​ពីយប់បុរសម្នាក់​ប្រាប់គេថា «ចង់តែ​ឡើង​ភ្នំឱ្យ​រន្ទះបាញ់» លុះព្រឹកឡើង​ផ្អើលក្បែរ​ជើង​ភ្នំ​


ខេត្តបន្ទាយមានជ័យ ៖ មានករណី​ប្រទះឃើញ​បុរសម្នាក់បាន​បាត់បង់ជីវិត​​នៅម្តុំជើងភ្នំ ហើយត្រូវបានគេសង្ស័យ​ថា បុរសរងគ្រោះ​គ្មាន​លុយ​ទៅ​លោះ​យក​ម៉ូតូ​ដែល​បាន​ដាក់​​បញ្ចាំ និង​មិន​ហ៊ាន​ចូល​ផ្ទះ​ ទើប​​សម្រេចចិត្ត​​លោត​ពីលើ​ភ្នំ​ដ៏​ខ្ពស់ ​បណ្តាល​ឱ្យ​បាត់បង់ជីវិតបែបនេះ​ ។

​ហេតុការណ៍​​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​​កាលពី​​វេលា​ម៉ោង​៥​និង​៥៨​នាទី​ព្រឹក​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០២០ នៅ​ចំណុច​ជើងភ្នំ​ធំ ស្ថិត​ក្នុង​ភូមិ​ភ្នំ​ធំ​ត្បូង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

​លោក​វរសេនីយ៍ឯក ស៊ិ​ន ណា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី បាន​ឲ្យ​ដឹង​ថា​ ​ជន​រង​គ្រោះ​ឈ្មោះ រ៉​ន ភា​រ៉ា ហៅ​បារាំង ភេទ​ប្រុស អាយុ​២១​ឆ្នាំ​ រស់​នៅ​ភូមិ​សឿ ឃុំ​សឿ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

​លោក​អធិការ​បាន​បញ្ជាក់​ថា​ ​បើ​តាម​ការបំភ្លឺ​ពី​ឈ្មោះ សឿង សុ​ផា ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ​ រស់​នៅ​ភូមិ​ភ្នំ​ធំ​ត្បូង ឃុំ​អូ​ប្រាសាទ ស្រុក​មង្គល​បូ​រី បាន​ប្រាប់​សមត្ថកិច្ច​​ឱ្យ​ដឹង​ថា ​កាលពី​វេលាម៉ោង​៦​យប់​​ថ្ងៃ​ទី​២៩ ​ខែមិថុនា​ ឆ្នាំ​២០២០ ជន​រង​គ្រោះ​បាន​ហូប​បាយ​ជាមួយ​​គាត់​ ហើយ​បាន​ពោល​ពាក្យ​ថា​ «ពិបាកចិត្ត​ណាស់​យក​ម៉ូតូ​ទៅ​បញ្ចាំ​គេ​គ្មាន​លុយ​ទៅ​លោះ មិន​ហ៊ាន​ចូល​ផ្ទះ​ចង់​តែ​​ក្ស័យ​អោយ​ផុត​ៗ ចង់​តែ​ឡើង​លើ​ភ្នំ​អោយ​រន្ទះបាញ់​ក្ស័យ​» ​បន្ទាប់មកជនរងគ្រោះ​​ក៏​ដើរទៅ​បាត់​រហូត​ទៅ​ ចំណែក​​គាត់​​ក៏​ចូល​ដេក ។

តាម​ប្រភពដដែល​បានបន្ត​ថា ​លុះដល់​វេលា​ម៉ោង​ប្រហែល​មួយ​រំលង​អា​ធ្រា​ត្រ​​ឈានចូលថ្ងៃទី​៣០ មិថុនា​ គាត់​​បានឮថ្មភ្នំ​ខាងក្រោយ​ផ្ទះ​បាក់​ធ្លាក់​ចុះ​មក​ក្រោម​តែ​​គាត់​​មិន​ចាប់អារម្មណ៍​ទេ ព្រោះ​ថ្មភ្នំ​ធ្លាប់តែ​បាក់​ធ្លាក់​ហូ​ហែរ​មក​ហើយ​ រហូត​ដល់​​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​៣០ ​​មិថុនា ពេល​គាត់​​ដើរទៅ​បត់ជើងធំ​ ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​​បាត់បង់ជីវិត​នៅ​​ចំណុច​​ជើងភ្នំ​​តែម្តង ។

​លោក​អធិការ​បាន​បញ្ជាក់​ថា​ ជនរងគ្រោះ​ឈ្មោះ រ៉​ន ភា​រ៉ា ហៅ​បារាំង​នេះ ជា​មុខសញ្ញា​ជួញដូរ​នឹង​ប្រើប្រាស់​សារធាតុ​ញៀន និង​​ធ្លាប់​ជាប់ពន្ធ​នា​​គារ​ និ​ង​មណ្ឌល​កែប្រែ​ ព្រមទាំង​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ឪពុក​ម្ដាយ​អស់​ជា​ច្រើន​មក​ហើយដែរ​ ។​

ក្រោយ​ពីកើតហេតុ​ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​ដាក់​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​ធ្វើការ​ត្រួតពិនិត្យ ក្នុង​នោះ​សមត្ថកិច្ច​បាន​បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​ស្រាវជ្រាវ ដោយ​មាន​កម្លាំង​នគរបាល​ជំនាញ បច្ចេកទេស​វិទ្យាសាស្ត្រ​ខេត្ត និង​កម្លាំង​ជំនាញ​ស្រុក​មង្គល​បូ​រី គ្រូពេទ្យ អាជ្ញាធរ​មូលដ្ឋាន ធ្វើការ​ត្រួតពិនិត្យ​ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​ខ្លួន​ជនរងគ្រោះ​ ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យកត់សម្គាល់ ក្រៅពី​ស្នាម​បែក​នៅ​លើ​ថ្ពាល់​ខា​ង​ស្តាំ​ដែល​ធ្លាក់​មក​ផ្ទប់​នឹង​ថ្ម​ជើងភ្នំ និង​នៅ​លើ​ភ្នំ​គឺ​មាន​ស្នាម​រអិល​ធ្លាក់​ថ្មភ្នំ​ធ្លាក់​ចុះ​មក​ក្រោម​ និង​មាន​​បាក់​កូន​ឈើ​ពី​លើ​ភ្នំ​ធា្ល​ក់​ចុះ​មក​ក្រោម​។

​បន្ទាប់ពីពិនិត្យ​រួច លោកគ្រូ​េ​ពេទ្យ​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​លោត​ពី​ទីទួល​ខ្ពស់​ធ្លាក់​ចុះ​មក​​ក្រោម​បណ្ដាល​អោយ​​បាត់បង់ជីវិត​ប្រាកដមែន​ ​។ ក្រោយ​ពី​ពិនិត្យ​រួច សមត្ថកិច្ច​​បាន​ប្រគល់​សពជនរងគ្រោះ​ជូន​ក្រុម​គ្រួសារ​ដើម្បី​ចាត់ចែង​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ