ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​ដែល​រស់នៅ​តំបន់​ព្រៃ​ភ្នំ​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺគ្រុនចាញ់

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺគ្រុនចាញ់​បានឱ្យ​ដឹង​ថា ប្រជាជន​ដែល​រស់នៅ​តំបន់​ព្រៃ​ភ្នំ​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺគ្រុនចាញ់ ពិសេស​នៅ​ក្នុងអំឡុងពេល​រដូវវស្សា​នេះ ។ ដូចនេះ​ក្រសួងបរិស្ថាន និង​ក្រសួងសុខាភិបាល​បាន​នាំ​យក​មុង ថ្នាំព្រូន និង​ថ្នាំ​អា​ប៊ែ​ត…

ខេត្តមណ្ឌលគិរី ៖ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺគ្រុនចាញ់​បានឱ្យ​ដឹង​ថា ប្រជាជន​ដែល​រស់នៅ​តំបន់​ព្រៃ​ភ្នំ​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺគ្រុនចាញ់ ពិសេស​នៅ​ក្នុងអំឡុងពេល​រដូវវស្សា​នេះ ។

ដូចនេះ​ក្រសួងបរិស្ថាន និង​ក្រសួងសុខាភិបាល​បាន​នាំ​យក​មុង ថ្នាំព្រូន និង​ថ្នាំ​អា​ប៊ែ​ត មក​ចែក​ជូន​បងប្អូន​ប្រជា​សហគមន៍ និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​យើង សម្រាប់​ប្រើប្រាស់​ក្នុង​ការ​បង្ការ និង​ការពារ ។

កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២០ ក្រសួងបរិស្ថាន មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺគ្រុនចាញ់ និង​អង្គការ WWF-​កម្ពុជា បាន​បំពេញ​ទស្សនកិច្ច នៅ​ស្នាក់​ការ​ត្រពាំង​ត្រាច ស្ថិត​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ក្នុង​គោលបំណង​បញ្ជ្រៀប ការ​យល់​ដឹង​ទាក់ទង​នឹង ការ​ថែទាំ​សុខភាព ខណៈ​រដូវវស្សា​បាន​ចូល​មក​ដល់ ជា​ពិសេស គឺ​ការ​បង្ការ​ជំងឺគ្រុនចាញ់ និង​ការ​ប្រកាន់ខ្ជាប់​នូវ​វិធីសាស្ត្រ សុខភាព​អនាម័យ ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ។

លោកស្រី ម៉ុម ថា​នី រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​មាន​ប្រសាសន៍​ថា «​ការ​អភិរក្ស​ធនធានធម្មជាតិ និង​ការ​ថែទាំ​អនាម័យ សុខភាព​របស់​សហគមន៍ និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស គឺជា​រឿង​ចម្បង​រួម​គ្នា​មួយ ព្រោះ​សុខភាព​មនុស្ស សត្វ និង​បរិស្ថាន គឺ​អាស្រ័យ​ពឹងពាក់​គ្នា​ទៅ​វិញ​ទៅ​មក មិន​អាច​ខ្វះ​គ្នា​បាន ។

នៅ​ពេល​ដែល​សហគមន៍​មាន​សុខភាព​មាំមួន សហគមន៍​អាច​ការពារ​ធនធានធម្មជាតិ​បាន​ប្រសើរ ហើយ​នៅ​ពេល​ដែល​ធនធានធម្មជាតិ​មានគុណ​ភាពល្អ វា​នឹង​គាំទ្រ​ដល់​ជីវភាព​របស់​សហគមន៍​អោយ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​» ។ ដែល​នេះ គឺ ជា​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ជា​ពិសេស​ក្រសួងសុខាភិបាល គឺ​ដើម្បី​លុប​បំបាត់​ជំងឺគ្រុនចាញ់​ទាំងស្រុង​ពី​កម្ពុជា​នៅ​ឆ្នាំ​២០២៥ ស្រប​តាម​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ លុប​បំបាត់​ជំងឺគ្រុនចាញ់ ឆ្នាំ​២០១១-២០២៥» ។

លោក សាយ ម៉េ​ង​គី​ម អភិបាលរង​ខេត្តមណ្ឌលគិរី បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​បាន​សហការ​យ៉ាង​សកម្ម​ជាមួយ​បណ្តា​ដៃគូ​ជាមួយ​ភាគី​ពាក់ព័ន្ធ​សំខាន់​ៗ ក្នុង​ការ​គាំទ្រ​ការ​យកចិត្ត​ដាក់​ដល់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត ជា​ពិសេស​ជៀស​ផុត​ពី​ជំងឺឆ្លង​នានា ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​បំពេញ​ទស្សនកិច្ច​នេះ​ក៏​មានការ​ចួ​ល​រួម​ពី សមាជិក​សហគមន៍​តំបន់ការពារធម្មជាតិ មន្ត្រី​ឧ​ទ្យា​នុ​រក្ស ។ ហើយ​អ្នកចូលរួម​ដទៃ​ទៀត ប្រមាណ​ជា​ជិត​២០០​នាក់ ត្រូវ​បាន​ចែក​ជូន​នូវ​មុង​ជ្រលក់​ថ្នាំ​បង្ការ​គ្រុនចាញ់ ថ្នាំព្រូន និង​ថ្នាំ​អា​ប៊ែ​ត ដែល​ផ្តល់​ដោយ​ក្រសួងសុខាភិបាល ដល់​សមាជិក​សហគមន៍ និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ