ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកម៉ៅការ​មិន​បើក​ប្រាក់ខែ​៣-៤​ខែ ពួក​គាត់​ខ្លះ​ចង់​ដាច់​បាយ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រុម​កម្មករ​កសាង​កំណាត់​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​ភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់ ស្រុក រលាប្អៀរ ប្រមាណ​ជា​៥០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែមិថុនា…

ខេត្តកំពង់ឆ្នាំង ៖ ក្រុម​កម្មករ​កសាង​កំណាត់​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​ភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់ ស្រុក រលាប្អៀរ ប្រមាណ​ជា​៥០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​លើកគ្នា​មក​ធ្វើការ​តវ៉ា នៅ​ខាង​មុខ​មន្ទី​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង ដោយ​បាន​ចោទ​អ្នក​អ្នកម៉ៅការ ធ្វើ​ផ្លូវ របស់​ក្រុម​ជប៉ុន​ថា មិន​បើក​ប្រាក់ខែ​ឲ្យ​ពួក​គាត់ តាំងពី​ខែមេសា រហូត​មក​ដល់​នេះ​។

ក្រុម​កម្មករ​ធ្វើ​ផ្លូវជាតិ​លេខ​៥ បាន​និយាយ​ឲ្យ​ដឹង​ថា ពួក​គាត់​បាន​លើកគ្នា​មក​តវ៉ា​នៅ​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត នៅ​ពេល​នេះ គឺ​បំណង​សុំ​ឱ្យ​អ្នកម៉ៅការ​សាងសង់​ផ្លូវជាតិ​លេខ ៥​ពី​ចំណុច​បាញ់​ឆ្គោ​ល ស្រុក​រលាប្អៀរ ទៅ​ស្រុក​បរិបូរណ៍ មេត្តា​ជួយ​បើក​ប្រាក់ខែ​ឲ្យ​ពួក​គាត់​ផង ខណៈ​ដែល​ពួក​គាត់​ជា​កម្មករ​ទាំងអស់ មិន​បាន​បើក​ប្រាក់ខែ ខ្លះ​ពី​ខែមេសា ឧសភា និង​មិថុនា ដោយ​អ្នកម៉ៅការ​សាងសង់​ផ្លូវ បាន​សន្យា​ថា​បើក​ថ្ងៃនេះ ថ្ងៃ​នោះ​រហូត តែ​មិនឃើញ​បើក​ប្រាក់ខែ​ឱ្យ​សោះ​។

តំណាង​កម្មករ​ទាំងនោះ បាន​បញ្ជាក់​ថា​៖ ដោយសារ​ការ​អាក់​ខានមិនបាន​បើក​ប្រាក់ខែ​ឱ្យ ដល់​ពួក​គាត់ បែប​នេះ​ហើយ ទើប​ខ្លះ​បាន​ឈប់​ធ្វើការ ពី​ខែមេសា ខ្លះ​ឈប់​ខែឧសភា​។ ប៉ុន្តែ​ខ្លះ​នៅ​តស៊ូ​ធ្វើ​រហូត ដល់​ពេល​នេះ នៅ​តែ​មិន​បាន​បើក​ប្រាក់ខែ​ដែរ​។ កន្លង​មក​ពួក​គាត់​ធ្លាប់​ផ្តិត​មេដៃ ដាក់​ជូន​មន្ទីរ​ការងារ ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ ប៉ុន្តែ​នៅ​មិន​បាន​លទ្ធផល​។ មិន​ត្រឹម​ប៉ុណ្ណឹង​មេការ​បាន​ចោទ​ថា ក្រុម​កម្មករ​ផ្តិត​មេដៃ​បំផុសបំផុល ដោយ​មេដៃ​ខ្លះ​ជា​មេដៃ​ក្លែងក្លាយ ។ ពួក​គាត់​បញ្ជាក់​ថា​៖ ធម្មតាផ្ទះ​នៅ​ឆ្ងាយ​ៗ​គ្នា មិន​បាន​ធ្វើការ​ជា​កម្មករ ក៏​ឆ្លៀត​ទៅ​ធ្វើស្រែ​។

លុះ​ពេល​ធ្វើ​ពាក្យសុំ​អន្តរាគមន៍​ពីសា​មី​មន្ទីរ ពួក​គាត់​ខ្លះ​នៅ​ឆ្ងាយ​ក៏​ចេះ​តែ​ទូរស័ព្ទ​ឱ្យ​គេ​ផ្តិត​ជំនួស​ទៅ តែ​មិន​ច្រើន​ទេ ៤-៥​នាក់​ប៉ុណ្ណោះ​។ វា​មិន​សំខាន់​រឿង​មេដៃ​នោះ​ទេ សំខាន់​សុំ​តែ​បើក​ប្រាក់ខែ​ឲ្យ​គ្រប់​ចំនួន គឺ​ចប់​ហើយ ព្រោះ​ផ្តិត​មេដៃ​មិនមែន​ប្តឹង​ទេ គឺ​សុំ​មន្ទីរ​អន្តរាគមន៍​ដោះស្រាយ​ប្រាក់ខែ​តែ​ប៉ុណ្ណោះ​។ ពួក​គាត់​ខ្លះ​ស្ទើរ​ដាច់​បាយ​ហើយ ធ្វើការ​រំពឹង​ប្រាក់ខែ ចុះបើ​អត់​បើក ៣-៤​ខែ​ចឹ​ង​គិត​ម៉េច​វិញ​។

ជុំវិញ​បញ្ហា​នេះ អ្នកម៉ៅការ​ធ្វើ​ផ្លូវ ភ្នាក់ងារ​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​។ ប៉ុន្តែ​នៅ​ព្រឹក​នោះ​លោក ពៅ ស៊ី​ថា ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា​៖ កន្លង​មក​ខាង​លោក បាន​ធ្វើការ​សម្របសម្រួល​រវាង​កម្មករ​ធ្វើ​ផ្លូវ និង​អ្នកម៉ៅការ​សាងសង់​ផ្លូវ​រួច​ម្តង​ហើយ ។ តែ​លើក​នេះ​ខាង​អ្នកម៉ៅការ ដែល​មិន​បាន​បើក​លុយ​ឲ្យ​នោះ គេ​និយាយ​ថា កម្មករ​ដើរ​ផ្ដិត​មេដៃ​ប្ដឹង​គេ ដែល​ខ្លះ​ជា​មេដៃ​ក្លែងក្លាយ ដែល​ស្មើនឹង​ការ​ក្លែង​ឯកសារ​សាធារណៈ​។

យ៉ាងនេះ​ក្តី​លោក នឹង​ព្យាយាម​ហៅ​អ្នកម៉ៅការ មក​សម្របសម្រួល​ម្ដងទៀត ចៀសវាង​បង្ករឿង​ដែល​ធ្វើ​ឲ្យ រាំងស្ទះ ដល់​ការ​ស្ថាបនា​ផ្លូវជាតិ​។ ជុំវិញ​បញ្ហា​នេះ គួរតែ​មន្ទីរ​ការងារ ខេត្តកំពង់ឆ្នាំង ដោះស្រាយ​ឱ្យ​បាន​ឆាប់ និង​មិន​លម្អៀង សូម​អាណិត​ដល់​កម្មករ ខំធ្វើការ​ហាលភ្លៀង​ហាលថ្ងៃ គឺ​ដើម្បី​តែ​ក្រពះ​ប៉ុណ្ណោះ​៕ ដោយ ៖ ពៅ សុខ​ហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ