ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាហែលទឹក​កំពុង​ត្រូវ​​ជំរុញ​ឱ្យ​ក្លាយ​ជា​​កីឡា​ដែល​មាន​សក្តានុពល​មួយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ផែនការមេ​របស់​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ស្ម័គ្រចិត្ត កាន់តែ​ជំរុញ​ឱ្យ​មានការ​យកចិត្តទុកដាក់​លើ​វិស័យ​ហែល​ទឹក ដោយ​សហព័ន្ធ​បាន​ទាំង​ចាត់​ទុក​ថា កីឡា​ហែល​ទឹក​គឺជា​វិស័យ​មួយ​ដែល​កម្ពុជា ងាយ​នឹង​មានឱកាស​ដណ្ដើម​យក​មេដាយ​លើ​ឆាក​អន្តរជាតិ ប្រសិនបើ​ជំរុញ និង​មានការ​ត្រៀម​ទុក​ឱ្យ​ល្អ​នោះ​ផង ។…

រាជធានី​ភ្នំពេញ ៖ តាម​ផែនការមេ​របស់​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ស្ម័គ្រចិត្ត កាន់តែ​ជំរុញ​ឱ្យ​មានការ​យកចិត្តទុកដាក់​លើ​វិស័យ​ហែល​ទឹក ដោយ​សហព័ន្ធ​បាន​ទាំង​ចាត់​ទុក​ថា កីឡា​ហែល​ទឹក​គឺជា​វិស័យ​មួយ​ដែល​កម្ពុជា ងាយ​នឹង​មានឱកាស​ដណ្ដើម​យក​មេដាយ​លើ​ឆាក​អន្តរជាតិ ប្រសិនបើ​ជំរុញ និង​មានការ​ត្រៀម​ទុក​ឱ្យ​ល្អ​នោះ​ផង ។ សហព័ន្ធ​បាន​ទាំង​កំណត់​ថា អាង​ហែល​ទឹក​នៅ​ស្ដា​ត​អូ​ឡាំ​ពិ​ក គឺជា​កន្លែង​បណ្ដុះបណ្ដាល ដ៏​សំខាន់​នោះ​ផង​។

ការ​ជំរុញ​ដែល​បាន​ធ្វើ​ឡើង គឺ​ចាប់ផ្ដើម​ពី​ការ​បណ្តុះបណ្តាល​ជំនាញ​ហែល​ទឹក​កម្រិត​មូលដ្ឋាន​ដល់​​មន្ត្រី និង​គ្រូបង្វឹក​នៅ​តាម​ខេត្ត​ដែល​មាន​អាង​ហែល​ទឹក ដោយ​សហព័ន្ធ​អះអាង​ថា ការ​បណ្ដុះ​ឯកទេស​តាំងពី​កម្រិត​ដំបូង​នេះ​ទៅ ទើប​អាច​ឱ្យ​ធនធាន​អ្នក​ហែល​ទឹក​នៅ​កម្ពុជា មាន​សមត្ថភាព​ពេញកម្លាំង​បាន ។ នេះ​ជា​យុទ្ធសាស្ត្រ ដែល​សហព័ន្ធ​ធ្វើ​ឡើង​ដោយ​គេ​រំពឹង​ថា កីឡាហែល​​ទឹក​នឹង​បង្កើន​គ្រឹះ​កាន់តែ​រឹង​មាំ​នៅ​ក្នុង​វិស័យ​មួយ​នេះ​។

លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​អះអាង​ថា ក្រោយ​ពី​សហព័ន្ធ​បាន​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​ហែល​ទឹក​កម្រិត​មូលដ្ឋាន ដល់​មន្ត្រី និង​គ្រូបង្វឹក​វិទ្យាល័យ​ទាំង​៤ នៅ​ស្រុក​កោះធំ លោក​កត់​សម្គាល់ថា អ្នក​ទទួល​ការ​បណ្ដុះបណ្ដាល កាន់តែ​យល់​ដឹង ហើយ​ក៏​កាន់តែ​បំផុសទឹកចិត្ត​ឱ្យ​មាន​អ្នក​ស្រឡាញ់​កីឡាហែលទឹក​ខ្លាំង​ឡើង​។

សហព័ន្ធ​ប្រកាស​ថា នឹង​បន្ត​ប្រើ​យុទ្ធសាស្ត្រ​មួយ​នេះ នៅ​គ្រប់​ខេត្ត​ក្រុង​សំខាន់ ដោយ​គម្រោង​បន្ទាប់ គឺ​នឹង​រៀបចំ​បើក​នៅ​ខេត្តបាត់ដំបង​២​វគ្គ​ទៀត ដោយសារ​តែ​ទីតាំង​នៅ​ក្នុង​ខេត្ត​នោះ មាន​អាង​ហែល​ទឹក​ស្រាប់​ដែល​មាន​ស្ដង់ដារ ងាយស្រួល​ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ទាំង​គ្រូ និង​កីឡាករ​-​កីឡាការិនី ។

យ៉ាងណាមិញ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​កសហព័ន្ធ​បាន​ជ្រើស​យក​អាង​ហែល​ទឹក​នៅ​ទីនោះ ជា​កន្លែង​ហ្វឹកហាត់ និង​បណ្ដុះបណ្ដាល ។ លោក​ថា អាង​ហែល​ទឹក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ គឺជា​មូលដ្ឋាន​ធំ​ដ៏​សំខាន់​ក្នុង​ការ​បណ្តុះបណ្តាល​ធនធាន​អត្ត​ព​លិ​ក​ឆ្នើម​ៗ ដោយ​សហព័ន្ធ​បាន​ប្រើ​ជា​កន្លែង​បណ្ដុះបណ្ដាល​ជា​ប្រចាំ​ដល់​មន្ត្រី​ជាង​៥០​នាក់​ម្ដង​ៗ​យ៉ាងតិច ដែល​ពួក​គាត់​មួយ​ចំនួន​គឺ​ចម្រាញ់​មក​ពី​បណ្តា​ខេត្ត​នានា​។

លោក​បន្ត​ថា អ្នក​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​ដូច​ជា​នៅ​ស្រុក​កោះធំ​មុន​នេះ ពួក​គាត់​នឹង​បន្ត​ជួយ​ដល់​គ្រូ​ឲ្យ​មាន​ជំនាញ​ហែល​ទឹក​ច្បាស់លាស់ ដើម្បី​បង្ហាត់បង្រៀន​កីឡាករ​-​កីឡាការិនី​ក្នុងស្រុក​​នេះ ឱ្យ​ដើរតួ​ជា​អ្នក​បង្វឹក​បន្ត ។ លោក​បញ្ជាក់​ថា សហព័ន្ធ​ក៏​បាន​អនុវត្ត​ឲ្យ​វគ្គ​គ្រឹះមួយ​នេះ​មាននៅ​ខេត្តកំពង់ចាម​ផង​ដែរ ដោយ​អនុញ្ញាត​ឱ្យ​កីឡាករ បាន សុខ​ហ៊ុយ ដែលបាន​ជាប់​ជា​កីឡាករ​ថ្នាល​អស់​រយពេល​២​ឆ្នាំ​ហើយ​សព្វ​ថ្ងៃនេះ​គណៈកម្មការ​សហព័ន្ធ​ជ្រើសរើស​កីឡាករ​ខេត្តកំពង់ចាម​រូប​នេះ​ក្លាយជា​អ្នក​បំពេញការងារ​បណ្ដុះបណ្ដាល​ជំនួស​សហព័ន្ធ​។

មិន​ខុស​ពី​ការ​លើក​ឡើង​ពី​យុទ្ធសាស្ត្រ​ខាងលើ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​កោះធំ បាន​បញ្ជាក់​ថា ការ​បណ្ដុះបណ្ដាល​ជំនាញ​ហែល​ទឹក​នៅ​កោះធំ គឺជា​គំរូ​មួយ​សម្រាប់​ការ​បណ្ដុះបណ្ដាល​នៅ​ខេត្ត​បន្តបន្ទាប់ ខណៈ​ដែល​គោលបំណង​ក្នុង​ការ​រៀបចំ​នេះ គឺ​ចង់​ឲ្យ​មាន​គ្រូ​និង​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​ចេញពី​ការ​បណ្ដុះ​នេះ ក្លាយជា​កីឡាករ​ឆ្នើម។

ផ្តើម​ចេញពី​គោលការណ៍​នេះ លោក​ប្រធាន​សហព័ន្ធ បាន​ជំរុញ​លើកទឹកចិត្ត និង​បំផុស​ចលនា​យុវជន យុវនារី សិស្សានុសិស្ស​ក្នុង​វិទ្យាល័យ​ទាំង​៤ នៃ​ស្រុក​កោះធំ ឲ្យ​ចូលរួម​ក្នុង​វិស័យ​កីឡា ដើម្បី​លើកកម្ពស់​សុខភាព ក៏​ដូច​ជា​ស្វែងរក​កីឡាករ​ដែល​មាន​សមត្ថភាព​ខ្ពស់ អាច​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​ជាតិ និង​អន្តរជាតិ​។

លោក ហែម គិរី បាន​បញ្ជាក់​ទៀត​ថា តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ទាក់ទង​នឹង​វិស័យ​កីឡា​នេះ រាជរដ្ឋាភិបាល​ក៏​បាន​សាងសង់​កន្លែង​បាល់ទាត់ បាល់បោះ បាល់ទះ ជា​ពិសេស​អាង​ហែល​ទឹក​ខ្នាត​អន្តរជាតិ ដែល​អាច​ហ្វឹកហាត់​កីឡាករ​-​កីឡាការិនី​ដើម្បី​ត្រៀមខ្លួន​ចូលរួម​ប្រកួត​កីឡា SEA GAMES លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ដោយ​រំពឹង​ថា កីឡា​មួយ​៥មុំនេះ នឹង​មាន​សន្ទុះ​ខ្លាំង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ