អ្នកមាន​ស្តុកស្តម្ភ​កំពុង​តែ​ត្រៀមខ្លួន​សម្រាប់​ការ​ផ្ទុះ​កូ​វី​ដ ១៩ បន្ទាប់​យ៉ាងដូចម្តេច?


ក្នុង​ពេល​ដែល​ពិភពលោក​កំពុង​ប្រឈម​មុខ​នឹង​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ អ្នកមាន​ស្តុកស្តម្ភ​បាន​ចំណាយ​លុយ​ដើម្បី​ប្តូរ​យក​ភាព​ស្ងប់​អារម្មណ៍​វិញ​តាម​រយៈ​ការ​ហោះហើរ​លើ​យន្តហោះ​ផ្ទាល់ខ្លួន ធ្វើ​ដំណើរ​តាម​នាវា​ឯកជន និង​ការ​រស់នៅ​បន្ទប់ក្រោមដី​ជាដើម ។

ហើយ​យោង​ទៅ​តាម Business Insider បាន​ឲ្យ​ដឹង​ថា អ្នកមាន​ទាំងនេះ​ក៏​មាន​ផែនការ​ត្រៀមខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​ផ្ទុះ​ជំងឺ​នៅ​ថ្ងៃ​អនាគត​ដែរ ។

ក្នុង​ពេល​ដែល​វិស័យ​អាកាសចរណ៍​ទទួល​រង​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ព្រោះតែ​កូ​វី​ដ ១៩ វិស័យ​ហោះហើរ​ឯកជន​បែរជា​មើលឃើញ​ការ​លូតលាស់​ទៅ​វិញ ។ លោក ផាត​ទ្រី​ក ហ្គា​លា​ហឺ (Patrick Gallagher) ដែល​ជា​ប្រធាន​របស់​ក្រុមហ៊ុន NetJets បាន​ប្រាប់​មក​ថា ប្រសិនបើ​អ្នកជា​មនុស្ស​ដែល​មាន​បញ្ហា​សុខភាព​ស្រាប់ និង​មិន​អាច​ធ្វើការ​ហោះហើរ​តាម​យន្តហោះ​ធម្មតា​បាន វា​ជា​អ្វី​ដែល​អ្នក​ត្រូវ​តែ​ធ្វើ​ប្រសិនបើ​អ្នក​ចង់​ឃើញ​ចៅ ឬ​ចង់​ប្តូរ​ទីតាំង​ទៅ​ស្នាក់​នៅផ្ទះ​វិស្សមកាល​ផ្សេង​ៗ ។

ខណៈ​ដែល​នាវា​ធំ​ៗ​បាន​ក្លាយជា​កន្លែង​ដែល​បង្ក​ឲ្យ​មានការ​រាត​ត្ប​ង​ជំងឺ​កូ​វី​ដ ១៩ ច្រើន​ជាងគេ នាវា​ឯកជន​នៅ​តែ​ជា​វិធី​ល្អ​សម្រាប់​អ្នកមាន​ស្តុកស្តម្ភ​ក្នុង​ការ​ផ្តាច់ខ្លួន​ពី​អ្នក​ដទៃ ។

ក្រុមហ៊ុន Burgess Yacths បាន​រៀបចំ​កម្មវិធី​ជា​ច្រើន​សម្រាប់​មនុស្ស​ទាំងនេះ​តាំងពី​ពេល​មានការ​ផ្ទុះ​ជំងឺ​ដំបូង ។ លោក ថន​ណា​ថេ​ន បេ​កេ​ត (Jonathan Beckett) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​នេះ​បាន​ប្រាប់​មក​ថា នាវា​ទាំងនេះ​មាន​ស្តុក​នូវ​សម្ភារ​ប្រើប្រាស់ និង​អាហារ​សម្រាប់​ជា​ច្រើន​ខែ ហើយ​ថែម​ទាំង​មាន​ផ្តល់​សេវា​បង្រៀន​កូន​ៗ និង​ចុងភៅ​បង្រៀន​ធ្វើ​ម្ហូប​ថែម​ទៀត ។

ក្នុង​ការ​ត្រៀមខ្លួន​សម្រាប់​ការ​ផ្ទុះ​ជំងឺ​នៅ​ថ្ងៃ​អនាគត ក្រុម​គ្រួសារ​អ្នកមាន​ដទៃ​បាន​ជ្រើសរើស​បន្ទប់ក្រោមដី​សម្រាប់​ការពារ​ពួក​គេ​ពី​ការ​គម្រាមកំហែង​ទាំងអស់​ទៅ​វិញ ។ លោក រ៉ូ​បឺត វី​ស៊ី​ណូ (Robert Vicino) ដែល​ជានា​យក​ប្រតិបត្តិ​របស់ Vivos Group បាន​ប្រាប់​ដល់ Business Insider ថា​លោក​មើលឃើញ​ការ​លក់​បន្ទប់ក្រោមដី​កើនឡើង​បន្ទាប់​ពី​មានការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ។

លោក​បាន​ប្រាប់​មក​ថា កូ​វី​ដ ១៩ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ផ្ញា​ក់​ខ្លួន​ថា ពួក​គេ​មិន​ទាន់​មាន​អ្វី​ដែល​អាច​ការពារ​ពួក​គេ​ពី​ជំងឺ​ទាំងនេះ​បាន​ឡើយ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ