ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​៤២​ថ្ងៃ ក្រសួងយុត្តិធម៌​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​ក្តៅ​នៅ​តុលាការ​បាន​ជិត ៣៥០០

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំ​នៅ​តុលាការ​របស់​ក្រសួងយុត្តិធម៌​ចេញ​លទ្ធផល​បណ្តើរ​ៗ​ហើយ ។ ជាក់ស្តែង ត្រឹម​រយៈពេល​៤២​ថ្ងៃ នៃ​ការ​អនុវត្ត​យុទ្ធនាការ​នេះ​មាន​សំណុំរឿង​ព្រហ្មទណ្ឌ​ចំនួន ៣ ៤៥៤ ករណី​នៅ​ទូ​ទាំង​ប្រទេស​បាន​ជំនុំជម្រះ​រួចរាល់ ។…

រាជធានី​ភ្នំពេញ​៖ យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំ​នៅ​តុលាការ​របស់​ក្រសួងយុត្តិធម៌​ចេញ​លទ្ធផល​បណ្តើរ​ៗ​ហើយ ។

ជាក់ស្តែង ត្រឹម​រយៈពេល​៤២​ថ្ងៃ នៃ​ការ​អនុវត្ត​យុទ្ធនាការ​នេះ​មាន​សំណុំរឿង​ព្រហ្មទណ្ឌ​ចំនួន ៣ ៤៥៤ ករណី​នៅ​ទូ​ទាំង​ប្រទេស​បាន​ជំនុំជម្រះ​រួចរាល់ ។ ក្រសួង​បាន​បញ្ជាក់​ថា លទ្ធផល​នៃ​ការ​ជំនុំជម្រះ​សំណុំរឿង​ខាងលើ​នេះ គឺ​សម្រេច​បាន​២៧% នៃ​សំណុំរឿង​ដែល​កកស្ទះ ។

ក្រសួងយុត្តិធម៌​បាន​អះអាង​ថា នឹង​ខិតខំ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​នៅ​សាលាដំបូង​ទូ​ទាំង​ប្រទេស​ឲ្យ​ចប់​សព្វគ្រប់​នៅ​ដំណាច់ឆ្នាំ​២០២០​នេះ​។ យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​នៅ​តាម​សាលាដំបូង​រាជធានី ខេត្ត បាន​ប្រកាស​បើក​កាលពី​ថ្ងៃ​១៨ ខែឧសភា ឆ្នាំ​២០២០​គឺ​ក្រោយ​ពេល​ប៉ុន្មាន​ថ្ងៃ ដែល​លោក កើត រិ​ទ្ធ ចូល​កាន់​ដំណែង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ជំនួស​លោក អង្គ​វង្ស វ​ឌ្ឍ​នា ។

យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំ​ក្តី នៅ​តុលាការ ទទួល​បានការ​សាទរ​ពី​មជ្ឈដ្ឋាន​ច្រើន ហើយ​សាធារណជន​បាន​កំពុង​តាមដាន​ពី​លទ្ធផល​នៃ​យុទ្ធនាការ​នេះ ។ ការ​កកស្ទះ​សំណុំ​នៅ​តុលាការ​ត្រូវ​បាន​អ្នក​ឃ្លាំមើល​លើក​ឡើង​ថា បាន​ផ្តល់​ភាព​អយុត្តិធម៌ រំលោភសិទ្ធិ​ដល់​ពលរដ្ឋ​ដែល​ត្រូវ​ជាប់ចោទ​ខ្លះ​ដោយសារ​មានការ​ឃុំ​ឃាំ​ា​ង​លើស​កំណត់ នៅ​ក្នុង​ការ​រង​ចាំ​ដំណើរការ​របស់​តុលាការ ។

ក្រសួងយុត្តិធម៌ បាន​បញ្ជាក់​ថា យុទ្ធនាការ​រ​នេះ មាន​គោលបំណង​ពង្រឹង​សេវា​យុត្តិធម៌​ជូន​ពលរដ្ឋ និង​ការ​ដោះស្រាយ​ការ​ណែន​ចង្អៀត​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ផង ។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​លទ្ធផល​ការងារ​រយៈពេល​៤២​ថ្ងៃ​មកនេះ ក្រសួងយុត្តិធម៌ បាន​វាយតម្លៃ​ខ្ពស់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ស្មារតី​ទទួលខុសត្រូវ​របស់​ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីរាជការ​នៃ​អង្គភាព​រដ្ឋបាល​នៃ​សាលា​ជម្រះក្តី​ទាំងអស់ ដែល​បាន​រួម​សហការ​ជាមួយ​ក្រសួង​ក្នុង​ការ​ធ្វើ​ឲ្យ​យុទ្ធនាការ​នេះ ដំណើរការ​ទៅ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ការងារ គឺ «​លឿន ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុក​រលួយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ