រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ ៖ ចំនួន​អ្នក​ស្លាប់​ថយ​ចុះ ១៧% នៅ​ឆមាស​ទី​១


រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្តេច ក្រឡាហោម ស ខេ​ង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ ខែកក្កដា​នេះ​ថា មាន​លទ្ធផល​ប្រកបដោយ​ភាព​វិជ្ជមាន​នៃ​បញ្ហា​ចរាចរណ៍​រយៈពេល ៦​ខែ​នៃ ឆ្នាំ​២០២០​នេះ គឺ​ការ​គ្រោះថ្នាក់​មានការ​ថយ​ចុះ​គួរ​កត់សម្គាល់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន និង​មុន​ពេល​មានការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។

សម្តេច ស ខេ​ង បាន​បន្ត​ថា យោង​តាម​ទិន្នន័យ​ជា​ផ្លូវការ បាន​បង្ហាញ​ថា ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​រយៈពេល​១​ឆមាស​(​ពី​ថ្ងៃ​ទី​១​ខែមករា រហូត​ដល់​ថ្ងៃ​ទី​៣០​ខែមិថុនា​) ឆ្នាំ​២០២០​នេះ បើ​ប្រៀបធៀប​ឆមាស​ទី​១ ឆ្នាំ​២០១៩ គឺ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយ​ចុះ​៥៥២​លើក​ស្មើ​២៥% (១៦១៩​លើ​២១៧១​លើក​) ចំនួន​មនុស្ស​ស្លាប់​ថយ​ចុះ​១៧២​នាក់​ស្មើនឹង​១៧% (៨៦១​លើ​១០៣៣​នាក់​) ចំនួន​អ្នក​រង​របួស​ថយ​ចុះ​៧៧៨​នាក់​ស្មើនឹង​២៤% (២៤៤៩​លើ​៣២២៧​នាក់​) ។

ដូច​គ្នា​នេះ​ដែរ បើ​ប្រៀបធៀប​គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល​២​ខែ នៃ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក គឺ​ខែឧសភា និង​ខែមិថុនា ឆ្នាំ​២០២០ នឹង​ខែឧសភា និង​ខែមិថុនា ឆ្នាំ​២០១៩ គឺ​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយ​ចុះ​២៣៣​លើក ស្មើនឹង​៣៤%(៤៥៧​លើ​៦៩០​លើក​) ចំនួន​មនុស្ស​ស្លាប់​មានការ​ថយ​ចុះ​៧៩​នាក់ ស្មើនឹង​២៥% (២៤១​លើ​៣២០​នាក់​) និង​អ្នក​រង​របួស​បាន​ថយ​ចុះ​២៣៣​នាក់ ស្មើនឹង​២៣% (៧៦៦​លើ​៩៩៩​នាក់​) ។

តាម​ទិន្នន័យ​បញ្ជាក់​ខាងលើ​នេះ​គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ប្រជាពលរដ្ឋ​យើង​ពិតជា​មានការ​យល់​ដឹង និង​បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​កាន់តែ​ច្រើន​នៅ​ពេល​ប្រទេស​ជាតិ​យើង​មានការ​រីក​ចម្រើន មាន​កំណើន​យានយន្ត​ធ្វើ​ដំណើរ និង កំណើន​អ្នកបើកបរ​ក៏​ដោយ តែ​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយ​ចុះ ។

សម្តេច ស ខេ​ង បាន​ថ្លែង​ថា «​លទ្ធផល​វិជ្ជមាន​នេះ ក្នុង​នាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់​ជា​ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវថ្នល់​ដែល​បាន​ចូលរួម​គោរព​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​យ៉ាង​ខ្ជាប់ខ្ជួន និង​អរគុណ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច ក៏​ដូច​ជា​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​បាន​ល្អ​ប្រសើរ ។

សូម​ថ្លែងអំណរគុណ​ចំពោះ​គ្រប់​បណ្តាញសារព័ត៌មាន អង្គការក្រៅរដ្ឋាភិបាល និង អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ និង អប់រំ​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ​។

ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​បងប្អូន​ជនរួមជាតិ​ដែល​បាន​ផ្ញើ​សារ និង​ការ​បញ្ចេញមតិ ជា​ពិសេស​នៅ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ​ផ្ទាល់​តែ​ម្តង ដែល​សុទ្ធតែ​ជា​សារ និង​មតិ​ប្រកបដោយ​ខ្លឹមសារ​ចូលរួម​ស្ថាបនា​និង​កែ​លំអរ​»​។

សម្តេច សូម​លើកទឹកចិត្ត​ដល់​បងប្អូន​ជនរួមជាតិ បន្ត​ចូលរួម​ផ្តល់​ជា​មតិយោបល់ ក្នុង​ន័យ​ស្ថាបនា​និង​កែ​លំអរ​ថែម​ទៀត ដើម្បី​បន្ត​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង គឺ​មាន​ន័យ​ថា​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នឹង​កាន់តែ​ថយ​ចុះ ចំនួន​អ្នក​ស្លាប់​កាន់តែ​តិច សណ្តាប់ធ្នាប់​សាធារណៈ​កាន់តែ​មាន​របៀបរៀបរយ​ល្អ​ប្រសើរ សមជា​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ ជា​ប្រជាជាតិ​ស៊ី​វិ​ល័យ​។

ជាមួយ​គ្នា​នេះ​សម្តេច​ក៏​បាន​ក្រើនរំលឹក​ថែម​ទៀត​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច ក៏​ដូច​ជា​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចូលរួម​អនុវត្ត​ភារកិច្ច​របស់​ខ្លួន ត្រូវ​តែ​បន្ត​ការ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ និង​វិន័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ក្នុង​ការ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន ត្រូវ​កាត់​បន្ថយ ឬ​លប់​បំបាត់​ឲ្យ​បាន​នូវ​បាតុភាព​អវិជ្ជមាន​ផ្សេង​ៗ ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​យើង ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ