ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាយ​វប្បកម្ម​នៅ​តែ​រៀប​ជើង​ព្រួល​សម្រាប់​​សុ​ី​ហ្គេ​ម​2023

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ខាង​មុខ គណៈកម្មាធិការ ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា SEA GAMES លើក​ទី​៣២ ឆ្នាំ​២០២៣​មួយ​នេះ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ខាង​មុខ គណៈកម្មាធិការ ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា SEA GAMES លើក​ទី​៣២ ឆ្នាំ​២០២៣​មួយ​នេះ ដែល​មានឈ្មោះ​ថា “CAMSOC” បាន​សម្រាំង​យក​ប្រភេទ​កីឡា​ដែល​មាន​សក្ដានុពល​រួច​អស់ហើយ ដើម្បី​ដាក់​ជា​ប្រភេទ​កីឡា​ដែល​កម្ពុជា​បើក​ប្រកួត​ដណ្ដើម​យក​មេដាយ នៅ​ក្នុង​ការ​រៀបចំ​នោះ​។

ប៉ុន្តែ​ក៏​មាន​១៣​ប្រភេទ​កីឡា​ស្ថិត​ក្នុង​ជម្រើសជា​កីឡា​បម្រុង​ដើម្បី​ដាក់​ប្រកួត​ក្នុង​នោះ​ក៏​មាន​កីឡា​កាយ​វប្បកម្ម​ផង​ដែរ ។ ទោះបី​យ៉ាងណា កីឡាករ​កាយ​វប្បកម្ម​ដែល​ត្រូវ​បាន​ថ្នាក់លើ​ដាក់​ក្នុង​ជម្រើស​ជា​កីឡា​បម្រុង​នៅឡើយ​បាន​ប្រកាស​ថា នឹង​ប្រឹង​ឱ្យ​អស់​លទ្ធភាព​ក្នុង​ការ​ហ្វឹកហាត់ បើ​ទោះ​មិន​ទាន់​ច្បាស់លាស់​ក្នុង​ការទទួល​បាន​ឱកាស​ចូលរួម​ប្រកួត​ស៊ី​ហ្គេ​ម​ឆ្នាំ២០២៣​ក៏​ដោយ​។

យោង​តាម​តារាង​កំណត់​សហព័ន្ធ​កីឡាជាតិ​ប្រចាំឆ្នាំ​២០២០ សម្រាប់​ត្រៀម​បញ្ចូល​ក្នុង កម្មវិធី​ប្រកួត​ស៊ីហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣ ប្រទេស​កម្ពុជា​ត្រៀម​ដាក់​កីឡា​៣២​ប្រភេទ​ចូលរួម និង​១៣​ប្រភេទ​កីឡា ត្រៀម​បម្រុង​បញ្ជូន ដោយ​បែងចែក​ជា​៣​ចំណុច​ធំ​ៗ រួម​មានកីឡា​១៧​ប្រភេទ​ស្ថិត​ក្នុង​ប្រភេទ​កីឡា​មាន សក្ដានុពល និង​មាន​ប្រជាប្រិយ​ខ្ពស់ ហើយ កីឡា​១៥​ប្រភេទ​ស្ថិត​ក្នុង​ប្រភេទ​កីឡា​មាន សក្ដានុពល​មធ្យម និង​កីឡា​១៣​ប្រភេទ​ស្ថិត​ក្នុង ប្រភេទ​កីឡា​មាន​សក្ដានុពល​ទាប ក៏​ជា​កីឡា ត្រៀម​បម្រុង​ដែរ ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​មាន​ប្រសាសន៍​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣ (CAMSOC) បាន​សម្រេច​ដាក់​១៣​ប្រភេទ កីឡា​ត្រៀម​បម្រុង​បញ្ចូល​ការ​ប្រកួត​ស៊ីហ្គេម២០២៣ ក្រោយ​ពី​កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​។

កីឡា​កាយ​វប្បកម្ម​ដែល​កន្លង​មក​ក៏​ដណ្ដើម​បាន​មេដាយ​អន្តរជាតិ​ផង​ដែរ បាន​ត្រឹមតែ​ស្ថិត​ក្នុង​បញ្ជី​ជា​កីឡា​បម្រុង​ដែល​មិន​ទាន់​ច្បាស់​ថា តើ​នឹង​បាន​ប្រកួត ឬ​អាច​ត្រឹមតែ​បម្រុង​ដោយ​មិន​បាន​ចូលរួម​នោះ​ទេ ប៉ុន្តែ​កីឡាករ​ទាំងអស់​របស់​សហព័ន្ធ​មួយ​នេះ​នៅ​តែ​ប្រកាស​ពី​ការ​ត្រៀមខ្លួន ។ លោក​ថា កីឡា​ដែល​បាន​ជម្រើស​ហើយ នឹង​ត្រូវ​បញ្ជូន​អត្ត​ព​លិ​ក​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ដើម្បី​ពង្រឹងគុណភាព​បច្ចេកទេស​របស់​អត្ត​ព​លិ​ក​ជម្រើសជាតិ​កម្ពុជា​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ។ លោក​ថា សម្រាប់​កីឡា​បម្រុង​ក៏​នឹង​ត្រូវ​បញ្ជូន​អត្ត​ព​លិ​ក​ឱ្យ​ចេញ​ទៅ​ហ្វឹកហាត់​ត្រៀម​ដែរ​។

លោក សំ សុខ​យី អគ្គលេខាធិការ សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​កម្ពុជា ក៏​បាន​ប្រាប់ ឲ្យ​ដឹង​ដែរ​ថា សហព័ន្ធ​បាន​ត្រៀម​កីឡាករ កីឡាការិនី រួច​ជា​ស្រេច សម្រាប់​ចេញ​ទៅ ហ្វឹកហាត់​នៅ​ប្រទេស​ចិន ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សហព័ន្ធ​កំពុង​ត្រៀម​បញ្ជូន កីឡាករ​-​កីឡា ការិនី​៣​នាក់ ចេញ​ទៅ​ហ្វឹក​ហាត់​នៅ​ប្រទេស​កូរ៉េ ខាងត្បូង ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​កីឡា អូ​ឡាំ​ពិ​ក​រដូវរងា ២០២២ នៅ​ទីក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន​ផង​ដែរ ។

លោក​បន្ត​ថា វិញ្ញាសា​លើក​សាច់ដុំ កម្ពុជា​មិន​ប្រាកដ​ថា​នឹង​ចាញ់​ប្រៀប​គេ​នោះ​ទេ បន្ទាប់​ពី​ក្នុង​សហព័ន្ធ​កាន់តែ​មានការ​យកចិត្តទុកដាក់​ច្រើន​ឡើង​លើ​ការ​ហាត់ប្រាណ​យក​សាច់ ហើយ​ជា​លទ្ធផល​គឺ​អ្នក​ប្រឹងប្រែង​ទាំងនោះ​មាន​រូបរាង​ត្រូវ​ខ្នាត​។

ក្នុង​នោះ​សហព័ន្ធ​ក៏​បាន​ត្រៀមខ្លួន​ក្នុង​ការ​បណ្ដុះ​អ្នកឯកទេស​ច្រើន​នាក់ ដើម្បី​ចូលរួម​ការ​ប្រកួត​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ​ផង​ដែរ ទើប​លោក​ថា កីឡា​មួយ​នោះ គឺ​មាន​កម្លាំង​គ្រប់គ្រាន់​នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​មខាង​មុខ​។

លោក​បន្ត​ថា កីឡាករ​សុទ្ធតែ​បាន​ត្រៀមខ្លួន ហើយ​បើ​ទោះជា​ស្ថិត​ក្នុង​ស្ថានភាព​បម្រុង តែ​លោក​ជឿជាក់​ថា នឹង​បាន​ចូលរួម​ប្រកួត ដោយ​សារ​តែ​កម្ពុជា​គឺជា​ម្ចាស់ផ្ទះ​ស្រាប់​៕ (កែសម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ