ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចិញ្ចឹម​ត្រី​ឆ្តោ​ ពិតជា​ខាត​ច្រើន​ជាង​ចំណេញ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ព្រះអាទិត្យ​កំពុង​បញ្ចេញ​កម្តៅ​ក្តៅហែង​មក​លើ​ភព​ផែនដី ដោយ​គ្មាន​ពពក​មក​ជួយ​បិទ​បាំង នា​វេលា​ថ្ងៃត្រង់​នៃ​ចុងខែ​មិថុនា រលក​កម្តៅ​បាន​កើនឡើង​មើលឃើញ​ព្រិច​ៗ​ដូច​ថ្ងៃ​កំពុង​បណ្តើរកូន ។ នៅ​លើ​ស្ពាន​ធ្វើ​ពី​ដើម​ឫស្សីក្រាល​ក្តារ​៣-៤​សន្លឹក កម្មករ​២-៣​នាក់​កំពុង​មមាញឹក​លើក​ចំណី​ត្រី​ដែល​កិន​រួច​ជា​ស្រេច ចាក់​ចូល​ក្នុង​ស្រះ​ដែល​មាន​ត្រី​ឆ្តោ​រាប់​ម៉ឺន​ក្បាល​កំពុង​រង់ចាំ​អាហារ​តាម​ពេល​កំណត់…

ខេត្តកំពង់ឆ្នាំង ៖ ព្រះអាទិត្យ​កំពុង​បញ្ចេញ​កម្តៅ​ក្តៅហែង​មក​លើ​ភព​ផែនដី ដោយ​គ្មាន​ពពក​មក​ជួយ​បិទ​បាំង នា​វេលា​ថ្ងៃត្រង់​នៃ​ចុងខែ​មិថុនា រលក​កម្តៅ​បាន​កើនឡើង​មើលឃើញ​ព្រិច​ៗ​ដូច​ថ្ងៃ​កំពុង​បណ្តើរកូន ។ នៅ​លើ​ស្ពាន​ធ្វើ​ពី​ដើម​ឫស្សីក្រាល​ក្តារ​៣-៤​សន្លឹក កម្មករ​២-៣​នាក់​កំពុង​មមាញឹក​លើក​ចំណី​ត្រី​ដែល​កិន​រួច​ជា​ស្រេច ចាក់​ចូល​ក្នុង​ស្រះ​ដែល​មាន​ត្រី​ឆ្តោ​រាប់​ម៉ឺន​ក្បាល​កំពុង​រង់ចាំ​អាហារ​តាម​ពេល​កំណត់ ។

សំឡេង​លាន់​ប្រាវ​ៗ​ចេញពី​ក្នុង​ទឹក ជា​សន្ធឹកហ្វូង​ត្រី​ឆ្តោ​ស្ទុះ​ដណ្តើម​ចំណី​ស៊ី ដែល​ខ្លះ​បាន​ស្ទុះ​ផុត​ពី​ក្នុង​ទឹក​មក​សំដិល​ដេក​លើ​ចំណី​ដែល​មិន​ទាន់​លិច ភ្លេច​គិតដល់​មនុស្ស​ដែល​កំពុង​ឈរ​​មើល​សកម្មភាព​ពួក​វា ។ វា​ជា​ការ​ពិត ក្នុង​ខណៈដែល​កម្មករ​កំពុង​ឲ្យ​ចំណី​ត្រី​ដែល​មិនយូរ​ប៉ុន្មាន
នឹង​ធំធាត់ ហើយ​ផ្តល់​ផល​ជាទី​គាប់ចិត្ត​នោះ ម្ចាស់កសិដ្ឋាន​ចិញ្ចឹម​ត្រី​បាន​គយគន់​យ៉ាង​យកចិត្ត​ទុកដាក់ និង​ពេញចិត្ត​បំផុត ។

ទោះបីជា​យ៉ាងណា រឿងរ៉ាវ​ដែល​បង្កប់​នៅ​ពីក្រោយ​របរ​ចិញ្ចឹម​ត្រី​ឆ្តោ​នេះ គ្មាន​អ្វី​ដែល​គួរ​ឲ្យ​ពេញ​ចិត្ត​នោះ​ឡើយ ពោល​គឺ​ត្រី​ឆ្តោ​មួយ​ក្បាល​ពេល​ធំធាត់​ល្មម​ចាប់​លក់ គឺ​បាន​បំផ្លាញ​ត្រី​ធម្មជាតិ​​ដែល​គេ​ចាប់ពី​ទន្លេ​បឹងបួ​នានា រហូត​ដល់​ទៅ​៤​គីឡូ​ឯណោះ ហើយ​ការ​ចាប់​កូន​ត្រី​មក​ធ្វើ​ជា​ចំណី​ត្រី​ឆ្តោ​នេះ ក៏​ត្រូវ​គេ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ដែរ ។

សូ​ម្បី​តែ​ខ្យល់​ដែល​បក់​ចេញពី​ស្រះ​ចិញ្ចឹម​ត្រី​នោះ ក៏​ហាក់ដូចជា​បញ្ជាក់​ថា ការ​ចិញ្ចឹម​ត្រី​នេះ​មាន​បញ្ហា​ដែរ ព្រោះ​ក្លិន​ឆ្អាប​ចេញពី​ក្នុង​ទឹក​ពណ៌​ក្រមៅ​លាយ​នឹង​ក្លិន​ចំណី​ធ្វើ​ពី​កូន​ត្រី​ស្រស់​ដែល​យើង​ស្ទើរតែ​ទ្រាំ​មិន​បាន ។ នៅ​ក្បែរ​មាត់​ស្រះ​មិន​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន សំឡេង​ម៉ាស៊ីន​កិន​កូន​ត្រី​ល្អិត​ៗ ក៏​លាន់​ទ្រហឹង​អឺងអាប់​រក​ស្តាប់​អ្វី​មិន​ឮ ដែល​នេះ​ជាស​កម្ម​ភាព​របស់​ក្រុម​កម្មករ​យក​កូន​ត្រី​ល្អិត​ៗ​កិន ធ្វើ​ជា​ចំណី​ត្រី​ឆ្តោ​ស៊ី​ជា​អាហារ​ប្រចាំ​ថ្ងៃ ។

មិនយូរ​ប៉ុន្មាន សំឡេង​ទ្រហឹង​នៃ​ម៉ាស៊ីន​កិន​ចំណី​ត្រី​បាន​ស្ងាត់​ទៅ​វិញ ដែល​ជា​សញ្ញា​បញ្ជាក់​ថា ការ​ផ្តល់​ចំណី​ត្រី​ត្រូវ​បាន​បញ្ចប់​សម្រាប់​ថ្ងៃ​នេះ ។ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ឆ្តោ បាន​អញ្ជើញ​ក្រុម​អ្នកកាសែត​ដែល​កំពុង​ឈរ​លើ​ក្តារ​ស្ពាន រង់​ចាំ​ថត​ផ្តិត​រូបភាព​សកម្មភាព​ការ​ផ្តល់​ចំណី​ត្រី​មុន​នេះ​បន្តិច ឲ្យ​ត្រឡប់​មក​អង្គុយ​ក្នុង​រោង​មួយ​នៅ​ចម្ងាយ​ប្រមាណ​៤​ម៉ែត្រ​ពី​មាត់​ស្រះ ។

មិន​បង្អង់​យូរ បុរស​វ័យ​ចំណាស់​ជា​ម្ចាស់​កសិដ្ឋាន​ចិ​ញ្ជឹ​ម​ត្រី បាន​ចាប់ផ្តើម​រៀបរាប់​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា រូប​គាត់​ជា​អតីតមន្ត្រី​រដ្ឋបាល​ជលផល​ដែល​ចូល​និវត្តន៍ ។ «​ការ​ចិញ្ចឹម​ត្រី​ឆ្តោ
ពិតជា​មាន​ចំណែក​ក្នុង​ការ​បំផ្លាញ​ធនធាន​ម​ច្ឆជាតិ​យ៉ាងធ្ងន់ធ្ងរ ព្រោះ​ត្រី​ឆ្តោ​ស៊ីសាច់​ជា​អាហារ​។
អ្នក​ចិញ្ចឹម​ត្រូវ​ទិញ​កូន​ត្រី​តូច​ៗ ដែល​បាន​ពី​បទល្មើស​នេសាទ​មក​ឱ្យ​វា​ស៊ី​» ។

អតីតមន្ត្រី​ជលផល​ចូល​និវត្តន៍​រូប​នេះ​បន្ត​ថា ពេល​ខែ​ទឹក​ឡើង​លិច​ខ្នង​កោះ កូន​ត្រី​គ្រប់​ប្រភេទ​ ខ្លះ​ទើប​ញាស់ ខ្លះ​ទៀត​ញាស់​បាន​ច្រើន​ថ្ងៃ បាន​ហែល​ត្រសង​តាម​ស្មៅ តាម​ដុប​ព្រៃស្បាត​ដែល​លិច​ទឹក ។ «​ពេល​នោះ​ហើយ បទ​ល្មើស​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ស្បៃ​មុង ក៏បាន​ចាប់ផ្តើម​ដែរ​» ។

គាត់​និយាយ​ដោយ​លើក​កែវ​ទឹកតែ​មក​ផ្លុំ​បន្ថយកម្តៅ​មុន​ទទួលទាន​ថា​៖ «​ដូច​អស់លោក​ដឹង​ស្រាប់ ! ពាក្យ​ថា​ស្បៃ​មុង គឺ​ក្រឡា​តូច​ល្អិត​ណាស់ សូ​ម្បី​កូន​ត្រី​ប៉ុន​ជើងធូប​ក៏​ចេញ​មិន​រួច​ដែរ ។ ប៉ុន្តែ ក្រុម​អ្នក​ប្រព្រឹត្ត​បទល្មើស​ចូល​ចិត្ត​យក​ស្បៃ​មុង​នេះ​មក​ធ្វើ​ជា​ឧក​រណ៍​ចាប់​ត្រី​» ។

អតីតមន្ត្រី​ជលផល​រូប​នេះ​បាន​និយាយ​បែប​កំប្លែង​ថា ៖ «​គេ​យក​ស្បៃ​មុង​មក​ធ្វើ​ជា​របាំង និង​ធ្វើ​ជា​លប ដើម្បី​ដាក់​ចាប់​ត្រី​ទាំង​តូច​ទាំង​ធំ ចាប់​គ្មាន​សល់ សូ​ម្បី​មេត្រី កូន​ត្រី ចៅ​ត្រី ជីទួត ជីលួត ជីលា​ត្រី​ក៏​មិន​សល់​ដែរ​» ។ កាល​គាត់​នៅ​មាន​តួនាទី​ជា​មន្ត្រី​រដ្ឋបាល​ជលផល ពេល​ចុះ​បង្ក្រាប​បទល្មើស​នេសាទ ជួប​របាំង​ស្បៃ​មុងម្តង​ៗ បាន​លើក​លប​ស្បៃ​មុង​ចាក់​កូន​ត្រី​លែងឱ្យ​ចូល​ក្នុង​ទន្លេ​វិញ​ក្នុង​១​លប​ៗ​មានកូន​ត្រី​រាប់​លាន​ក្បាល ។

បើ​និយាយ​ឱ្យ​ងាយ​ស្តាប់ ក្នុង​១​លប​ៗ​កូន​ត្រីគ្រប់​ប្រភេទ ដែល​មាន​ទំហំ​ប្រមាណ​ដើម​ធូបមាន​ប្រមាណ​ពី​១០​ទៅ​២០​គីឡូក្រាម ឬ​ច្រើនជាង​នេះ​ទ្វេ​ដង ។ ដោយសារ​ឃើញ​ទិដ្ឋភាព​បែប​នេះ​ហើយ ទើប​ច្បាប់​ស្តី​ពី​ជលផល​បាន​ចាត់​ទុក​ការ​នេសាទ​ដោយ​ប្រើ​ឧក​រណ៍​ស្បៃ​មុង ជា​ឧបករណ៍​ល្មើសច្បាប់​ធ្ងន់ធ្ងរ​» ។

បុរស​ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី​រូប​នេះ​បាន​បន្ថែម​ថា ផ្តើម​ចេញពី​បញ្ហា​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ក្រសួងកសិកម្ម បាន​សម្រេច​បិទ​អាជីវកម្ម​ចិញ្ចឹម​ត្រី​ឆ្តោ​ម្តង​រួច​មក​ហើយ ដោយ​សារ​ការ​ចិញ្ចឹម​ត្រី​ឆ្តោ​នេះ គឺជា​ដើមហេតុ​ដែល​ធ្វើ​ឱ្យ​ធនធាន​ជលផល​រង​ការ​វិនាស​ហិនហោច​។ ប៉ុន្តែ​ក្រោយមក ក្រសួង​បាន​អនុញ្ញាត​ឱ្យ​មានការ​ចិញ្ចឹម​ឡើង​វិញ ប៉ុន្តែ​មាន​លក្ខណៈ​ឱ្យ​ស៊ី​ចំណី​សិប្ប​និ​មិ្ម​ត ។ ទាំងនេះ​គឺ ដើម្បី​ស្តារ​ធនធាន​ជលផល​ដែល​រេចរឹល​ទៅ ។

ទោះជា​យ៉ាងនេះ​ក្តី ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ខាងលើ​និយាយ​ថា នៅ​រដូវ​ទឹក​ស្រក អ្នក​ចិញ្ចឹម
ត្រី​ឆ្តោ​ទាំងអស់​ទិញ​កូន​ត្រី​សមុទ្រ​មក​កិន​ជា​ចំណីឱ្យ​ត្រី​ឆ្តោ​ស៊ី ។ កូន​ត្រី​សមុទ្រ​គេ​ដឹក​យក​មក​លក់ដល់​កន្លែង តម្លៃ​១.៧០០​រៀល​ក្នុង​១​គីឡូក្រាម ពេល​ខ្លះ​ឡើង​ដល់​២​ពាន់​រៀល និង​ពេល​ត្រី​ខ្សត់ អាច​ឡើង​ដល់​៣​ពាន់​រៀល ។ ប៉ុន្តែ បើ​នៅ​ពេល​ទឹក​ឡើង​គឺ​មានកូន​ត្រី​ទឹកសាប បាន​ពីរ​បាំង​ស្បៃ​មុង ដែល​ក្នុង​១​គីឡូក្រាម​ថ្លៃ​តែ​១.០០០​រៀល ទៅ​១.២០០​រៀល​ប៉ុណ្ណោះ ។

បុរស​រូប​នេះ​បញ្ជាក់​ថា គាត់​បាន​ចាប់​មុខរបរចិញ្ចឹម​ត្រី​ឆ្តោ​ជាង​៣​ឆ្នាំ​ហើយ ។ ឆ្នាំ​នេះ គាត់​ដាក់
ចិញ្ចឹម​កូន​ត្រី​ឆ្តោ​សរុប​ជាង​២០​ម៉ឺន​ក្បាល ដោយ​ចិញ្ចឹម​ក្នុង​ស្រះ​ចំនួន​៤ ដែល​ស្រះ​នីមួយ​ៗ​មាន​ទំហំជាង​កន្លះ​ហិ​កតា ។ បច្ចុប្បន្ន ត្រី​ឆ្តោ​ដែល​គាត់​ចិញ្ចឹម​១​ក្បាល​ៗ​មាន​ទម្ងន់​ជាង​កន្លះ​គីឡូក្រាម​ហើយ ។ ការ​ចិញ្ចឹម​ត្រី​ឆ្តោ​គឺ​ប្រើ​រយៈពេល​ពី​៦​ទៅ​៧​ខែ ដល់​ពេល​ចាប់​លក់​ហើយ ។ បើ​តាម​ការ​គណនា កូន​ត្រី​ឆ្តោ​១​ក្បាល​គិត​ពី​ចាប់ផ្តើម​ចិញ្ចឹម​រហូត​ដល់​ចាប់​លក់ វា​ត្រូវ​ស៊ី​ចំណី​អស់​៤​​គីឡូ​ក្រាម ។ បើ​ក្នុង​ត្រី​ឆ្តោ​១​ក្បាល​ស៊ី​ចំណី​ស្រស់​អស់​៤​គីឡូក្រាម ដូច្នេះ​ត្រី​ឆ្តោ​គាត់​មាន​ជាង​២០​ម៉ឺន​ក្បាល វា​នឹង​ត្រូវ​ការកូន​ត្រី​ជា​ចំណី​ដល់​ទៅ​ចំនួន​៨០០​តោន​ឯណោះ ។

ដោយឡែក តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ខណ្ឌរដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា បច្ចុ​ប្បន្ន មាន​អ្នក​ចិញ្ចឹម​ត្រី​គ្រប់​ប្រភេទ​ជាង​៥០០​កន្លែង​នៅ​ទូ​ទាំង​ខេត្ត ដែល​ស្ថិត​នៅ​ជាប់​បឹង​ទន្លេ​សាប​ខ្លះ និង​ខ្លះ​ទៀត​ចិញ្ចឹម​ក្នុង​ស្រះ ។​ត្រី​ចិញ្ចឹម​ទាំង​ជាង​៥០០​កន្លែង​នេះ​មាន​២​ប្រភេទ គឺ​ប្រភេទ​​ទី​១ ត្រី​ចិញ្ចឹម​ដែល​ស៊ី​ចំណី​សិប្ប​និ​មិ្ម​ត ខ្លះ​ហៅ​ចំណី​គ្រាប់ ឬ​ចំណី​ការុង​មាន​ដូច​ជា ត្រី​ប្រា ត្រី​ពោ និង​ខ្យា គឺ​មាន​ជាង​៣០០​កន្លែង និង​ប្រភេទ​ទី​២ ការ​ចិញ្ចឹម​ត្រី​ឆ្តោ ដែល​ស៊ី​ចំណី​ស្រស់​មាន​ជាង​២០០​កន្លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ