ប្រាសាទត្រពាំងប្រាសាទ​ខាងត្បូង រង​ការ​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង (​វី​ដេ​អូ​)


ខេត្តឧត្តរមានជ័យ ៖ លោក​ព្រហ្ម សា​រឿ​ន ប្រធាន​ការិយាល័យ​បេតិកភណ្ឌ​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត និង​យោង​តាម​ការ​ចង្អុលបង្ហាញ​ពី​លោក​ម៉ែ​ន លី ស្នងការ​ខេត្ត បាន​ដាក់​បទបញ្ជា​ឱ្យ​លោក​ខិតខំ​ធ្វើការ​ស្រាវជ្រាវ​ទៅ​តាម​រចនា​បទ​ប្រាសាទ​នីមួយ​ៗ រួម​ទាំង​បេតិកភណ្ឌ​ជា​ទ្រព្យ​សម្បត្តិ​ជាតិ ត្រូវ​តែ​ថែរក្សា និង​ការពារ​រាល់​សកម្មភាព​ជនខិលខូច​ជីក​កកាយ​នៅ​តាម​ប្រាសាទ និង​តំបន់​ទីទួល​បុរាណ​ផង​ដែរ​។

ក្រោយ​ពី​បាន​ធ្វើការ​ស្រាវជ្រាវ លោក​បាន​មាន​ប្រសាសន៍​ថា ប្រាសាទត្រពាំងប្រាសាទ​ខាងត្បូង មាន​ប្រាង្គ​ចំនួន​៣​សង់​បែរមុខ​ទៅ​ទិស​ខាងកើត លើ​ខឿន​តែ​មួយ​រត់​តាម​អក្សរ​ពី​ជើង​ទៅ​ត្បូង ។ ប្រាង្គ​ទាំង​៣​នេះ សង់​ពី​ឥដ្ឋ និង​ថ្មភក់ មាន​៤ ក្នុង​នោះ​ទ្វារ​ពិត​បែរ​ទៅ​ទិស​ខាងកើត ឯ​ទ្វារ​៣​ផ្សេង​ៗ​ទៀត​ជា​ទ្វារ​បញ្ជោត ហើយ​ប្រាសាទ​នេះ​មាន​លម្អ​ដោយ​ក្បូរ​ក្បាច់រចនា​យ៉ាង​ល្អ​វិចិត្រ​នៅ​លើ​ផ្នែ​គ​សសរ​ពេជ្រ​ក្រប ឯ​ទ្វារ និង​ខឿន​ផ្នែក​ខាងក្រោម នៅ​ជ្រុង​អាគ្នេយ៍​នៃ​ប្រាង្គ​ទាំង​៣ យើង​ឃើញ​មាន​បណ្ណាល័យ​មួយ​ដែល​សង់​អំពី​ឥដ្ឋ​។

លោក​បន្ត​ថា ប្រាសាទ​នេះ​មា​នក​សិន្ទ និង​កំពែង​ធ្វើ​ពី​ថ្មបាយក្រៀម​ព័ទ្ធ​ជុំវិញ ហើយ​គោ​បុ​រៈ​មាន​ចំនួន​៤ ធ្វើ​អំពី​ថ្មភក់ ឥដ្ឋ​នឹង​ថ្មបាយក្រៀម​នៅ​ពីមុខ​ប្រាសាទ​មាន​ស្រះ​ធំ​មួយ ដែល​មាន​ទំហំ​៣៥០​​ម៉ែត្រ បណ្តោយ​១៩០​ម៉ែត្រ មានទឹក​នៅ​ក្នុង​រដូវវស្សា ។ តាម​ការ​សិក្សា​លើ​ការ​រៀបចំ​ប្លង់ និង​ក្បាច់លម្អ ផ្សេង​ៗ​ដែល​នៅ​សេសសល់ យើង​អាច​សនិដ្ឋាន​បាន​ថា ប្រាសាទត្រពាំងប្រាសាទ​ខាងត្បូង ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​សតវត្ស​ទី​១១ ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១ (១០០២-១០៥០) ស្ថិត​ក្នុង​រចនាបថ​ឃ្លាំង ហើយ​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​សិវៈ ព្រោះ​យើង​ឃើញ​នូវ​បំណែក​សិវៈ​សេសសល់​នៅ​ក្នុង​ប្រាសាទ​។

លោក​បាន​បន្ត​ថា ប្រាសាទ​ខាងត្បូង បាន​រង​ការ​ខូចខាត​យ៉ាង​ខ្លាំង ក្នុង​នោះ​ប្រាង្គ​សំខាន់​ពី​ខាង​ជើង និង​ខាងលិច​បាន​បាក់​រលំ និង​ប្រេះ​សាច់​ជញ្ជាំង​ចេញពី​គ្នា ឯ​ប្រាង្គ​កណ្តាល​រលុះ​ដំបូល​ធ្លាក់​ឥដ្ឋ​មក​ខាងក្រោម ហើយ​ខឿន​គោ​បុ​រៈកំ​ពែង និង​បណ្ណាល័យ​ក៏​រង​ការ​ខូចខាត​ខ្លាំង​ផង​ដែរ​។
ប្រាសាទ​​ខាងលើ​នេះ ក៏​ធ្លាប់​បាន​ធ្វើការ​អភិរក្ស​សង្គ្រោះ​បន្ទាន់​ម្តង​រួច​មក​ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៧ ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នៅ​ប្រាង្គ​កណ្តាល និង​ប្រាង្គ​ខាងលិច ដើម្បី​ពង្រឹង​ចំណុច​ដែល​ងាយ​បាក់​ស្រុត និងរ​លំដោយ​យថាហេតុ​ណាមួយ​។

លោក​មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រាសាទត្រពាំងប្រាសាទ​ខាងត្បូង​នេះ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ខណៈ​នេះ​ប្រជាពលរដ្ឋ​អ្នក​ភូមិ​អ្នកស្រុក​នៅ​តែ​មាន​ជំនឿ ។ នា​ពេល​បច្ចុប្បន្ន​ជា​កន្លែង​ស័​ក្កិ​សិទ្ធិ និង​ជាទី​ជ្រះថ្លា​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ រួម​ទាំង​អ្នក​ធ្វើ​ដំណើរ​មក​ពី​ទី​ជិត​ទី​ឆ្ងាយ ដោយ​មានការ​គោរព​បូជា​បែប​អរូបី​យ៍​សំណាក​ដែល​តម្កល់​នៅ​ទីនោះ​តំណាង​ឱ្យ​លោកយាយ ម៉ៅ ហើយ​ពួក​គាត់​តែងតែ​នាំ​គ្នា​មក​បន់ស្រន់ បួងសួង​សុំ​សេចក្តីសុខ​សប្បាយ និង​ជម្រះ​មន្ទិល​ទាំងឡាយ ទាំងពួង​នៅ​ក្នុង​ប្រាសាទ មាន​ពេល​ខ្លះ​ក៏​មាន​ថ្វាយ​ភ្លេងពិណពាទ្យ​ដល់​ប្រាសាទ​ផង​ដែរ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ