ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលជ្រោយចង្វា! ខណៈគោមួយ​ក្បាល​ដេញបុក និង​ជាន់នារីម្នាក់​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ គោ​ឈ្មោល​មួយ​ក្បាល​ដែល​គេ​សង្ស័យ​ថា បាន​រត់​ចេញពី​ទី​សត្តឃាត​ជ្រោយចង្វា ហើយ​ក្រពុលមុខ​ក៏​បាន​ដេញ​បុក​​អ្នកដំណើរ ព្រមទាំង​កម្មករ​សំណង់​ម្នាក់ បណ្តាល​អោយឱ្យ​មាន​អ្នក​​ដួល​សន្លប់ ​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ជូន​ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​ ។ បន្ទាប់​ពី​​កើតហេតុ…

រាជធានី​ភ្នំពេញ​ ៖ គោ​ឈ្មោល​មួយ​ក្បាល​ដែល​គេ​សង្ស័យ​ថា បាន​រត់​ចេញពី​ទី​សត្តឃាត​ជ្រោយចង្វា ហើយ​ក្រពុលមុខ​ក៏​បាន​ដេញ​បុក​​អ្នកដំណើរ ព្រមទាំង​កម្មករ​សំណង់​ម្នាក់ បណ្តាល​អោយឱ្យ​មាន​អ្នក​​ដួល​សន្លប់ ​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ជូន​ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​ ។ បន្ទាប់​ពី​​កើតហេតុ គោមួយ​ក្បាល​នោះ​ត្រូវ​បាន​សន្តិសុខ និង​ក្រុម​កម្មករ​​នាំ​គ្នា​ចាប់​​បាន រួច​ទាក់ទង​ទៅ​សមត្ថកិច្ច ដើម្បី​អោយ​ម្ចាស់​ចេញ​មក​ទទួលខុសត្រូវ ចេញថ្លៃ​ព្យាបាល ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃ​ទី​១ កក្កដា ឆ្នាំ ២០២០​ នៅ​ចំណុច​ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ​រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​​ម្នាក់​ក្នុងហេតុការណ៍​ខាងលើ​នោះ​ឈ្មោះ ប្រេ​ន ស្រី​ហ្គិ​ច ភេទ​ស្រី ​អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ការដ្ឋាន​ក្រុមហ៊ុន O C I C មានស្រុក​កំណើត​នៅ​ភូមិ​សង្គម​មាន​ជ័យ ឃុំ​ទួល​ស្នួល ស្រុក​ក្រូ​ច​ឆ្មារ ខេត្ត​ត្បូងឃ្មុំ​។

​តាម​ប្រភព​ព័ត៌មាន​បាន​​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​គោ​ឈ្មោល​មួយ​ក្បាល​ខាងលើ មាន​បាញ់ថ្នាំសំគាល់​ពណ៌ក្រហម​នៅលើក្បាល និង​មាន​អក្សរ​Aនៅលើខ្លួន​ បាន​រត់​ចុះឡើង​នៅ​លើ​ដី​វាល​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វារ ហើយ​ទំនង​ក្រពុលមុខ ដែល​រត់​រួច​ចេញពី​កុង​ស៊ី លុះ​ពេល​ឃើញ​មនុស្ស​ក៍បាន​បោល​បុក​តែ​ម្តង ​ខ​ណៈ​នោះ​មាន​នារី​ជា​កម្មករ​ម្នាក់​កំពុង​តែ​ដើរ​ធ្វើការ​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​ ក៏សត្វគោ​មួយក្បាលនោះ​​ដេញបុក​​ត្រូវចំ​​ខ្នង ​បណ្តាល​អោយ​ដួល ហើយ​គោមួយ​ក្បាល​នោះ​ក៏បាន​ជាន់​នារីរងគ្រោះ​ថែម​ទៀត​ បណ្តាល​អោយ​សន្លប់​​ស្តូកស្តឹងតែម្តង​ ។

​តាម​​ប្រភព​ព័ត៌មាន​​​​បានប​ន្ត​ថា​ នៅ​ព្រឹក​នោះ​សន្តិសុខ រួម​ជាមួយ​មេការ​ក៏​បាន​នាំ​គ្នា​​ចាប់​​គោមួយ​ក្បាលនោះ​ ព្រមទាំង​បញ្ជូន​ជន​រង​គ្រោះ​ទៅ​​​សង្គ្រោះ​នៅ​គ្លីនិក​មួយកន្លែង​​ស្ថិត​នៅ​ផ្សារ​ព្រែក​លៀប ​។ ​បន្ទាប់មក សន្តិសុខ​ក៏​បាន​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​ជ្រោយចង្វារ ដើម្បី​អោយមក​នាំគោ​នោះ​ទៅ​ស្នាក់​ការ ដើម្បី​អោយ​ម្ចាស់​ចេញ​មុខ​ដោះស្រាយ ​ប៉ុន្តែ​ដោយសារ​គោ​មួយ​​នោះ​កាច និង​កំពុង​តែ​ក្រពុលមុខ ​ឱ្យ​​តែ​ឃើញ មនុស្ស​ទៅ​ក្បែរ​ដេញ​​បុក​ ទើប​នគរបាល​អោយ​សន្តិសុខ​រក្សា​ទុក​សិន​។

តាម​​ប្រភពពី​នគរបាល​ក៏​ដូច​ជា​សន្តិសុខ​បានអោយ​ដឹង​ថា សត្វគោមួយ​ក្បាល​ខាងលើនោះ​​ទំនង​ជា​រត់​ចេញពី​​ទី​សត្តឃាត​ជ្រោយចង្វារ ខ​ណៈ​ពេល​ដែល​គេ​ឆក់​ ប៉ុន្តែមិនងាប់​ក៏​ក្រពុលមុខ ​ឱ្យ​​តែ​ឃើញ​មនុស្សគឺ​​ដេញ​​បុក​​។

នៅ​ព្រឹក​នោះ​អ្នក​មើល​គោ​ជា​ជនជាតិ​អ៊ិ​​ស្លា​ម​ម្នាក់​ឈ្មោះ​លី ហាក់​ ភេទ​ស្រី ​អាយុ​២៧​ឆ្នាំ ដែល​បាន​ចូលខ្លួន​ទៅ​ដោះស្រាយ​បានអោយ​ដឹង​ថា នៅ​វេលា​ព្រឹក​នេះ ​គាត់​បាន​ដឹកគោ​ចេញពី​ក្រោល ប្រុង​​ទៅ​អោយ​ស៊ី​ស្មៅ ស្រាប់តែ​ឆ្កែ​ព្រូស គោរ​ត់ទៅ​បាត់ ក្រោយ​ម​ក​ទើប​ដឹង​ថា គោមួយក្បាលនោះ​ដេញ​បំបុក​​​គេ​ បណ្តាល​ឱ្យ​មាន​របួស​ ។ ​​ទោះបីជា​យ៉ាងណា អ្នក​មើល​គោ​​ម្នាក់​​នោះ​ក៏​បាន​ធានា​ទទួលខុសត្រូវ​ដោយ​ចេញថ្លៃ​ព្យាបាលឱ្យជនរងគ្រោះ​ផងដែរ​ ។

គួរ​បញ្ជាក់ថា​ កន្លងមក​ នៅ​ទី​សត្តឃាត​ជ្រោយ​ចង្វារ តែ​ង​មានសត្វ​​គោក្របី​រត់​ចេញពី​កុងស៊ី ហើយ​ចេញដេញ​​វ័ធ និង​ដេញបុក​ បណ្តាល​អោយ​មានអ្នក​រ​ងរ​បួស​ ហើយក៏​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​បាញ់​​ផ្តាច់ជីវិត​សត្វទាំងនោះ​ផង​ដែរ បន្ទាប់​ពី​ដេញ​វ័ធ​បង្ក​អោយ​មនុស្ស​រង​របួស​ជា​ច្រើន​នាក់ ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ