ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ឧកញ៉ា សង ថន បន្ត​ដល់​អភិ​បាល​រង​ខេត្តបាត់ដំបង​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុកកាលពី​ព្រលប់​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២០​ថា លោក…

រាជធានី​ភ្នំពេញ ៖ លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុកកាលពី​ព្រលប់​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២០​ថា លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្តបាត់ដំបង ​ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) នាំ​ខ្លួន​មក​កាន់​ស្នាក់​ការ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​រឿង​ដីធ្លី នៅ​ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង ។

លោក​ទេស​រដ្ឋមន្ត្រី បាន​បញ្ជាក់​បន្ថែម​ថា គាត់​(​ស៊ូ​អា​រ៉ា​ហ្វា​ត់​) ធ្លាប់​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ខេត្ត​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង​នេះ​តែ​ម្តង ដែល​នេះ​ជា​រឿង​តែ​មួយ​ពាក់ព័ន្ធ​ករណី​ឧកញ៉ា សង ថន ដែល​ត្រូវ​អង្គភាព ACU ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២០​នេះ​ដែរ ។ លោក​ទេស​រដ្ឋមន្ត្រី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​ទៀត​ថា ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ខណៈ​ដែល​ឧកញ៉ា​រូប​នោះ មាន​ដី​ប្រមាណ​៥​ពាន់​ហិ​កតា ដែល​ស្មើនឹង​១​ភាគ​៤ នៃ​ផ្ទៃដី​ស្រុក​គាស់​ក្រឡ​ទាំងមូល ។

បើ​តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២០​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ក៏​បាន​ចេញ​អនុក្រឹត្យ​បញ្ចប់​មុខ​តំណែង​លោក ម៉ៅ សុ​ចាន់ ពី​អភិបាល​នៃ​គណៈ​អភិបាលស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង​ផង​ដែរ ។ ដូច្នោះ​រឿង​ដំបៅ​ដីធ្លី​នៅ​ស្រុក​គាល់​ក្រឡ​នេះ នឹង​ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចាប់ខ្លួន​មន្ត្រី​មូលដ្ឋាន​ពាក់ព័ន្ធ​វិវាទ​ដីធ្លី​ប៉ុន្មាន​នាក់​ទៀត ដើម្បី​កុំ​ឲ្យ​រាស្ត្រ​ទឹកភ្នែក ដោយសារ​អ្នកមាន​អំណាច​នេះ​បំពាន​យក​មិន​ឈប់​ឈរ ។

មានការ​កត់​សម្គាល់ថា ភ្លាម​ៗ​ក្រោយ​ការ​ចាប់ខ្លួន​ឧកញ៉ា សង ថន ទាក់ទិន​នឹង​រឿង​ដីធ្លី​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​បញ្ចប់​មុខ​តំណែង​លោក ម៉ៅ សុ​ចាន់ ពីមុខ​ងារ​ជា​អភិបាលស្រុក​គាស់​ក្រឡ ដោយ​បាន​ផ្ទេរ​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​សាលាខេត្ត​បាត់ដំបង​វិញ ។

លោក សឿ​ម ប៊ុ​ន​រិ​ទ្ធ អភិបាលរង​ខេត្តបាត់ដំបង ត្រូវ​បាន​បណ្តាញ​ព័ត៌មាន​មួយ​ដកស្រង់​សម្តី​ថា ការ​ដក​តំណែង​នេះ​កើត​មាន​ឡើង ក្រោយ​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មក​ស្រាវជ្រាវ​វិវាទ​ដីធ្លី​មួយ​រវាង​ក្រុម​ពលរដ្ឋ​ចំនួន​៤​គ្រួសារ និង​លោក សង ថន នៅ​ស្រុក​គាស់​ក្រឡ ។ លោក​បន្ត​ថា «​ពាក់ព័ន្ធ​បញ្ហា​ហ្នឹង ជា​បញ្ហា​របស់​ថ្នាក់​ជាតិ ដោយសារ​គាត់​ចុះ​មក​ធ្វើការ​ស្រាវជ្រាវ​ករណី​បងប្អូន​ប្រជាពលរដ្ឋ​បួន​គ្រួសារ​ដែល​រង​គ្រោះ​ដោយសារ​ការ​ប្តឹងផ្តល់​ពី​លោក​ឧកញ៉ា សង ថន តាំងពី​ឆ្នាំ​២០១៣ ឆ្នាំ​២០១៤​មក ។

ក្រោយ​ពី​មានការ​ស្រាវជ្រាវ​ករណី​ហ្នឹង គឺ​ថា្ន​ក់​ជាតិ គាត់​ចុះ​មក​ស្រាវជ្រាវ​ហើយ​យើងខ្ញុំ​នៅ​ថ្នាក់​ក្រោម​ជាតិ​នេះ ប្រតិបត្តិ​ករ​ក្នុង​ការងារ ធ្វើការ​ដោះស្រាយ​បញ្ហា​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ ។ កាលពី​ប៉ុន្មាន​ស​ប្តា​ហ៍​មុនគេ​បានឃើញ​លោក​មេធាវី គី តិច និង​ក្រុម​មេធាវី​សម្តេច​តេ​ជោ ជា​ច្រើន​នាក់​បាន​ចុះ​ទៅ​ដល់​ស្រុក​គាស់​ក្រឡ​ផង​ដែរ ក្នុង​ការ​ស៊ើបអង្កេត​ជុំវិញ​បញ្ហា​ដីធ្លី​នេះ ។

តំណាង​ប្រជាពលរដ្ឋ​ចំនួន​២២២​គ្រួសារ ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​លោក​សង ថន លើ​ដី​ទំហំ​ប្រមាណ​៨០០ ទៅ​១០០០​ហិ​កតា ក្នុង​ឃុំ​ព្រះ​ផុស និយាយ​ថា ប្រជាពលរដ្ឋ​បាន​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដោយ​ចោទ​លោក ម៉ៅ សុ​ចាន់ ដែល​កាន់​តំណែង​បាន​ពីរ​ឆ្នាំ​ថា មិន​មាន​ភាព​ច្បាស់លាស់​ក្នុង​ការ​គ្រប់គ្រង​ឯកសារ​ពាក់ព័ន្ធ​នឹង​ដីធ្លី​របស់​ប្រជាពលរដ្ឋ ហើយ​តែងតែ​រុញ​ឯកសារ​ទាំងនោះ​ទៅ​តុលាការ ។
ចំណែក​លោក​ឧកញ៉ា សង ថន កំពុង​មាន​វិវាទ​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​លើ​ផ្ទៃដី​ជាង​៥​ពាន់​ហិ​កតា ក្នុង​ឃុំ​ព្រះ​ផុស និង​ឃុំ​ឆ្នាល់មាន់ ។ តាម​ព័ត៌មាន​បាន​បន្ថែម​ថា លោក​ឧកញ៉ា សង ថន បាន​ទិញ​ដី​តែ​៨០​ហិ​កតា​ប៉ុណ្ណោះ​ពី​ក្រុម​យោធា​ក្នុង​ចំណុច​ផ្សេង​ដែល​គ្មាន​ទំនាស់ ហើយ​ថា​ដី​ទំហំ​ជាង​៥​ពាន់​ហិ​កតា​នោះ​ជា​ដី​រដ្ឋ ។

លោក យិ​ន ម៉េ​ង​លី អ្នកសម្របសម្រួល​របស់​សមាគម​អា​ដ​ហុ​ក​ប្រចាំ​ខេត្តបាត់ដំបង​ប្រាប់​វិទ្យុ​ផ្សាយ​ជា​ខេមរភាសា​ថា ឧកញ៉ា​រូប​នេះ (​សង ថន​) មាន​ទំនាស់​ដីធ្លី​ជាមួយ​ពលរដ្ឋ​ចំនួន​៤០០​គ្រួសារ​ក្នុង​ឃុំ​ព្រះ​ផុស និង​ឃុំ​ឆ្នាល់មាន់ ហើយ​ទំនាស់​នេះ បាន​កើតឡើង​តាំងពី​ឆ្នាំ​២០១៥​មក ។ លោក​បន្ត​ថា លោក សង ថន ពិតជា​មាន​ដី​ច្រើន​ពាន់​ហិ​កតា​នៅ​ស្រុក​គាស់​ក្រឡ ដែល​ជា​អតីត​តំបន់​គ្រប់គ្រង​ដោយ​យោធា ។ លោក​អះអាង​ថា លោក សង ថន បាន​ទិញ​ដី​ពី​ក្រុម​យោធា និង​មន្ត្រីរាជការ​មាន​តម្លៃ​ចន្លោះ​ប្រមាណ​១០០ ទៅ​៣០០​ដុល្លារ ក្នុង​មួយ​ហិ​កតា ។

លោក យិ​ន ម៉េ​ង​លី ថា លោក​មិនដឹង​ថា តើ​លោក ម៉ៅ សុ​ចាន់ អភិបាលស្រុក​គាស់​ក្រឡ​មានការ​ឃុបឃិត​គ្នា​យ៉ាងណា​ជាមួយ​លោក សង ថន ទេ ។ ប៉ុន្តែ​លោក​ថា អតីត​អភិបាលស្រុក​គាស់​ក្រឡ​រូប​នេះ រមែង​តែង​បង្ហាញ​គោល​ជំហរ​មិន​ជួយ​ពលរដ្ឋ​ដោះស្រាយ​វិវាទ​ដីធ្លី​ទេ តែ​បែរជា​ចេញ​លិខិត​ហាមឃាត់​មិន​ឲ្យ​ភាគី​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​កសិកម្ម​លើ​ដី​ទំនាស់ ៕

អត្ថបទសរសេរ ដោយ