គងពាក់កណ្តាលវង់ជាឧបករណ៍តន្ត្រីមួយប្រភេទដែលមានតែឈ្មោះ និងរូបសំណាកជាប់នឹងជញ្ជាំងប្រាសាទអង្គរវត្តតែប៉ុណ្ណោះ ។ ឧបករណ៍នេះពុំមានវត្តមានក្នុងសង្គមកម្ពុជាបច្ចុប្បន្នទេ មូលហេតុមកពីកត្តាច្រើនដូចជា តាមកត្តាប្រវត្តិសាស្ត្រឱ្យដឹងថា បន្ទាប់ពីរាជស្តេចសូរ្យវរ្ម័នទី២ អធិរាជខ្មែរត្រូវបានចុះថយ ទីក្រុងអង្គរត្រូវបានលួចប្លន់បំផ្លិចបំផ្លាញខ្ទេចខ្ទីដោយខ្មាំងចាមមកពីទិសខាងកើតក្នុងឆ្នាំ១១៧៧ ។ ប្រទេសជាតិត្រូវបានប្រមូលផ្តុំបង្រួបបង្រួមពង្រីកអំណាចខ្លួនឡើងវិញ ក្នុងរាជ្យស្តេចជ័យវរ្ម័នទី៧ (១១៨១-១២១៩) ប៉ុន្តែក្រោយចូលទីវង្គត់របស់ស្តេចជ័យវរ្ម័នទី៧ (១២១៩) មក ថៃបានធ្វើការឈ្លានពានពីខេត្តមួយទៅខេត្តមួយជាបន្តបន្ទាប់ រហូតដល់ក្នុងឆ្នាំ១៣៥៣ ទីក្រុងអង្គរត្រូវខ្មាំងថៃ មកពីទិសខាងលិច ចូលវាយលុកលួចប្លន់បំផ្លិចបំផ្លាញ កាប់សម្លាប់ដឹកជញ្ជូនម្តង ។
ក្នុងឆ្នាំ១៤១៧ ខ្មាំងថៃ ចូលវាយលុកលួចប្លន់ទ្រព្យសម្បត្តិ កាប់សម្លាប់ដុតបំផ្លាញម្តងទៀត ។ ទីក្រុងអង្គរត្រូវដួលរលំទាំងស្រុងក្នុងឆ្នាំ១៤៣១ ដោយសារខ្មាំងថៃឈ្លានពាន ។ ប្រជាជនកម្ពុជានៅសល់ប្រហែល៨០០.០០០នាក់ ត្រូវបានជនជាតិថៃកៀរយកទៅអប់រំកៀបសង្កត់ធ្វើបាបនៅឯទីក្រុងអាយុធ្យា (Ayuthaya) ។
ដោយសារការឈ្លានពានវាយលុកលួចប្លន់ទ្រព្យសម្បត្តិ កាប់សម្លាប់ដុតបំផ្លិចបំផ្លាញដល់ឫសគល់លើគ្រប់វិស័យរបស់ខ្មាំងថៃច្រើនលើកច្រើនសា ធ្វើឱ្យខ្មែរធ្លាក់ចូលក្រខ្សត់រហូតមកដល់បច្ចុប្បន្ននេះ ។ ដូច្នេះហើយបានជាឧបករណ៍នេះ ត្រូវបាត់សូន្យឈឹងពីសង្គមកម្ពុជាតាំងពីសម័យក្រោយអង្គរមកម៉្លេះ ។
តាមបន្ទូលរបស់សម្តេចសង្ឃរាជជួន ណាត ក្នុងឆ្នាំ១៩៦៥ថា «គងពាក់កណ្តាលវង់មានសកម្មភាពខ្លាំងក្លាតាំងពីមុនសម័យអង្គរមកម៉្លេះ គឺក្នុងសម័យចិនឡា គងនេះប្រើប្រាស់សំរាប់ក្នុងពិធីលើកសព ដង្ហែសព ជាមួយឧបករណ៍ស្រឡៃ និងស្គរស្ពាន់ ។ គងពាក់កណ្តាលវង់មានផ្លែសំនៀងរាងមូលដូចផ្លែសំនៀងគងវង់យើងសព្វថ្ងៃនេះ ធ្វើដោយជាតិលង្ហិន មានផ្លែតែ៨ ឬ៩ទេ»៕
ចែករំលែកព័តមាននេះ