ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡៅ ចិ​ត្រា ប៉ះ​យ៉េន ឌី​ណា ចំណែក​ធន់ ចាន់​តាក់ ប៉ះ​សេក គឹ​ម​រួន ស្អែក​នេះ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ប្រាក់​លាន​ពី​ក្រុមហ៊ុន​ខា​រ៉ា​បាវ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី នា​ថ្ងៃ​ទី​៤ កក្កដា ខាង​មុខ​នេះ សុទ្ធតែ​ជា​កីឡាករ​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ​នៅ​ក្នុង​ពិភព​ប្រដាល់ ។ ឡៅ ចិ​ត្រា​មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ប្រាក់​លាន​ពី​ក្រុមហ៊ុន​ខា​រ៉ា​បាវ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី នា​ថ្ងៃ​ទី​៤ កក្កដា ខាង​មុខ​នេះ សុទ្ធតែ​ជា​កីឡាករ​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ​នៅ​ក្នុង​ពិភព​ប្រដាល់ ។ ឡៅ ចិ​ត្រា​មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆត្រយោង​៩១១ ត្រូវ​ជួប​ជាមួយ​យ៉េន ឌី​ណា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម ចំណែក​ធន់ ចាន់​តាក់ មក​ពី​សមាគម​កីឡា​កង​យោធ​ពលខេមរភូមិន្ទ ត្រូវ​ជួប​ជាមួយ​សេក គឹ​ម​រួន មក​ពី​ក្លិប​មកុដ​រាជសីហ៍​។

រវាង​ឡៅ ចិ​ត្រា និង​យ៉េន ឌី​ណា ទោះបីជា​ពួក​គេ​ធ្លាប់​ឈាន​ជើង​ឡើង​សង្វៀន​ប្រកួត​ជា​យូរ​ឆ្នាំ​មក​ហើយ​ក្ដី តែ​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​នោះ​ទេ ទើប​គេ​មិន​អាច​វាយតម្លៃ​ទុក​មុន​ថា​អ្នក​ណា​នឹង​ក្លាយជា​ម្ចាស់​ប្រាក់​លាន​នោះ​ទេ ។

ឡៅ ចិ​ត្រាជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប​ដែល​មាន​ស្នៀត​កែង​និង​ជង្គង់​ល្អ​ទោះបី​ចលនា​នៃ​ការ​វាយ​ចេញ​របស់​គេ​មិនសូវ​រហ័សរហួន​ក្ដី ។ សម្រាប់​ការ​ប្រកួត​របស់​គេ​មួយ​រយៈ​មកនេះ​គឺ​ឈ្នះ​ច្រើន​ជាង​ចាញ់ ប៉ុន្តែ​លើក​នេះ​គេ​មក​ប៉ះ​ចំ​អ្នកលេង​ជើង​រន្ទះ​យ៉េន ឌី​ណា ដែល​ទើបតែ​យកឈ្នះ​សួន ចាន់​នី​ជើង​ខ្លាំង​ប្រចាំ​ក្លិប​បក្សី​ស្លាប​ដែក​កាលពី​ស​ប្ដា​ហ៍​មុន​ប្រហែលជា​ពិបាក​បន្តិច​ហើយ ។

យ៉េន ឌី​ណា ស្នៀត​ជើង​របស់​គេ​គ្មាន​គូ​ប្រៀប​នោះ​ទេ បូក​រួម​ទាំង​ស្នៀត​កណ្ដាប់ដៃ​ដែល​ម៉ាត់​ចេញ​មួយ​ដៃ​ៗ​មាន​កម្លាំង​ដូច​រន្ទះ​ទៀត​ផង​នោះ ឡៅ ចិ​ត្រា បើ​ចង់​យកឈ្នះ​រូបគេ​គឺ​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ឡើយ​។

ចំណែក​ការ​ប៉ះ​គ្នា​រវាង​ធន់ ចាន់​តាក់ ជាមួយ​សេក គឹ​ម​រួន ក៏​ស្ថិត​ក្នុង​គូ​ដណ្ដើម​ប្រាក់​លាន
ផង​​ដែរ ។ រវាង​គូ​នេះ​សុទ្ធតែ​ជា​អ្នក​ប្រដាល់​ដែល​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​យូរ​ឆ្នាំ​ដូច​គ្នា ។ ធន់ ចាន់​តាក់ ល្អ​ទាំង​ស្នៀត​ដៃ​និង​ស្នៀត​ជើង ចំណែក​កម្លាំង​ស៊ុ​ហ្វ​វិញ​ក៏​ខ្លាំង​ណាស់​ដែរ​អាច​តស៊ូ​ប្រកួត​បាន​៥​ទឹក​ពេញ​ដោយ​មិន​ពិបាក ។

ទោះជា​យ៉ាងនេះ​ក្ដី​ក៏​មិន​អាច​មើល​ស្រាល​លើ​អ្នក​ប្រដាល់​ចាស់វស្សា សេក គឹ​ម​រួន​បាន​ដែរ ។ អ្នក​ប្រដាល់​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​រូប​នេះ ធ្លាប់​ល្បីឈ្មោះ​យូរ​ឆ្នាំ​មក​ហើយ ។

ជាក់ស្ដែង​គេ​ធ្លាប់​កាច់​បំបាក់​អ្នក​ប្រដាល់​ជើង​ខ្លាំង​អស់​ជា​ច្រើន​នាក់ ដូច្នេះ​ការ​មក​ប៉ះ​ជាមួយ​ធន់ ចាន់​តាក់ លើក​នេះ​អត់​មាន​អ្វី​ដែល​ត្រូវ​បារម្ភ​នោះ​ទេ ។ ម្យ៉ាងវិញទៀត​គេ​ក៏​មាន​ជំនឿ​ចិត្តច្រើន​ក្នុង​ការ​ក្លាយជា​ម្ចាស់​ប្រាក់​លាន​លើក​នេះ​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ