ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ច្រក​ល្អៀង​» ​ទៅ​ម្តង​ហើយ​ចង់ទៅ​ម្តងទៀត

3 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​៖ ច្រក​ល្អៀង​ជា​រមណីយដ្ឋាន​បែប​ផ្សងព្រេង​នៅ​ខេត្តពោធិ៍សាត់ បើ​បាន​ទៅ​ដល់ទី​នោះ​ហើយ ប្រាកដជា​មិន​ចង់​វិល​ត្រឡប់​មក​វិញ ឬ​ក៏​មក​វិញ​ហើយ​ចង់​វិល​ត្រឡប់​ទៅ​ម្តងទៀត ។ លោក​ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​នៃ​ក្រសួងទេសចរណ៍​បាន បង្ហាញ​មោទនភាព​នៃ​សក្កា​នុ​ពល…

ខេត្តពោធិ៍សាត់​៖ ច្រក​ល្អៀង​ជា​រមណីយដ្ឋាន​បែប​ផ្សងព្រេង​នៅ​ខេត្តពោធិ៍សាត់ បើ​បាន​ទៅ​ដល់ទី​នោះ​ហើយ ប្រាកដជា​មិន​ចង់​វិល​ត្រឡប់​មក​វិញ ឬ​ក៏​មក​វិញ​ហើយ​ចង់​វិល​ត្រឡប់​ទៅ​ម្តងទៀត ។

លោក​ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​នៃ​ក្រសួងទេសចរណ៍​បាន បង្ហាញ​មោទនភាព​នៃ​សក្កា​នុ​ពល ក៏​ដូច​ជា​សម្រស់​ឥត​ខ្ចោះ​របស់​រមណីយដ្ឋាន​បែប​ផ្សង ព្រេង​ច្រក​ល្អៀង នៅ​ខេត្តពោធិ៍សាត់ ។ លោក​បញ្ជាក់​ថា សម្រស់​ធម្មជាតិ​នៅ​ទីនោះ​មិន​ងាយ​នឹង​រក​អ្វី​មក​ប្រៀបផ្ទឹម​បាន​ឡើយ ។

លោក​ជុក ជំនោរ បាន​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា រមណីយដ្ឋាន​ធម្មជាតិ សំខាន់​ៗ ក្នុង​ខេត្តពោធិ៍សាត់ មាន​ច្រើន​រាប់​មិន​អស់​… ប៉ុន្តែ​រមណីយដ្ឋាន​បែប​ផ្សេង​ព្រេង​ច្រក​ល្អៀង​អាច​ចាត់​ទុកជា​ផលិតផល​ទេសចរណ៍​ថ្មី​របស់​ខេត្ត​ភាគ​ខាងលិច​មួយ​នេះ ដែល​ពោរពេញ​ដោយ​សក្កា​នុ​ពល​មិន​អាច​ពិពណ៌នា​បាន ។ សម្រស់​ធម្មជាតិ​នៅ​ទីនោះ​ប្រាកដ​ណាស់​នឹង​ថ្ពក់​ចិត្ត​ភ្ញៀវ​ទេសចរ​ដែល​ទៅ​កាន់​ច្រក​ល្អៀង​មិន​ចង់​ត្រឡប់​មក​វិញ ហើយ​ចង់ទៅ​ម្តងទៀត​មិន​ខាន ។

គ្រាន់តែ​ទិដ្ឋភាព​នៃ​ទឹកជ្រោះ ឬ​ទឹកធ្លាក់​ពីលើ​កំពូលភ្នំ​ចុះ​មក​ក្រោម ដែល​បាចសាច​លាន់​ស្នូរ​សូរដូច​តូរ្យតន្ត្រី​ដែល​កវី​ចងក្រង​ជា​បទ​ចម្រៀង​លោម​ចិត្ត​ដ៏​ពីរោះ​រណ្តំ រងំ​នឹង​សំឡេង​សត្វ​បក្សាបក្សី​គ្រប់​ប្រភេទ ស្តាប់​ទៅ​ស​ងេះ​ស្រងោច​លន្លង់លន្លោច​ដែល​នឹង​អូស​ទាញអារម្មណ៍​ភ្ញៀវ​ទេសចរ​ហោះហើរ​ទៅ​កាន់​ឋាន​ដ៏​សុខសាន្ត​មួយ​មិន​នឹក​ស្មាន​ដល់ ។ ទឹកជ្រោះ​ដែល​បាន​ហូរ​កាត់​សហគមន៍​ច្រក​ល្អៀង​នោះ គឺ​មានទឹក​ខួបប្រាំងខួបវស្សា​មិន​រីក​ស្ងួត​ទេ ហើយ​ភ្ញៀវ​អាច​ចុះ​ងូតទឹក​លេង​ដោយ​សប្បាយ​រីករាយ​» ។

លោក​ប្រធាន​នាយកដ្ឋាន​ឲ្យ​ដឹង​ថា គ្រាន់តែ​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​ចូល​ទៅ​កាន់​រមណីយដ្ឋាន​ច្រក​ល្អៀង​នោះ​ពួក​គាត់​នឹង​ទទួល​បាន​នូវ​អារម្មណ៍​រំភើប​ភ្ញាក់ផ្អើល បាត់​ទៅ​ហើយ​ទៅ​នឹង​ទិដ្ឋ​ភាព​នៃ​ជួរ​ភ្នំក្រវាញ​ដ៏​វែង​អន្លាយ​គ្របដណ្តប់​ដោយ​រុក្ខជាតិ​ធម្មជាតិ​ពណ៌​ខៀវស្រងាត់​។ ច្រក​ល្អៀង​គឺជា​សហគមន៍​ដ៏​សំខាន់​មួយ​របស់​ខេត្តពោធិ៍សាត់​ក្រោម​កិច្ចសហការ​ដ៏​ល្អ​រវាង​ក្រសួង​បរិស្ថាន និង​ក្រុម​ជំនាញ​ក្រសួងទេសចរណ៍ និង​ក្រសួងបរិស្ថាន ហើយ​សហគមន៍​មួយ​នេះ​ដើរតួ​នាទី​ក្នុង​ការ​ណែនាំ​រួម​ទាំង​ជូន​ដំណើរ​ភ្ញៀវ​កម្សាន្ត​នៅ​ច្រក​ល្អៀង ។

លោក​ជុក ជំនោរ ឲ្យ​ដឹង​ថា សហគមន៍​ទេសចរណ៍​ច្រក​ល្អៀង​នឹង​បង្ហាញផ្លូវ​តាម​មាត់ជ្រោះ ឬ​មាត់​ស្ទឹង​ដល់​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​បែប​ផ្សងព្រេង​ផង​ដែរ ។ ទីនោះ​មានការ​ផ្គត់ផ្គង់​ម្ហូបអាហារ​ដ៏​សមរម្យ​ពី​បងប្អូន​សហគមន៍​ថែម​ទៀត ។ ទន្ទឹម​នោះ​យើង​ក៏​កំពុង​សហការ​ជាមួយ​ក្រសួងបរិ​ស្ថាន ដើម្បី​រៀបចំ​ជា​ផ្ទះសំណាក់​សហគមន៍​សម្រាប់​ភ្ញៀវ​ទេសចរ​ផង​ដែរ ។

ប្រភព​ដដែល​បញ្ជាក់​ថា រាល់​ភ្ញៀវ​ទេសចរ​បែប​ផ្សងព្រេង​ដែល​ទៅ​កាន់​ទីនោះ គឺ​មិន​អាច​ឲ្យ​ពួក​គាត់​ធ្វើ​ដំណើរ​ដោយ​ខ្លួនឯង​នោះ​ទេ ព្រោះ​ពួក​គាត់​ម្យ៉ាង​មិនសូវ​ស្គាល់​តំបន់​នោះ ហើយ​ម្យ៉ាង​ទៀត​ពួក​គាត់​អាច​នឹង​វង្វេងផ្លូវ ឬ​ក៏​ជួប​ហានិភ័យ​គ្រោះថ្នាក់ ផ្សេង​ៗ​ជាយថាហេតុ ដូច្នេះ​ត្រូវ​តែ​មានការ​ណែ​ការ​ណែនាំ​រួម​ទាំង​ជូន​ដំណើរ​ពី​បងប្អូន​ប្រជា​សហគមន៍ ។ ភ្ញៀវ​ទាំងអស់​ដែល​ចង់ទៅ​កាន់​តំបន់​ច្រក​ល្អៀង​ជាបឋម​ត្រូវ​ទាក់ទង​ជាមួយ​ប្រជា​សហគមន៍ ជា​មុន​សិន ។

មិន​លើកទឹកចិត្ត​ចំពោះ​ភ្ញៀវ​ទេសចរ​បែប​ផ្សងព្រេង ហើយ​ធ្វើ​ដំណើរ​ដោយ​ខ្លួនឯង និង​មិន​ប្រាប់​សហគមន៍​នោះ​ទេ ។ ប៉ុន្តែ​យើង​ក៏​មិន​អាច​រារាំង​ពួក​គាត់​នោះ​ដែរ ប្រសិនបើ​ពួក​គាត់​នៅ​តែ​មានះ​ចង់ទៅ​ដោយ​មិន​ប្រាប់​សហគមន៍ តែ​ពួក​គាត់​ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង ប្រសិនបើ​ជួប​បញ្ហា​ជាយថាហេតុ ។

លោក​ជុក ជំនោរ បាន​ឲ្យ​ដឹង​ថា ចាប់ពី​ខែឧសភា ឆ្នាំ​២០២០ មក​កំណើន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​មាន​សន្ទុះ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​នោះ​ភាគច្រើន​តំបន់ឆ្នេរ និង​តំបន់​រមណីយដ្ឋាន​ធម្ម​ជាតិ ហើយ​ប្រសិនបើ​ស្ថានភាព​នៃ​ជំងឺឆ្លង​កូ​វី​ដ​១៩ កាន់តែ​ធូរស្រាល​មែនទែន​នោះ កំណើន​ភ្ញៀវ​ទេសចរណ៍​សំខាន់​ទេសចរណ៍​ក្នុងស្រុក​នឹង​មានការ​កើនឡើង​ខ្ពស់​មិន​ខាន ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ