ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈ​ពេល​​ត្រឹម​៦ខែ ចំនួន​គ្រោះថ្នាក់​ចរា​ចរណ៍​​មាន​ការ​​ថយ​ចុះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ក្នុង​នាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវគោក បាន​ថ្លែង​ថា ទិន្នន័យ​ជា​ផ្លូវការ​បាន​បង្ហាញ​ថា ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​រយៈពេល​១​ឆមាស​(​ពី​ថ្ងៃ​ទី១ ខែមករា…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ក្នុង​នាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិ​ភាព​ចរាចរណ៍​ផ្លូវគោក បាន​ថ្លែង​ថា ទិន្នន័យ​ជា​ផ្លូវការ​បាន​បង្ហាញ​ថា ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​រយៈពេល​១​ឆមាស​(​ពី​ថ្ងៃ​ទី១ ខែមករា រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា​)​ឆ្នាំ​២០២០​នេះ បើ​ប្រៀបធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០១៩ គឺ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍មានការ​ថយ​ចុះ​៥៥២​លើក ស្មើ​២៥% (១.៦១៩លើក​លើ​២១៧១​លើក​) ចំនួន​មនុស្ស​ស្លាប់ថយ​ចុះ​១៧២​នាក់ ស្មើនឹង​១៧% (៨៦១​នាក់លើ​១.០៣៣​នាក់​) ចំនួន​អ្នក​រង​របួស​ថយ​ចុះ​៧៧៨​នាក់ ស្មើនឹង​២៤% (២.៤៤៩​នាក់​លើ​៣.២២៧​នាក់​) ។

ដូច​គ្នា​នេះ​ដែរ បើ​ប្រៀបធៀប​នឹង​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​២​ខែ​នៃ​ការ​រឹត​បន្តឹង​ច្បាប់​ចរា​ចរណ៍​ផ្លូវគោក គឺ​ខែឧសភា និង​ខែមិថុនា ឆ្នាំ​២០២០ ទៅ​នឹង​ខែឧសភា និង​ខែមិថុនា ឆ្នាំ​២០១៩ គឺ​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយ​ចុះ​២៣៣​លើក ស្មើនឹង​៣៤% (៤៥៧​លើក​លើ​៦៩០​លើក​) ចំនួន​មនុស្ស​ស្លាប់​មានការ​ថយ​ចុះ​៧៩​នាក់ ស្មើនឹង​២៥% (២៤១​នាក់​លើ​៣២០​នាក់​) និង​អ្នក​រង​របួស​បាន​ថយ​ចុះ​២៣៣​នាក់ ស្មើនឹង​២៣% (៧៦៦​នាក់​លើ​៩៩៩​នាក់​) ។ នេះ​បើ​យោង​តាម​ផេ​ក​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ចេញផ្សាយ​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២០ ។

សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​ថា តាម​ទិន្នន័យ​ខាងលើ​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ប្រជាពលរដ្ឋ​យើង​ពិតជា​មានការ​យល់​ដឹង និង​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​កាន់តែ​ច្រើន នៅ​ពេល​ប្រទេស​ជាតិ​យើង​មានការ​រីក​ចម្រើន មាន​កំណើន​យានយន្ត​ធ្វើ​ដំណើរ និង​កំណើន​អ្នកបើកបរ​ក៏​ដោយ តែ​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយ​ចុះ ។

លទ្ធផល​វិជ្ជមាន​នេះ ក្នុង​នាម​ជា​ប្រធាន​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សម្តេច
សូម​ថ្លែងអំណរគុណ​បងប្អូន​ជនរួមជាតិ​ទាំង​អស់ ជា​ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវថ្នល់​ដែល​បាន​ចូលរួម​គោរព​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​យ៉ាង​ខ្ជាប់ខ្ជួន និង​អរគុណ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច ក៏​ដូច​ជា​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ដែល​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​បាន​ល្អ​ប្រសើរ ។

សម្ដេច​ក្រឡាហោម ក៏​បាន​ថ្លែងអំណរគុណគ្រប់​បណ្តាញសារព័ត៌មាន អង្គការ​ក្រៅរ​ដ្ឋា​ភិ
បាល និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ និង​អប់រំ​អំពី​ច្បាប់​ច​រា
ចរណ៍​ផ្លូវគោក​នេះ​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ ។

សម្តេច​ក៏​សូម​លើកទឹកចិត្ត​ដល់​បងប្អូន​ជនរួម​ជាតិ បន្ត​ចូលរួម​ផ្តល់​ជា​មតិយោបល់​ក្នុង​ន័យ​ស្ថាបនា​និង​កែ​លំអ​ថែម​ទៀត ដើម្បី​បន្ត​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង គឺ​មាន​ន័យ​ថា អត្រា​គ្រោះថ្នាក់​ច​រាចរណ៍​នឹង​កាន់តែ​ថយ​ចុះ ចំនួន​អ្នក​ស្លាប់​កាន់តែ​តិច សណ្តាប់ធ្នាប់​សាធារណៈ​កាន់តែ​មាន​របៀបរៀបរយ​ល្អ​ប្រសើរ ស័ក្តិ​សមជា​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ប្រជាជាតិ​ស៊ី​វិ​ល័យ ។

ជាមួយ​គ្នា​នេះ សម្តេច​ក្រឡាហោម សូម​ក្រើនរំឭក​ថែម​ទៀត​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច ក៏​ដូច​ជា​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួម​អនុវត្ត​ភារកិច្ច​របស់​ខ្លួន ត្រូវ​តែ​បន្ត​ការ​គោរព​ក្រម
សីល​ធម៌​វិជ្ជាជីវៈ និង​វិន័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ក្នុង​ការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន ត្រូវ​កាត់​បន្ថយ ឬ​លុប​បំបាត់​ឲ្យ​បាន​នូវ​បាតុភាព​អវិជ្ជមាន​ផ្សេង​ៗ ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ និង​ប្រជា​ពលរដ្ឋ​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ