​អស់​១​ផ្ទាំង ហើយ​ក៏​ប្រទះ​ឃើញ​ថា ម៉ូតូ​ម៉ាក Honda CD ពណ៌​ខ្មៅ (​ម៉ូតូ​ចាស់​) ទុក​ចោល​នៅ​ខាង​មុខ​ផ្ទះ​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​ជន​រង​គ្រោះ ក៏​បាន​ដើរ​ចូល​ទៅ​មើល​នៅ​ក្នុងផ្ទះ​ឃើញ​មានការ​រើ​កកាយ​អីវ៉ាន់​នៅ​ក្នុងផ្ទះ​រប៉ាត់រប៉ាយ ហើយ​ក៏​បាត់​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច និង​ម៉ូតូ​ម៉ាក​H onda Zoomer-X មិនឃើញ​ឡើយ ទើប​គាត់​ទៅ​ប្ដឹង​នគរបាល​ប៉ុស្តិ៍​ព្រៃ​ស និង​នគរបាល​ខណ្ឌដង្កោ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​តែ​ម្តង ។

ភ្លាម​ៗ​នោះ​លោក​អធិការ​នគរបាល​ខណ្ឌដង្កោ ក៏​ដឹកនាំ​កម្លាំង​ចេញ​ធ្វើការ​ស្រាវជ្រាវ​តាម​រយៈ​ប្រព័ន្ធ​តាមដាន GPS ដែល​មាន​ភ្ជាប់​នៅ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ។ ពេល​នោះ​បានដឹង​ពី​ទិស​ដៅ​ដែល​ជនសង្ស័យ​ទាំង​២​នាក់​កំពុង​ជិះ​គេចខ្លួន​តាម​ផ្លូវជាតិ​លេខ​៥ ចេញពី​ភ្នំពេញ​ឆ្ពោះទៅ​កាន់​ខេត្តកំពង់ឆ្នាំង ហើយ​កម្លាំង​ក៏​បាន​ដេញ​តាម និង​សុំ​ការ​សហការ​ពី​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ផង​ដែរ​។

ប្រភព​ខាងលើ​បញ្ជាក់​បន្ថែម​ថា ក្រោយ​ពេល​ដេញ​តាម​ទៅ​ដល់​ត្រង់​ចំណុច​ខាង​មុខ​សាលាខេត្ត​កំពង់ឆ្នាំង ស្ថិត​ក្នុងភូមិ​ប្អេ​រ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់​កំពុង​ជិះ​ម៉ូតូ​ដែល​លួច​បាន​នោះ ទើប​កម្លាំង​ទាំងអស់​ឡោម​ព័ទ្ធ​ចាប់ខ្លួន​បាន​ភ្លាម​ៗ​តែ​ម្តង ព្រម​ទាំង​ដកហូត​ម៉ូតូ​ទាំង​២​គ្រឿង​នោះ​មក​វិញ​។

បន្ទាប់​មក​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​នាំ​យក​ត្រឡប់​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​វិញ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ចំណែក​ជន​រង​គ្រោះ​ក៏​បាន​ដាក់​ពាក្យបណ្ដឹង​ចោទប្រកាន់​ទៅ​លើ​ជនសង្ស័យ​នោះ​ហើយ​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ