ឱ​ក សុគន្ធ​កញ្ញា ៖ លុយ​សំខាន់​ក៏​ប៉ុន្តែ​លុយ​មិន​អាច​ទិញ​កិ​ត្តិ​យស​បាន​នោះ​ទេ


រាជធានី​ភ្នំពេញ ៖ នៅ​ពេល​និយាយ​ដល់​ពាក្យ​ថា លុយ ពុំ​មាន​នរណា​ម្នាក់​ហ៊ាន​បដិសេធ​នោះ​ទេ ថា លុយ​សំខាន់​យ៉ាងណា​នៅ​ក្នុង​ជីវភាព​រស់នៅ មិន​ថា អ្នក​នៅ​លីវ ឬ​អ្នកមាន​គូ​នោះ​ទេ ហើយ​រឹតតែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត​នោះ បើសិន​អ្នកជា​ក្មេង​ស្រី​តូច​ម្នាក់ ដែល​ត្រូវ​ទទួល​បន្ទុក​រក​លុយ​ចិញ្ចឹម​ម្តាយ និង​ប្អូន​ៗ​ថែម​ទៀត​នោះ ។

យ៉ាងណាមិញ ទោះ​លុយ​សំខាន់​យ៉ាងណា ក៏​ប៉ុន្តែ​លុយ​មិន​អាច​ទិញ​សុភមង្គល​ក្នុង​គ្រួសារ និង​កិត្តិយស​របស់​មនុស្ស​ឡើយ ហេតុ​ដូច្នេះ​ហើយ​ទើប​មហាជន​តែងតែ​ឲ្យ​តម្លៃ​ទៅ​ដល់​បុគ្គល​ណា ដែល​ឲ្យ​តម្លៃ​កិត្តិយស​ជាង​លុយ ។

ជាក់ស្តែង​តារាចម្រៀង​ជួរ​មុខ​នៅ​កម្ពុជា អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា ទម្រាំ​មាន​ថ្ងៃនេះ ថ្ងៃ​ដែល​នាង​រីករាយ​នឹង​សុភមង្គល​ជាមួយ​ប្តី និង​កូន ថ្ងៃ​ដែល​នាង​មាន​គ្រប់យ៉ាង​ក្នុង​ដៃ ថ្ងៃ​ដែល​នាង​បាន​ជួយ​ដល់​គ្រួសារ​ម្តាយ និង​ប្អូន​ៗ គឺ​នាង​បាន​ហែល​ឆ្លង​នូវ​ឧបសគ្គ​រាប់​ជំពូក​ទាំង​ការ​រិះគន់​ម៉ាក់​ងាយ ទាំង​ការ​ដើរតួ​នាទី​ជា​មេ​គ្រួសារ​រក​លុយ​ជួយ​ដល់​ការ​សិក្សា​របស់​ខ្លួន និង​ប្អូន​ៗ​របស់​នាង ។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​មួយ​ដែល​អ្នកគាំទ្រ​មួយ​រូប​បាន​ថត​បង្ហោះ​ចូល​ក្នុង​បណ្តាញ​សង្គម និង​មាន​អ្នក​ចូល​ទស្សនា​ជាង ១​លាន​ដងនោះ កាលនោះ​តារាចម្រៀង​ស្រី​ដ៏​ល្បី​រូប​នេះ​បាន​ថ្លែង​នៅ​លើ​ឆាក​សម្តែង​មួយ ហើយ​នាង​បាន​លាតត្រដាង​ពី​ជីវិត​ដ៏​កំសត់​ត្រូវ​ឪពុក​ចាកចេញ​តាំងពី​តូច ដែល​គ្រានោះ គឺជា​ពេល​ដែល​តារាចម្រៀង​រូប​នេះ​ពោល​ទាំង​អួល​ដើម​.​ក និង​ទប់ទឹក​ភ្នែក​មិន​ស្រក់​មិន​បាន ។

ឱ​ក សុគន្ធ​កញ្ញា បាន​ពោល​បន្ត​ទាំង​រង្វង់​ភ្នែក​កំពុង​ដែល​ពោរពេញ​ដោយ​ទឹកភ្នែក​ប្រុង​តែ​នឹង​ស្រក់​ចុះ​នោះ​បន្ត​ថា «​នៅ​ពេល​ដែល​ឪពុក​ខ្ញុំ​ចាកចេញ ខ្ញុំ​មាន​តែ​ម្តាយ ហើយ​គាត់​ត្រូវ​ចិញ្ចឹម​គ្រួសារ​ទាំងមូល ។ នៅ​ពេល​នោះ​ខ្ញុំ តែងតែ​និយាយ​ប្រាប់​គាត់​ថា ខ្ញុំ​នឹង​រឹងប៉ឹង ហើយ​ខ្ញុំ​នឹង​ជួយ​គ្រួសារ​មួយ​នេះ » ដល់​ចំណុច​នេះ​តារាចម្រៀង​ស្រី​រូប​នេះ​ហាក់​ទប់​អារម្មណ៍​ក្តុកក្តួល​លែង​បាន ក៏​បង្អាក់​វាចារ​ប្រឹង​ញញឹម​ទាំង​ទឹកភ្នែក​ទៅ​កាន់​អ្នកគាំទ្រ និង​ខំ​ជូន​ទឹកភ្នែក​បណ្តើរ ហើយ​ក៏​ពោល​បន្ថែម​ទៀត​ថា «​ដោយ​មិនបាច់​ពឹងពាក់​កម្លាំង​មនុស្ស​ប្រុស​ទេ ហើយ​កូនស្រី​ម្នាក់​នេះ​នឹង​ធ្វើ​ជា​មនុស្ស​ធំ​ម្នាក់ ។ ហើយ​ពេល​នោះ ខ្ញុំ​តែងតែ​គិត​ថា លុយ​ប្រហែលជា​សំខាន់ អ៊ីចឹង​ខ្ញុំ​ក៏​ប្រាប់​គាត់​ថា ខ្ញុំ​នឹង​រក​លុយ​ចិញ្ចឹម​គ្រួសារ​មួយ​នេះ​ដោយ​កិ​តិ្ត​យស​ជូន​គ្រួសារ​របស់ខ្ញុំ​» ។

នាង​បាន​បន្ថែម​ថា ដោយសារ​តែ​ត្រូវ​រក​ប្រាក់​សម្រាប់​គ្រួសារ​មាន​ពេល​ខ្លះ នាងរង​ការ​រិះគន់ និង​មាន​គេ​តែងតែ​ម៉ាក់​ងាយ​ទៅ​លើ​អាជីព​របស់​នាង​ផង​ដែរ ខណៈ​ខ្លះ​ទៀត​ម៉ាក់​ងាយ​ថា​មនុស្ស​ស្រី​ធ្វើ​អ្វី​មិនកើត ។ ពាក្យ​សម្តី​ខ្លះ​ទេ ហើយ​មាន​ខ្លះ​គេ​តែងតែ​និយាយ​ថា ទៅ​ធ្វើការ ឬ​រកស៊ី​នៅ​ផ្លូវ​កាត់​ទើប​យើង​ទទួល​បាន​លទ្ធផល ។

នាង​បាន​បន​ត្ថា «​ប៉ុន្តែ​ខ្ញុំ​តាំងចិត្ត​ថា ខ្ញុំ​នឹង​ឆ្លងកាត់​ឧបសគ្គ ហើយ​ខ្ញុំ​នឹង​ជម្នះ​រាល់​ឧបសគ្គ ពាក្យ​សម្តី​ទាំងអស់ ដោយ​ម្តាយ​របស់ខ្ញុំ​គាត់​ផ្តាំ​ថា លុយ​សំខាន់ ក៏​ប៉ុន្តែ​លុយ​មិន​អាច​ទិញ​ក​ត្តិ​យស​បាន​នោះ​ទេ ។ ត្រូវ​យក​កិត្តិយស​នាំមុខ​គេ ហើយ​ស្វែងរក​លុយ​ដោយ​ភាព​ថ្លៃថ្នូរ​» ។ តារាចម្រៀង​ស្រី​ដែល​ជីវិត​បច្ចុប្បន្ន​ពោរពេញ​ដោយ​ភាព​ជោគជ័យ​និង​សុភមង្គល​ក្នុង​គ្រួ​សារបាន​បន្ថែម​ថា ពាក្យ​ទាំងនេះ​នឹង​ក្លាយទៅជា​ពាក្យស្លោក សម្រាប់​ជីវិត​របស់​នាង ។

នាង​បាន​បន្ត​ទាំង​មាន​ទឹកភ្នែក​ក្នុង​រង្វង់​កែវភ្នែក​ថា «​ដូច្នេះ​រឿងរ៉ាវ​កើតឡើង​បន្តបន្ទាប់ សុទ្ធតែ​ជា​ឧស​ប​គ្គ ប៉ុន្តែ​ខ្ញុំ​បាន​ឆ្លង​ទាំង​ទឹកភ្នែក ទាំង​សប្បាយ​រីករាយ ទាំង​ការ​តស៊ូ ទាំង​ពេល​ខ្លះ និយាយ​ក៏​គេ​អត់​ជឿ ។ ប៉ុន្តែ​សំខាន់ គឺ​យើង​បាន​ធ្វើ ហើយ​យើង​បាន​ទទួល​នូវ លទ្ធផល​ល្អ ហើយ​យើង​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មួយ​នេះ​មាន​ជំហរ​រឹង​មាំ ហើយ​ទទួល​បាន​នូវ​កិត្តិយស » ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ