រឿង​ចាស់​មិន​ទាន់​បញ្ចប់​ផង ​បង្ក​អុកឡុក​អ្នក​​ភូមិ​ជាថ្មី​ទៀត​​


ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ដែល​បង្ក​ភាព​ក្ដៅក្រហាយ​ដល់​អ្នក​ភូមិ​ស្ទើរ​រាល់ថ្ងៃ ពេល​នេះ​ត្រូវ​កម្លាំង​នគរ​បាល​ផ្នែក​អនុវត្ត​ដីកា​ចាប់ខ្លួន​យក​ទៅ​ប្រគល់​ឲ្យ​ចៅក្រម​ស៊ើបសួរ​នៅ​សាលាដំបូង​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​០១ កក្កដា នៅ​ភូមិ​ចំការ​ប្ញស្សី សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ដែល​ជាប់ចោទ​ពី​បទ​ «​បំភ្លេច​បំផ្លាញ​ទ្រព្យ​អ្នក​ដទៃ​»​ ។

លោក​កង សុ​ផា​ន់​ណ្ណា អនុប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ទ​ទួល​ផ្នែក​អនុវត្ត​ដីកា​បាន​ឲ្យ​ដឹង​ថា ជន​ត្រូវ​ចោទ​រូប​នេះ​ ឈ្មោះ ឃឿ សុខ​ហៀ​ង អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ចំការប្ញស្សី​ សង្កាត់​ព្រែក​ព្រះស្ដេច​ ។ ជន​នេះ​ត្រូវ​បាន​នាំ​ខ្លួន​តាម ​«​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​» លេខ​៤១៤ ចុះ​ថ្ងៃ​ទី​០១ មិថុនា ២០២០ របស់​លោក​ចាប តុលា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ ។ លោក​កង សុ​ផា​ន់​ណ្ណា បាន​ប្រាប់​ថា ឈ្មោះឃឿ សុខ​ហៀ​ង នេះ​ត្រូវ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ធ្វើការ​ចោទប្រកាន់​ពី​បទ«​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនាមាន​ស្ថាន​
ទម្ងន់​​ទោស​» ដែល​ប្រព្រឹត្ត​កាលពី​កំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ នៅ​ភូមិ​ចំការ​ប្ញស្សី សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង​ ។ ប៉ុន្តែ​ជន​នេះ ​មិន​ទាន់​បាន​ចូលខ្លួន​ទៅ​ទ​ទួល​ទោស ដើម្បី​បញ្ចប់​សំណុំរឿង​ចាស់​ផង ជន​នេះ​បែរជា​ដើ​បង្ក​ការ​អុកឡុក​អ្នក​ភូមិ​ស្ទើរ​រាល់ថ្ងៃ​ដូច​មនុស្ស​បែក​ថ្នាំ​ ។

ជុំវិញ​ករណី​សកម្មភាព​ជនជាប់ចោទ​ ឈ្មោះ ឃឿ សុខ​ហៀ​ង នេះ បើ​តាម​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​បាន​រាយ​ការ​ណ៍​ប្រាប់​សមត្ថកិច្ច​ថា ជន​នេះ​ តែង​បង្ក​ការ​អុកឡុក​នៅ​ក្នុងភូមិ ធ្វើ​ឲ្យ​អ្នក​ភូមិ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង តាម​រយៈ​សកម្មភាព​ជន​នេះ​ដើរ​កាន់​កាំបិត ដំបង ស្រែក​ឡូឡា​គំរាមកំហែង​អ្នក​ភូមិ បង្ក​ភាព​អសន្តិ​សុខ​​ទាំង​យប់​ទាំង​ថ្ងៃ​ ។ អ្នក​ភូមិ​បាន​បញ្ជាក់​ថា គេ​មិនដឹង​ថា តើ​ជន​នេះ ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស​់​គ្រឿងញៀន​ដែរ​ឬ​យ៉ាងណា​នោះ​ទេ តែបើ​តាម​ពិនិត្យ​លើ​សកម្មភាព​របស់​ជន​នេះ ដែល​បង្ក​បញ្ហា​ម្ដង​ៗ​ដូច​ជា​មនុស្ស​បែក​ថ្នាំ​ ។ ប៉ុន្តែ​យ៉ាងណា ពេល​នេះ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ជន​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​ភូមិ​បាន​ធូរទ្រូង​បន្តិច​។

លោក​កង សុ​ផា​ន់​ណ្ណា ក៏​បាន​បញ្ជាក់​ដែរ​ថា ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ សកម្មភាព​ជន​នេះ​ត្រូវ ត្រូវ​ពលរដ្ឋ​ថត​ទុកជា​វត្ថុ​តាង​។ បើ​ពិនិត្យ​លើ​សកម្មភាព​របស់​ជន​នេះ គឺ ជន​នេះ​បាន​កាន់​កាំបិត កាន់ដំបង ស្រែក​ឡូឡា​គំរាមកំហែង​អ្នក​ភូមិ​គួរ​ឲ្យ​ភ័យ​ខ្លាច​បំផុត​។ ប៉ុន្តែ​ពេល​នេះ​ត្រូវ​កម្លាំង​របស់​លោក​ចាប់ខ្លួន​តាម​ដីកា លើ​សំណុំរឿង​ចាស់​ហើយ ដើម្បី​ប្រគល់​ឲ្យ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ ៕ ​

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ