ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាបនិក​ក្រុមហ៊ុន​ឱសថ​ ៖ ការ​ធ្វើ​ជំនួញ​ចាំបាច់​បំផុត​ត្រូវ​ចេះ​ចាប់​ឱកាស និង​សាង​ស្ពាន​ទំនាក់ទំនង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បទ​ពិសោធន៍​ជោគជ័យ​នៅ​ក្នុង​អាជីវកម្ម​របស់​សហគ្រិន​ម្នាក់​ៗ គឺ​ខុស​ពី​គ្នា ហើយ​ក៏​មាន​ចំណុច​ខ្លះ​ក៏​ដូច​គ្នា​ដែរ នោះ គឺ​ការ​មាន​ផែនការ​ច្បាស់លាស់ និង​ចក្ខុវិស័យ​វែង​ឆ្ងាយ ។ យ៉ាងណា…

រាជធានី​ភ្នំពេញ ៖ បទ​ពិសោធន៍​ជោគជ័យ​នៅ​ក្នុង​អាជីវកម្ម​របស់​សហគ្រិន​ម្នាក់​ៗ គឺ​ខុស​ពី​គ្នា ហើយ​ក៏​មាន​ចំណុច​ខ្លះ​ក៏​ដូច​គ្នា​ដែរ នោះ គឺ​ការ​មាន​ផែនការ​ច្បាស់លាស់ និង​ចក្ខុវិស័យ​វែង​ឆ្ងាយ ។

យ៉ាងណា មិ​ញ​ភាព​ជោគជ័យ​នៅ​ក្នុង​មុខ​ជំនួញ​ក៏​គួប​ផ្សំ​ឱកាស​ហុច​ឲ្យ​ដោយ​មិនដឹង​ខ្លួន ឬ​ក៏​ត្រូវ​មាន​ភាព​ឆ្លាត​វ៉ៃ​ក្នុង​ការ​ចាប់​យក​ឱកាស ជា​ពិសេស​នោះ​គឺជា​បង្កើត​ស្ពាន​ឆ្លង​ទៅ​ក្តោប​ទីផ្សារ​សម្រាប់​ផលិតផល ។

សុភាសិត​ខ្មែរ​តែងតែ​ពោល​ថា នៅ​ពីក្រោយ​ភាព​ជោគជ័យ​របស់​បុរស គឺ​មាន​ស្ត្រី​ខ្លាំង​មួយ​រូប​។ ក៏​ប៉ុន្តែ​សម្រាប់​លោក​ឧកញ៉ា​ឱសថ​បណ្ឌិត ហៃ លី​អ៊ា​ង ស្ថាបនិក​ក្រុមហ៊ុន​ឱសថ PPM និង​ក្រុមហ៊ុន​ផលិត ផល​សរីរាង្គ Confirel ហាក់​មាន​ភាព​ខុស​ប្លែក​ពី​អ្នកជំនួញ​ដទៃ ព្រោះ​ភាព​ជោគជ័យ​របស់​លោក​ទទួល​បាន​មុន​ពេល​លោក​ចាប់​កសាង​ជីវិត​គ្រួសារ​ទៅ​ទៀត ។

លោក​ឱសថ​បណ្ឌិត​បាន​បញ្ជាក់​ថា «​សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​នាម​ជា​សហគ្រិន​មួយ​រូប​ទៅ​ហើយ​តាំងពី​រូប​ខ្ញុំ​នៅ​ម្នាក់ឯង​ម្លេះ ។ ដូច្នេះ​គឺ​វា​ចេញពី​ការ​ខិតខំ​ផ្ទាល់ខ្លួន ការ​យល់​ឃើញ​ផ្ទាល់ខ្លួន ហើយ​ខ្ញុំ​ក៏​មិន​ដែល​គិត​ទៅ​ពឹង​គេ​ទេ មួយ​ជីវិត​នេះ សូ​ម្បី​តែ​ខ្ចី​លុយ​គេ​ក៏​មិន​ធ្លាប់​ដែរ ដែល​នេះ​គឺជា​ទម្លាប់​មួយ​តាំងពី​វ័យ ១១ ឆ្នាំ រឿង​សុំ​គេ​អី​នឹង​គឺ​អត់​មាន​ទេ ។ អ៊ីចឹង​ធ្វើ​អ្វី​ពឹង​លើ​កម្លាំង​ខ្លួនឯង​ទាំងអស់ មិន​ដែល​ខ្ចី​គេ​ទេ ។ ប៉ុន្តែ​ក្នុង​ឆាកជីវិត យើង​មិន​អាច​រស់នៅ​ម្នាក់ឯង ឬ​រស់នៅ​ក្រៅសង្គម បាន​ទេ សូ​ម្បី​តែ​ជើង​យើង​ក៏​ត្រូវ​មាន​ពីរ​ដែរ ប៉ុន្តែ​បើ​យើង​មាន​ពីរ យើង​ក៏​រត់លឿន​ជាងគេ​ដែរ ប៉ុន្តែ​ក៏​មិន​ត្រូវ​គិត​ថា ទាល់តែ​មាន​ពីរ​ទើប​ធ្វើ​អ្វី​កើត​ទេ ។

ជាក់ស្តែង​អ្នក​ដែល​គាត់​មាន​ជើង​មួយ ក៏​គាត់​នៅ​តែ​ខំ​រត់ ដូច​គេ​ដូច​ឯង ទោះ​រត់​មិន​បាន​លឿន​ដូច​អ្នក​ជើង​ពីរ តែ​គាត់​ក៏​មាន​ទឹកចិត្ត ហើយ​ទទួល​បាន​ជើងឯក​ខាង​រត់​ជើង​មួយ​ដែរ ។ លោក​ឱសថ​បណ្ឌិត បាន​ឲ្យ​ដឹង​បន្ថែម​ថា «​ជោគជ័យ​របស់ខ្ញុំ គឺ​វា​ចេញពី​គំនិត ការ​យល់​ឃើញ​របស់ខ្ញុំ​ផ្ទាល់ និង​ការ​ចាប់​យក​ឱកាស ព្រោះ​ក្នុង​ជីវិត​របស់​យើង​តែងតែ​មានឱកាស ។

បើ​ទោះបីជា​យើង​ខិតខំ​យ៉ាងណា​ក៏​ដោយ បើ​ឱកាស​មិន​ទាន់​មក​ដល់ ក៏​យើង​មិន​ទាន់​អាច​សម្រេច​បាន​ដែរ​។ ឧទាហរណ៍​ដូច​ជា ពេល​ដែល​ខ្ញុំ​ត្រឡប់​មក​កម្ពុជា​វិញ ពេល​កម្ពុជា​ស្ថិត​នៅ​ក្រោម​ទណ្ឌកម្មសេដ្ឋកិច្ច រហូត​ដល់​ឆ្នាំ ១៩៩២ ពេល​យើង​ស៊ី​ញ៉េ​ចុះ​ស​ន្និ​សញ្ញា​ទី​ក្រុងប៉ារីស គឺ​ប្រទេស​យើង​នៅ​ក្រោម​ទណ្ឌកម្មសេដ្ឋកិច្ច អ៊ីចឹង​យើង​មិន​អាច​ធ្វើ​អ្វី​បាន​នៅ​ប្រទេស​កម្ពុជា​យើង​ទេ ។ ពេល​នោះ ខ្ញុំ​បាន​បង្កើត​ជា​ស្ពាន តាម​រយៈ​ការ​ផ្ញើ​ថ្នាំ​ជា​កញ្ចប់​មក​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ ១៩៨៤ កាលដែល​យើង​ធ្វើ​ពេល​នោះ មិន​ទាន់​បាន​គិត​ពី​ការ​រកស៊ី​អី​ទេ គឺ​គិត​ត្រឹមតែ​ប្រទេស​កម្ពុជា​យើង​ដែល​ទើបតែ​ឆ្លងកាត់​របប​ប៉ុ​ល ពត ហើយ គេ​មិន​ត្រូវ​ទោះ​មាន​បញ្ហា​អ្វី​ក៏​ដោយ ក៏​គេ​មិន​ត្រូវ​ទៅ​ធ្វើបាប​ប្រជាពលរដ្ឋ​យើង​ដែល​មិនដឹង​អី​ដែរ​» ។

សហគ្រិន​ជោគជ័យ​រូប​នេះ​បាន​បន្ត​ថា «​អ៊ីចឹង​ដោយសារ​តែ​យើង​ជា​អ្នកបច្ចេកទេស​ខាង​ផ្នែក​ថ្នាំ ឱសថ អ៊ីចឹង​យើង​ក៏​គិត​ថា​តើ​យើង​អាច​ធ្វើ​អ្វី​បាន អាច​ជួយ​អ្វី​បាន​ដល់​ប្រទេស​របស់​យើង​តាម​រយៈ​ការ​ជួយ​ពី ចម្ងាញ​។ អ៊ីចឹង ទោះបីជា​គេ​មានការ​ដាក់​ទណ្ឌកម្ម ហ៊ា​ម​មិន​ឲ្យ​រកស៊ី មិន​ឲ្យ​ផ្ញើ​លុយ មក​កម្ពុជា​យើង តែ​ធម្មតា​មានច្បាប់ (​ដាក់​ទណ្ឌកម្ម​) ក៏​មាន​ទ្វារ​អាច​ចូល​បាន​ដែរ អ​ញ្ចឹ​ង​យើង​ក៏​គិតដល់​គន្លឹះ ឬ​វិធី​ណា​អាច​ជួយ​ប្រទេស​កំណើត​របស់​ខ្លួន​បាន អ៊ីចឹង​ខ្ញុំ​មើលឃើញ​ចន្លោះ​មួយ​ដែល​យើង​អាច​ចូល​មក​បាន នោះ​គឺ​តាម​រយៈ​ជំនួយ​មនុស្សធម៌ ។

ត្រង់នេះ​មាន​ន័យ​ថា​អ្វី​ដែល​ទាក់ទង​ទៅ​នឹង​មនុស្សធម៌ គឺ​គេ​មានការ​អត់ឱន​ឲ្យ​ខ្លះ តែ​នៅ​មាន​កម្រិត​របស់​គេ ឧទាហរណ៍​ជំនាន់​នោះ​គឺ​យើង​អាច​ផ្ញើ​ជា​ថ្នាំ​អី​បាន តែ​គឺ​ចំណុះ​គឺ​មិន​ឲ្យ​លើស ១០០០ ហ្វ្រ​ង់ ។ ពេល​ដែល​ខ្ញុំ​បាន​ធ្វើ​បែប​នេះ ធ្វើ​ឲ្យ​គេ​ស្គាល់​នូវ​ផលិតផល​ដែល​ខ្ញុំ​បាន​នាំ​ចូល​និង​ផ្ញើ​មក​ស្រុក​ខ្មែរ ក៏​ដូច​ជាទី​ផ្សារ​ថ្នាំ​របស់ខ្ញុំ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ក៏​បាន​ស្គាល់​រូប​ខ្ញុំ​ដែរ អ​ញ្ចឹ​ង​ពេល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ គឺ​យើង​អត់​បាន​ទៅ​រក​ទីផ្សារ​អី​ទេ គឺ​គ្រាន់តែ​មក​មើល​ប្រទេស​កម្ពុជា​យើង ប្រែ​ក្លាយទៅជា​យ៉ាងណា​ទៅ បន្ទាប់​ពី​កាលដែល​យើង​បាន​ជួប​ប្រទះ​នឹង​សង្គ្រាម​នៅ​ក្នុង​ប្រទេស​យើង​នោះ ។

លោក​ឧកញ៉ា ហៃ លី​អ៊ា​ង បញ្ជាក់​ជា​ថ្មី​ម្តងទៀត​ថា « អ​ញ្ចឹ​ង​នោះ​ក៏​ជា​ឱកាស ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់ផ្តើម ភ្លាម នូវ​មុខរបរ​ផ្នែក​ថ្នាំពេទ្យ​នេះ រហូត​ដល់​សព្វថ្ងៃ​ដែល​យើង​អាច​នាំ​ចេញ​ទៅ​ប្រទេស​ជា​ច្រើន​លើ​សកលលោក​យើង​នេះ ។ នេះ​គឺជា​ឧទាហរណ៍​មួយ​ស្តី​ពី​ឱកាស ដែល​យើង​អត់​បាន​គិត​ទុកជា​មុន​ទេ ព្រោះ​ការ​វិល​ត្រឡប់​មក​ខ្មែរ​ដំបូង​គ្រាន់តែ​ចង់​ដឹង​ថា​កម្ពុជា​យើង​វា​ប្រែ​ក្លាយទៅជា​យ៉ាងម៉េច​ទៅ ហើយ​ជំនាន់​នោះ​ស្អី​ក៏​យើង​អត់​មាន​ដែរ សូ​ម្បី​តែ​ថ្នាំពេទ្យ​ដែល​យើង​លក់​ក៏​ឥត​មានច្បាប់​អត់​មានអី​ដែរ ក៏​ប៉ុន្តែ​ពេល​យើង​មក​ដល់​ស្រុក​ខ្មែរ យើង​ឃើញ​មានឱកាស អ​ញ្ចឹ​ង​ក៏​យើង​បាន​ឆ្លៀតឱកាស​នឹង​ចាប់ផ្តើម​ជំនួញ​ខាង​ថ្នាំ​តែ​ម្តង​ទៅ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ