អភិបាលខេត្ត ៖ ត្រូវ​ចាត់​ទុក​ពលរដ្ឋ​ដូច​ឪពុក​ម្ដាយ​និង​​ជួយ​ដោះស្រាយ​កង្វល់​ផ្សេង​ៗ


ខេត្តកំពង់ចាម ៖ «ត្រូវ​ចាត់​ទុក​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ប្រៀប​បាន​ដូច​ជា​ឪពុក​ម្ដាយ​របស់​ខ្លួន​ និង​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​ទុក្ខ​កង្វល់​ផ្សេង​ៗ​ជូន​ដល់​ពួក​គាត់​នេះ​» នេះ​គឺជា​ប្រសាសន៍​របស់​​លោក​អ៊ុ​ន​ ចាន់​ដា ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ ដែល​បាន​ថ្លែង​​កាលពី​​រសៀលថ្ងៃ​ទី​៣០​ មិថុនា​ ឆ្នាំ​២០២០​ ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែង​តាំង​មុខ​តំណែង​ និង​បំពាក់​ឋានន្តរសក្តិ​ដល់​មន្ត្រី​នគរបាល​ចំនួន​៣៥០​នាក់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ​ដោយ​បាន​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​សន្និសីទ​សាលាខេត្ត​ ​ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​នាយ​ឧត្តមសេនីយ៍​ប៉ែន វិបុល​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ផងដែរ ​។

លោក​ឧត្តមសេនីយ៍ទោ​ឯម កុសល ស្នងការ​នគរបាល​ខេត្ត​បាន​គូសបញ្ជាក់​ថា ​ការ​ប្រឡង​ប្រណាំង​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នៅ​ក្នុង​ឆ្នាំ​២០១៩ ដែល​គ្មាន​បទល្មើស​មាន​៥០​ឃុំ​សង្កាត់​ ក្នុង​ចំណោម​ឃុំ​សង្កាត់​សរុប​​ទាំង ១០៩ ហើយ​យើង​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​ទូ​ទាំង​ប្រទេស​ចំនួន​៥​ឆ្នាំ​ជាប់​គ្នា ដោយ​ចាប់ពី​ឆ្នាំ​២០១៥​ដល់ ២០១៩ ។​ លទ្ធផល​ល្អ​នេះ​គឺ​បាន​មក​ពី​ការ​ខិតខំ​រួម​គ្នា​រវាង​កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​មន្ត្រីរាជការ និង​មានការ​ចូលរួម​គាំទ្រ​ស​ស្រាក់​សស្រាំ​ពី​ប្រជាពលរដ្ឋ​។

​លោក​​អ៊ុ​ន ចាន់​ដា អភិបាល​ខេត្ត​មាន​ប្រសាសន៍​ថា នគរបាល​មូលដ្ឋាន​រួម​ទាំង​ស្រុក ខេត្ត បាន​ខិតខំ​ប្រឹងប្រែង​ការពារ​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​ជូន​ដល់​ប្រជា​ពលរដ្ឋ​បាន​ល្អ ​។ ​ដោយ​មើល​ឃើញ​បែប​នេះ ហើយ​ត្រូវ​បាន​ថ្នាក់លើ​បំពាក់​ឋានន្តរ​ស​ក្តិ​ជូន​ដើម្បី​ជា​ការ​លើកទឹកចិត្ត​។ ដូច្នេះ​សូម​​មន្ត្រី​នគរបាល​ដែល​បំពាក់​សក្តិ​ជូន​ហើយ​នោះ ​ត្រូវ​តែ​ខិតខំ​បំពេញការងារ​របស់​ខ្លួន​បន្ថែម​ទៀត​នៅ​ក្នុង​អង្គភាព​​រៀង​​ៗ​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន​។

​លោក​អភិ​បា​ល​ខេត្ត​មាន​ប្រសាសន៍​បន្ត​ថា ធ្វើ​យ៉ាងណា​ត្រូវ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ស្រុក​មានការ​ទុកចិត្ត​មក​លើ​សមត្ថកិច្ច​និង​ពេញចិត្ត​ពេញ​ថ្លើម ​ហើយ​ត្រូវ​ជួយ​សម្រួល​និង​ដោះស្រាយ​រាល់​បញ្ហា​ផ្សេង​ៗ​ដែល​ពួក​គាត់​បាន​ពឹងពាក់​ និង​ដាក់​ពាក្យបណ្ដឹង​ឱ្យ​​ជួយ​ដោះស្រាយ​នៅ​តាម​បណ្ដា​ប៉ុស្ដិ៍​រដ្ឋបាល​។​ រយៈពេល​កន្លង​មក​ នគរបាល​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​សុវត្ថិភាព ​និង​សណ្ដា​ប់​ធ្នាប់​ក្នុង​ឱកាស​បោះ​ឆ្នោត​ជ្រើសរើស​ឃុំ​សង្កាត់​និង​តំណាងរាស្ត្រ​ដែល​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ល្អ​ប្រសើរ​រួម​ទាំង​បាន​ទប់ស្កាត់​ក្រុម​អសកម្ម​មួយ​ចំនួន​ដែល​ចង់​បង្ក​ច​លា​ច​ល​នៅ​ក្នុង​សង្គម​។

លោកអភិបាល​ខេត្តបាន​​បន្តទៀត​ថា កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្នុង​ការ​ប្រឡងប្រណាំង​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទូ​ទាំង​ប្រទេស​ទទួល​បាន​ចំណាប់​ថ្នាក់​លេខ​១ រយៈពេល​៥​ឆ្នាំ​ជាប់​ៗ​គ្នា​ ដូច្នេះ​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ សូម​ប្ដេជ្ញា​ចិត្ត​ប្រឹងប្រែង​ថែរក្សា​ខ្សែក្រវាត់​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ​បន្ថែម​ទៀត​។​មន្ត្រី​នគរបាល​ត្រូវ​ចាត់​ទុក​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ប្រៀប​បីដូច​ជា​ឪពុក​ម្ដាយ​របស់​ខ្លួន កាលណា​បើ​ពួក​គាត់​ពឹងពាក់​អ្វីមួយ​ត្រូវ​តែ​ប្រឹងប្រែង​ដោះស្រាយ​រក​ខុស​ត្រូវ​ជូន​ដោយ​គតិយុត្តិ​។

​លោក​នាយ​ឧត្តមសេនីយ៍​ប៉ែន វិបុល អគ្គស្នងការ​រង​នគរបាល​ជាតិ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​កិត្តិ​បណ្ឌិត​អគ្គស្នងការ​នគរបាល​ជាតិ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា កងកំលាំង​នគរបាល​ត្រូវ​រក្សា​នូវ​សេចក្តី​ថ្លៃថ្នូរ ព្រោះថា​ខេត្តកំពង់ចាម​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ សូ​ម្បី​តែ​រូប​លោក​មក​ចូលរួម​បំពាក់​ស​ក្តិ​ជូន​ដល់​មន្ត្រី​នគរបាល​នៅ​សាលាខេត្ត​ឃើញ​ថា​ បាន​រៀបចំ​មាន​របៀប​រៀបរយ​ល្អ​គួរឱ្យ​​សរសើរ ​ចាប់ តាំងពី​ឋានៈ​ស្នងការ​ខេត្ត​រហូត​ដល់​នាយ​ប៉ុស្តិ៍​ ​។ ​ការ​បំពាក់​សក្តិ​​នេះ គឺ​ដើម្បី​លើកទឹកចិត្ត​ដល់​នគរបាល​ដែល​បាន​ខិតខំ​ប្រឹងប្រែង​មាន​ស្នាដៃ​ល្អ​។

លោក​នាយឧត្តមសេនីយ៍​បានបន្ត​ថា ក្នុង​ដំណាក់​កាលដែល​ប្រទេស​កម្ពុជា​បាន​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ​១៩ ជាមួយ​នោះ​មន្ត្រី​នគរបាល​ត្រូវ​រួម​ចំ​ណែ​ក​សហការ​ជាមួយ​អាជ្ញាធរ​ ដើម្បី​ផ្សព្វផ្សាយ​វិធានការ​ការ​ពារ​កុំអោយ​ឆ្លង​ជំងឺ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខា​ភិ​បាល ទើប​មាន​សុវត្ថិភាព​៕ (​​កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ