បើ​អ្នក​យល់​ថា ខ្លួន​ក្រីក្រ​ត្រូវ​ទៅ​ដាក់​ពាក្យ​សម្ភាសន៍​នៅ​សាលាឃុំ​-​សង្កាត់​ដើម្បី​បាន​ប្រាក់​ឧបត្ថម្ភ


រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ប្រកាស​ផ្តល់​ប្រាក់​ឧ​ត្ថ​ម​ម្ភ​ដល់​ពលរដ្ឋ​ក្រីក្រ និង​អ្នក​ងាយ​រង​គ្រោះ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ មក មាន​បាតុភាព​មិន​ប្រក្រតី​ជា​ច្រើន​ករណី​បាន​កើត​មាន គឺ​ការ​តវ៉ា​ត្អូញត្អែរ​ពី​ពលរដ្ឋ​មួយ​ចំនួន ថា ខ្លួន​ក្រ​ដែរ ហេតុ​អ្វី​មិន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ។

ឆ្លើយ​តប​បញ្ហា​នេះ ក្រសួងផែនការ​បាន​ចេញ​សេចក្តី​បំភ្លឺ​មួយ​កាលពី​ម្សិលមិញ ដោយ​បាន​បញ្ជាក់​ថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ​ក្នុងអំឡុងពេល​ជំងឺ​កូ​វី​ដ​១៩ គឺ​ផ្តល់​ជូន​តែ​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ​ដែល​កំពុង​កាន់​ប័ណ្ណ​សមធម៌​មាន​សុពលភាព​ប៉ុណ្ណោះ ។

ក្រសួង​បាន​បញ្ជាក់​ថា «​បើ​មានគ្រួសារ​គិត​ថា ខ្លួន​ក្រ ឬ​ងាយ​រង​គ្រោះ និង​ដើម្បី​រក្សា​បាន​នូវ​ភាព​ត្រឹមត្រូវ និង​សេចក្តី​ថ្លៃថ្នូរ សូម​មេត្តា​នាំ​គ្នា​ទៅ​សាលាឃុំ សង្កាត់​ដែល​ខ្លួន​រស់នៅ​អចិន្ត្រៃយ៍ ដើម្បី​ស្នើ​សុំ​សម្ភាសន៍​» ។

ការ​បំភ្លឺ​របស់​ក្រសួងផែនការ ដូច្នេះ​នៅ​ថ្ងៃ​ទី​១ កក្កដា បាន​ធ្វើ​ឡើង ក្រោយ​ពី​មានការ​ប្រមូលផ្តុំ​របស់​ប្រជាពលរដ្ឋ​ដោយ​មាន​អ្នក​បំផុស​ផង ដើម្បី​ទាមទារ​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋ ។ ករណី​នេះ​ក្រសួង​បាន​ចុះ​ដោះស្រាយ​នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ ប៉ៃលិន និង​ស្វាយ​រៀង ប៉ុន្តែ​ភាព​ជាក់ស្តែង​បាន​រក​ឃើញ​ថា ពលរដ្ឋ​ដែល​បាន​តវ៉ា​មិនមែន​ជា​ពលរដ្ឋ​ក្រីក្រ​ឡើយ ។

ក្រសួង​បាន​រក​ឃើញ​ថា ពលរដ្ឋ​ខ្លះ​កាន់​ប័ណ្ណ​សមធម៌​ហួស​សុពលភាព គ្រួសារ​ភាគច្រើន​ជា​គ្រួសារ​មាន​ជីវភាព​ប្រសើរ សមាជិកគ្រួសារ​ខ្លះ​កំពុង​រស់នៅ​ជាមួយ​គ្រួសារ​កូន​ដែល​មាន​ជីវភាព​ប្រសើរ និង​គ្រួសារ​ខ្លះ​លឺ​ការ​ប្រកាស​របស់​រាជរដ្ឋាភិបាល និង​ឃើញ​គ្រួសារ​ក្រីក្រ​ទទួល​បានការ​ឧបត្ថម្ភ ជា​សាច់ប្រាក់​ក៏​ចង់បាន​ដូច​គេ​ដែរ ។

សូម​ជម្រាប​ថា មន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន​ធ្លាប់​បាន​ប្រកាស​ដែល​ថា ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ពេល​នេះ​ជា​ជុំ​ទី​១ ជុំ​ទី​២ និង​ជុំ​បន្តបន្ទាប់ នឹង​មាន​ទៀត ប្រ​សិន​ជំងឺ​កូ​វី​ដ​នៅ​តែ​ជះ​ឥទ្ធិពល​ដល់​ជីវភាព​ពលរដ្ឋ​ក្រីក្រ ។ ដូច្នេះ​ការ​សម្ភាស​ផ្តល់​ប័ណ្ណ​សមធម៌ នៅ​តែ​ដំណើរការ ប្រ​សិន​ពលរដ្ឋ​ថា ខ្លួន​ក្រីក្រ អាច​ដាក់​ពាក្យ​ស្នើ​សុំ​សម្ភាស​យក​ប័ណ្ណ​សមធម៌​នៅ​សាលាឃុំ​សង្កាត់ របស់​ខ្លួន​ដែល​រស់នៅ ។ មេឃុំ​ខ្លះ​បាន​ត្អូញត្អែរ​ប្រាប់​កោះសន្តិភាព​ថា ពេល​គេ​ចុះ​សម្ភាស​ពលរដ្ឋ​មិនសូវ​អើពើ​ទេ តែ​ពេល​ទទួល​បាន​ប្រាក់​ទើប​នាំ​គ្នា​ឆោឡោ​ចង់បាន​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ