ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ ធ្វើ​ឱ្យ​អាហ្វ្រិក​ខាត​លើ​វិស័យ​ទេសចរណ៍​អស់​ជិត​៥៥​ពាន់​លាន​ដុល្លារ

3 ឆ្នាំ មុន

អាហ្វ្រិក ៖ តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា មន្ត្រី​សហភាព​ហេដ្ឋារចនាសម្ព័ន្ធ និង​ថាមពល​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា បណ្តា​ប្រទេស​អាហ្វ្រិក បាន​ខាតបង់​ថវិកា​ជិត ៥៥​ពាន់​លាន​ដុល្លារ…

អាហ្វ្រិក ៖ តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា មន្ត្រី​សហភាព​ហេដ្ឋារចនាសម្ព័ន្ធ និង​ថាមពល​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា បណ្តា​ប្រទេស​អាហ្វ្រិក បាន​ខាតបង់​ថវិកា​ជិត ៥៥​ពាន់​លាន​ដុល្លារ ទៅ​លើ​វិស័យ​ធ្វើ​ដំណើរ និង​ទេសចរណ៍ ក្នុង​រយៈពេល ៣​ខែ ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩​។

លោកស្រី Amani Abou-Zeid បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា ផល​ប៉ះពាល់​ខាង​សេដ្ឋកិច្ច​នៃ​ការ​ចាក់សោ និង​ការ​បិទ​ព្រំដែន ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស នឹង​មាន​សភាព​ធ្ងន់ធ្ងរ ដោយ​ឧស្សាហកម្ម​ធ្វើ​ដំណើរ​ផ្លូវអាកាស​របស់​ទ្វីប​នេះ រង​ការ​វាយប្រហារ​យ៉ាង​ខ្លាំង​។

លោកស្រី​មាន​ប្រសាសន៍​ថា វិស័យ​ទេសចរណ៍ និង​ការ​ធ្វើ​ដំណើរ​មាន​ចំនួន​ជិត ១០% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​អាហ្វ្រិក​។ លោកស្រី​បន្ត​ថា​៖ «​យើង​មានគ្រួសារ​អាហ្វ្រិក​ចំនួន ២៤​លាន​គ្រួសារ ដែល​ជីវភាព​របស់​ពួក​គេ​ទាក់ទង​នឹង​ការ​ធ្វើ​ដំណើរ​និង​ទេសចរណ៍​»​។

លោកស្រី​បន្ថែម​ថា ការ​ធ្លាក់​ចុះ​នេះ​បាន​កើតឡើង​ក្នុង​មួយ​ឆ្នាំ​នៅ​ពេល​ដែល​ទ្វីបអាហ្វ្រិក​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មានការ​កើនឡើង​នូវ​ការ​ដឹក​ជញ្ជូន និង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​។

លោកស្រី Abou-Zeid បាន​ថ្លែង​ថា​៖ «​ការ​វាយប្រហារ​នេះ គឺ​ពិតជា​អាក្រក់​ណាស់ ដោយសារ​តែ​ខាតបង់​សេដ្ឋកិច្ច និង​ការ​បាត់បង់​ការងារ​។ ក្រុមហ៊ុន​អាកាសចរណ៍​អាហ្វ្រិក បានឃើញ​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល ៩៥% ឬ ប្រហែល ៨​ពាន់​លាន​ដុល្លារ រួម​ជាមួយ​ការ​ខាតបង់​ផ្សេង​ទៀត​ដូច​ជា​ការ​ធ្លាក់​ចុះ​នៃ​ស្តុក​ជាដើម​»​។

លោក Prosper Zo’o Minto’o នាយក​ប្រចាំ​តំបន់​នៃ​អង្គការ​អាកាសចរណ៍​ស៊ី​វិល បាន​ប្រាប់​សន្និសីទកាសែត​ថា ក្រុមហ៊ុន​អាកាសចរណ៍​អាហ្វ្រិក​ត្រូវការ​ថវិកា​ប្រមាណ ២០​ពាន់​លាន​ដុល្លារ ដើម្បី​ចាប់ផ្តើម​ប្រតិបត្តិការ​ឡើង​វិញ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ reuters (​កែ សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ