ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចិញ្ចឹម​ត្រី​ឆ្តោ​​ ពិតជា​ខាត​ច្រើន​ជាង​ចំណេញ​ឬ​?

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​៖ គ្រា​ដែល​ព្រះអាទិត្យ​កំពុង​បញ្ចេញ​កំ​ដៅ​ក្តៅហែង​លើ​ភព​ផែនដី ដោយ​គ្មាន​ពពក​មក​ជួយ​បិទ​បាំង​នា​វេលា​ថ្ងៃត្រង់​​ រលក​កំ​ដៅ​បាន​កើនឡើង មើលឃើញ​ព្រេច​ៗ ដូច​ថ្ងៃ​កំពុង​បណ្តើរកូន ។ នៅ​លើ​ស្ពាន​ធ្វើ​ពី​ដើម​ប្ញ​ស្សី​ក្រាល​ក្តារ៣-៤​សន្លឹក ក្រឡេកឃើញ​ក្រុម​កម្មករ​២-៣​នាក់ កំពុង​មមារញឹក​លើក​ចំណី​ត្រី​ដែល​កិន​ស្រេច…

ខេត្តកំពង់ឆ្នាំង​៖ គ្រា​ដែល​ព្រះអាទិត្យ​កំពុង​បញ្ចេញ​កំ​ដៅ​ក្តៅហែង​លើ​ភព​ផែនដី ដោយ​គ្មាន​ពពក​មក​ជួយ​បិទ​បាំង​នា​វេលា​ថ្ងៃត្រង់​​ រលក​កំ​ដៅ​បាន​កើនឡើង មើលឃើញ​ព្រេច​ៗ ដូច​ថ្ងៃ​កំពុង​បណ្តើរកូន ។ នៅ​លើ​ស្ពាន​ធ្វើ​ពី​ដើម​ប្ញ​ស្សី​ក្រាល​ក្តារ៣-៤​សន្លឹក ក្រឡេកឃើញ​ក្រុម​កម្មករ​២-៣​នាក់ កំពុង​មមារញឹក​លើក​ចំណី​ត្រី​ដែល​កិន​ស្រេច ចាក់​ចូល​ក្នុង​ស្រះ ដែល​មាន​ត្រី​ឆ្តោ​រាប់​ម៉ឺន​ក្បាល​កំពុង​រង់ចាំ​អាហារ តាម​ពេល​កំណត់​។

សម្លេង​លាន់​ប្រាវ​ៗ​ចេញពី​ក្នុង​ទឹក​ជាស​ន្ធឹក​​ហ្វូង​ត្រី​ឆ្តោ​ខ្មៅ​ពពក​បាន​ស្ទុះ​ដណ្តើម​ចំណី​ស៊ី ដោយ​ត្រី​ខ្លះ​បាន​ស្ទុះ​ផុត​ពី​ក្នុង​ទឹក មក​សំដិល​ដេក​លើ​ចំណី​ដែល​មិន​ទាន់​លិច ភ្លេច​គិតដល់​មនុស្ស​ដែល​កំពុង​ឈរ​មើល​សកម្ម​ភាព​ពួក​វា​ ។ វា​ជា​ការ​ពិត ក្នុង​ខណៈ​ពេល​ដែល​កម្មករ​កំពុង​ឲ្យ​ចំណី​ត្រី​ដែល​មិនយូរ​មិនឆាប់​នឹង​ធំធាត់ ហើយ​ផ្តល់​ផល​ជាទី​គាប់ចិត្ត​នោះ ម្ចាស់​សិប្បកម្ម​ចិញ្ចឹម​ត្រី​បាន​គយគន់​យ៉ាង​យកចិត្តទុកដាក់ និង​ពេញចិត្ត​បំផុត​។

ទោះបីជា​យ៉ាងណា​ក្តី រឿងរ៉ាវ​ដែល​បង្កប់​នៅ​ពីក្រោយ​របរ​ចិញ្ចឹម​ត្រី​ឆ្តោ​នេះ គ្មាន​អ្វី​ដែល​គួរ​ឲ្យ​ពេញចិត្ត​នោះ​ឡើយ ពោល​គឺ​ត្រី​ឆ្តោ​មួយ​ក្បាល​ ពេល​ធំធាត់​ល្មម​ចាប់​លក់ គឺ​បាន​បំផ្លាញ​ត្រី​ធម្មជាតិ​ដែល​គេ​ចាប់ពី​ទន្លេ​បឹងបួរ​នានា រហូត​ដល់​ទៅ​៤​គីឡូ​ឯណោះ ហើយ​ការ​ចាប់​កូន​ត្រី​មក​ធ្វើ​ជា​ចំណី​ត្រី​ឆ្តោ​នេះ ក៏​ត្រូវ​គេ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ផង​ដែរ​។ សូ​ម្បី​តែ​ខ្យល់​ដែល​បក់​ចេញពី​ស្រះ​ចិញ្ចឹម​ត្រី​នោះ​ក៏​ហាក់ដូចជា​បញ្ហា​ក់ថា​ការ​ចិញ្ចឹម​ត្រី​នេះ​មាន​បញ្ហា​ដែរ ព្រោះ​ក្លិនឆ្អាប​ចេញពី​ក្នុង​ទឹក​ពណ៌​ក្រ​ម៉ៅ​លាយ​នឹង​ក្លិន​ចំណី​ធ្វើ​ពី​កូន​ត្រី​ស្រស់​ដែល​យើង​ស្ទើរតែ​ទ្រាំ​មិន​បាន​។ នៅ​ក្បែរ​មាត់​ស្រះ​មិន​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន សម្លេង​ម៉ាស៊ីន កិន​កូន​ត្រី​ល្អិត ៗ ក៍បាន​លាន់​ទ្រហឹង​អ៊ឺ​ង​អាប់​រក​ស្តាប់​អ្វី​មិន​ឮ ដែល​នេះ​ជា​សកម្មភាព​របស់​ក្រុម​កម្មករ យក​កូន​ត្រី​ល្អិត​ៗ​កិន ធ្វើ​ជា​ចំណី​ត្រី​ឆ្តោ​ស៊ី​ជា​អាហារ​ប្រចាំ​ថ្ងៃ​។

​​បុរស​វ័យ​ចំណាស់​ជា​ម្ចាស់​សិប្បកម្ម​ចិ​ញ្ជឹ​ម​ត្រី បាន​ចាប់ផ្តើម​រៀបរាប់ ដោយ​មិន​ប​ញ្ជេ​ញ ឈ្មោះថា​៖ ​គាត់​ជា​អតីតមន្ត្រី​រដ្ឋបាល​ជលផល​ចូល​និ​វឌ្ឍន៍ ដោយសារ​ភាព​អំពី​ចំណុច​អវិជ្ជមាន​នៃ​ការ​ចិញ្ចឹម​ត្រី​ឆ្តោ ​។ បុរស​រូប​នោះ បាន​និយាយ​ថា​៖ «​ការ​ចិ​ញ្ជឹ​ម​ត្រី​ឆ្តោ ពិតជា​មាន​ចំណែក​ក្នុង​ការ​បំផ្លាញ​ធនធាន​មច្ឆា​ជាតិ​យ៉ាងធ្ងន់ធ្ងរ ព្រោះ​ត្រី​ឆ្តោ​ គឺ​ស៊ីសាច់​ជា​អាហារ​។ អ្នក​ចិញ្ចឹម​ត្រូវ​ទិញ​កូន​ត្រី​តូច​ៗ ដែល​បាន​ពី​បទល្មើស​នេសាទ​មក​ឱ្យ​វា​
ស៊ី​។​»

អតីតមន្ត្រី​ជលផល​ចូល​និ​វឌ្ឍន៍​រូប​នោះ​​​បន្ត​ថា ពេល​ខែ​ទឹក​ឡើង​លិច​ខ្នង​កោះ កូន​ត្រី​គ្រប់​ប្រភេទ ខ្លះ​ទើប​ញាស់ ខ្លះ​ទៀត​ញាស់​បាន​ច្រើន​ថ្ងៃ បាន​ហែល​ត្រសង​តាម​ស្មៅ តាម​ដុប​ព្រៃស្បាត​ដែល​លិច​ទឹក​។ «​ពេល​នោះ​ហើយ បទល្មើស​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ស្បៃ​មុង ក៍បាន​ចាប់ផ្តើម​ដែរ​។​» គាត់​និយាយ ដោយ​លើក​កែវ​ទឹកតែ មក​ផ្លុំ​បន្ថយ​កំ​ដៅ​មុន​ពិសារ រួច​គាត់​បាន​បន្ត​ថា​៖ «​ដូច​អស់លោក​ដឹង​ស្រាប់​! ពាក្យ​ថា​ស្បៃ​មុង គឺ​ក្រឡា​តូច​ល្អិត​ណាស់ សូ​ម្បី​កូន​ត្រី​ប៉ុន​ជើងធូប​ក៍​ចេញ​មិន​រួច​ដែរ​។ ប៉ុន្តែ ក្រុម​អ្នក​ប្រ​ព្រិ​ត្តបទ​ល្មើស​បាន​ចូល​ស្បៃ​មុង​នេះ មក​ធ្វើ​ជា​ឧក​រណ៍​ចាប់​ត្រី​។​»

អតីតមន្ត្រី​ជលផល​ដដែល បាន​រៀបរាប់​បន្ត​បែប​កំប្លែង​ថា​៖ «​គេ​យក​ស្បៃ​មុង​មក​ធ្វើ​ជា​របាំង និង​ធ្វើ​ជា​លប ដើម្បី​ដាក់​ចាប់​ត្រី ទាំង​តូច​ទាំង​ធំ ចាប់​គ្មាន​សល់ សូ​ម្បី​មេត្រី កូន​ត្រី ចៅ​ត្រី ជីទួត ជីលួត ជីលា ត្រី​ក៍​មិន​សល់​ដែរ​។​» ។ កាល​គាត់ នៅ​មាន​តួនាទី​ជា​មន្ត្រី​រដ្ឋបាល​ជលផល ពេល​ចុះ​បង្ក្រាប​បទល្មើស​នេសាទ ជួប​របាំង​ស្បៃ​មុង​ម្តង​ៗ បាន​លើក​លប​ស្បៃ​មុង​ចាក់​កូន​ត្រី​លែងឱ្យ​ចូល​ក្នុង​ទន្លេ​វិញ ក្នុង​១​លប​ៗ​មានកូន​ត្រី​រាប់​លាន​ក្បាល​។ បើ​និយាយ​ឱ្យ​ងាយ​ស្តាប់ ក្នុង​១​លប​ៗ កូន​ត្រី​គ្រប់​ប្រភេទ ដែល​មាន​ទំហំ​ប្រមាណ​ផ្លែ​ធូប មាន​ប្រមាណ​ពី​១០​ទៅ​២០​គីឡូ ឬ​ច្រើន​ជាង​នេះ​ទ្វេ​ដង​។

ដោយសារ​ឃើញ ទិដ្ឋភាព​បែប​នេះ​ហើយ ទើប​ច្បាប់​ស្តី​ពី​ជលផល បាន​ចាត់​ទុក​ការ​នេសាទ ដោយ​ប្រើ​ឩ​ករ​ណ៍​ស្បៃ​មុង ជា​ឧបករណ៍​ល្មើសច្បាប់​ធ្ងន់ធ្ងរ​។​»បុរស​ជា​ម្ចាស់​សិប្បកម្ម​ចិ​ញ្ជឹ​ម​ត្រី​រូប​នោះ​បាន​បន្ថែម​ថា ផ្តើម​ចេញពី​បញ្ហា​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក៍​ដូច​ជា​ក្រសួងកសិកម្ម បាន​សម្រេច​បិទ​អាជីវកម្ម​ចិ​ញ្ជឹ​ម​ត្រី​ឆ្តោ​ម្តង​រួច​មក​ហើយ ដោយសារ​ការ​ចិ​ញ្ជឹ​ម​ត្រី​ឆ្តោ​នេះ គឺជា​ដើមហេតុ​ដែល​ធ្វើ​ឱ្យ​ធនធាន​ជលផល​រង​ការ​វិនាស​ហិនហោច​។ ប៉ុន្តែ ក្រោយមក ក្រសួង​បាន​អនុញ្ញាត្តិ​ឱ្យ​មានការ​ចិញ្ចឹម​ឡើង​វិញ ។​ប៉ុន្តែ​មាន​លក្ខណ​ឱ្យ​ស៊ី​ចំណី​សិប្បនិមិត្ត ។ ទាំងនេះ​គឺ ដើម្បី​ស្តារ​ធនធាន​ជលផល​ដែល​រិច​រិល​ទៅ ។

យ៉ាងនេះ​ក្តី ម្ចាស់​សិប្បកម្ម​ចិ​ញ្ជឹ​ម​ត្រី​ខាងលើ​នៅ​បាន​និយាយ​ថា​៖ នៅ​រដូវ​ទឹក​ស្រក អ្នក​ចិញ្ចឹម​ត្រី​ឆ្តោ​ទាំង​អស់​ទិញ​កូន​ត្រី​សមុទ្រ​មក​កិន​ជា​ចំណី​ឱ្យ​ត្រី​ឆ្តោ​ស៊ី​។ កូន​ត្រី​សមុទ្រ​គេ​ដឹក​យក​មក​លក់​ដល់​កន្លែង តម្លៃ​១៧០០​រៀល​ក្នុង​១​គីឡូក្រាម ពេល​ខ្លះ​ឡើង​ដល់​២​ពាន់​រៀល និង​ពេល​ត្រី​ខ្សត់ អាច​ឡើង​ដល់​៣​ពាន់​រៀលពេល​វា​ខ្សត់​មែនទែន​។ ប៉ុន្តែ បើ​នៅ​ពេល​ទឹក​ឡើង គឺ​មានកូន​ត្រី​ទឹកសាប បាន​ពីរ​បាំង​ស្បៃ​មុង ដែល​ក្នុង ១​គីឡូក្រាម​ថ្លៃ​តែ​១០០០ ទៅ​១២០០​រៀល​ប៉ុណ្ណោះ​។

បុរស​រូប​នោះ​បាន​បញ្ជាក់​ថា​៖​គាត់​បាន​ចាប់​មុខរបរ​ចិញ្ចឹម​ត្រី​ឆ្តោ​ជាង​៣​ឆ្នាំ​ហើយ ។ ឆ្នាំ​នេះ គាត់​ដាក់​ចិ​ញ្ជឹ​ម​កូន​ត្រី​ឆ្តោ​សរុប​ជាង​២០​ម៉ឺន​ក្បាល ដោយ​ចិញ្ចឹម​ក្នុង​ស្រះ​ចំនួន​៤ ក្នុង​ស្រះ​និ​មួយ​ៗ​មាន​ទំហំ​ជាង​កន្លះ​ហិ​កតា ។​បច្ចុប្បន្ន ត្រី​ឆ្តោ​គាត់​១​ក្បាលមាន​ទម្ងន់​ជាង​កន្លះ​គីឡូក្រាម​ហើយ​។ លោក​បាន​បញ្ជាក់​ថា​៖ ការ​ចិញ្ចឹម​ត្រី​ឆ្តោ​គឺ​ប្រើ​រយៈពេល​ពី​៦​ទៅ​៧​ខែ​គឺ​ដល់​ពេល​ចាប់​លក់​ហើយ​។ បើ​តាម​ការ​គណនា​កូន​ត្រី​ឆ្តោ​១​ក្បាល ពី​ចាប់ផ្តើម​ចិញ្ចឹម​រហូត​ដល់​ចាប់​លក់ វា​ត្រូវ​ស៊ី​ចំណី​អស់ ៤​គី​ឡ​ក្រាម ។ បើ​ក្នុង​ត្រី​ឆ្តោ​១​ក្បាល​ស៊ី​ចំណី​ស្រស់​អស់​៤​គីឡូក្រាម ដូច​ច្ឆេះ​ត្រី​ឆ្តោ​គាត់​មាន​ជាង​២០​ម៉ឺន​ក្បាល វា​នឹង​ត្រូវ​ការកូន​ត្រី​ជា​ចំណី​ដល់​ទៅ​ចំនួន​៨០០​តោន​ឯណោះ ។

ដោយឡែក​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ខ​ណ្ឌ័​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង​បានឱយ​ដឹង​ថា បច្ចុប្បន្ន​មាន​អ្នក​ចិញ្ចឹម​ត្រី​គ្រប់​ប្រភេទ​មាន​ជាង​៥០០​កន្លែង នៅ​ទូរ​ទាំង​ខេត្ត ដែល​ស្ថិត​នៅ​ជាប់​បឹង​ទន្លេសាប​ខ្លះ និង​ខ្លះ​ទៀត ចិ​ញ្ជឹ​ម​ក្នុង​ស្រះ ។​ត្រី​ចិ​ញ្ជឹ​ម​ទាំ​ហង​ជាង​៥០០​កន្លែង មាន​២​ប្រភេទ គឺ​ប្រភេទ​ទី​១ ត្រី​ចិ​ញ្ជឹ​ម​ដែល​ស៊ី​ចំណី​សិប្បនិមិត្ត ខ្លះ​ហៅ​ចំណី​គ្រាប់ ឬ​ចំណី​កា​រ៉ុ​ង​មាន ដូច​ជា​ត្រី​ប្រា ត្រី​ពោ​ធ៍ និង​ខ្យា គឺ​មាន​ជាង​៣០០​កន្លែង ​និង​ប្រភេទ​ទី​២ ការ​ចិ​ញ្ជឹ​ម​ត្រី​ឆ្តោ ដែល​ស៊ី​ចំណី​ស្រស់​មាន​គឺ​មាន​ជាង​២០០​កន្លែង ។

អត្ថបទសរសេរ ដោយ