រាជធានីភ្នំពេញ ៖ លោក សុង ប៊ុណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានសម្រេចចេញដីកាឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធអំពើចាក់ប្រហារប្រពន្ធ បណ្តាលឱ្យបាត់បង់ជីវិត។ គួររំលឹកថា ស្តាប់សម្តីឃាតករប្រាប់ពីមូលហេតុអ្វី ទើបដាច់ចិត្តលើកដៃប្រល័យសង្ខារប្រពន្ធ (វីដេអូ)
ជនសង្ស័យឈ្មោះសុខ លីសម្បត្តិ ហៅវ៉េវ អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិទួលខ្លុង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខត្តកណ្ដាល ។ ជនត្រូវចោទបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ ដែលបានប្រព្រឹត្តនៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដូនរ័ត្ន សង្កាត់ឪឡឹក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ តាមបញ្ញតិមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ តម្រូវឲ្យឃុំខ្លួននៅពន្ធនាគារ(មណ្ឌលអប់រំកែប្រែទី១) ។
សូមបញ្ជាក់ថា ជនសង្ស័យបានចាក់ប្រពន្ធខ្លួនឯង បណ្ដាលឲ្យបាត់បង់ជីវិតនោះ រហូតដល់វេលាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ត្រូវបាននគរបាលខណ្ឌកំបូល បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ហើយ បន្ទាប់ពីការកសាងសំណុំរឿងរួចរាល់ ។
នៅពេលសួរនាំជនដៃដល់រូបនេះបានប្រាប់នគរបាលថា មានមូលហេតុជាច្រើនដែលបណ្ដាលឲ្យខ្លួនដាច់ចិត្តលើកដៃចាក់ប្រហារជីវិតប្រពន្ធខ្លួនឯង រហូតដល់បាត់បង់ជីវិតដើម្បីជាការរំសាយកំហឹងនិងភាពក្ដៅក្រហាយហ្មងសៅនៅក្នុងចិត្តយ៉ាងពុះកញ្ជ្រោលយូរមកហើយ ក្នុងនោះទី១-រយៈពេលជាង៣ខែកន្លងមកហើយដែលខ្លួននិងប្រពន្ធឈ្មោះលាង ផល្លា អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ កាត់ដេរមានទីលំនៅក្នុងភូមិដូនរ័ត្ន សង្កាត់ឪឡោក ខណ្ឌកំបូល មិនបានចុះដំណេកគ្នាទេ ទោះបីជាដេកនៅក្នុងបន្ទប់តែមួយជាមួយគ្នាពិតមែន ប៉ុន្តែខ្លួនមិនអាចប៉ះពាល់ខ្លួននាងបានទាល់តែសោះ ទី២-ប្រពន្ធតែងតែលេងឆាតជាមួយប្រុសផ្សេងដែលធ្វើឲ្យខ្លួនមិនសប្បាយចិត្តឡើយព្រោះសង្ស័យថានាងមានស្នេហ៍ថ្មី ទី៣-ពេលដែលខ្លួនយកទូរស័ព្ទនាងមកមើលប្រពន្ធបាននិយាយថា«បើអ្ហែងចង់ប៉ះទូរស័ព្ទរបស់អញ ចាំអ្ហែងមានលុយដូររបស់ឲ្យអញសិន ចាំអញឲ្យប៉ះ ហើយអញអត់ដាក់លេខកូដទេ។
ជនដៃដល់បានប្រាប់ទៀតថា ក្រោយពីប្រពន្ធនិយាយបែបបនេះ នៅថ្ងៃទី១ខែមិថុនា ឆ្នាំ២០២០ ខ្លួនបានទៅខ្ចីលុយម្ដាយបង្កើតចំនួន២០០ដុល្លារ ប៉ុន្តែពុំបានភ្លាមៗនោះទេ រហូតដល់វេលាម៉ោង១១ព្រឹកថ្ងៃទី២១ ខែមិថុនា ទើបម្ដាយផ្ញើរលុយឲ្យហើយខ្លួនបានដក ទើបយកលុយនោះទៅឲ្យប្រពន្ធចំនួន១៦០ដុល្លារ ដើម្បីឲ្យនាងដូរទូរស័ព្ទ ។ ខណៈនោះខ្លួនបានបបួលនាងថា«តោះទៅដូរទូរស័ព្ទបានលុយហើយ ប៉ុន្តែប្រពន្ធបានឆ្លើយថា ថ្ងៃនេះជាងគេអត់បើកហាងទេ ចាំថ្ងៃច័ន្ទថ្ងៃពេលដែលនាងទៅធ្វើការចាំនាងដូរខ្លួនឯង» រីឯខ្លួន ក៏យល់ព្រមតាមនឹងដែរ។លុះស្អែកឡើងថ្ងៃច័ន្ទ ក្រោយពីប្រពន្ធត្រឡប់មកពីធ្វើការរោងចក្រវិញដល់ផ្ទះពេលល្ងាច ខ្លួនក៏បានឡើងទៅលើផ្ទះសុំមើលទូរស័ព្ទ ហើយឃើញទូរស័ព្ទនៅដដែលលុយក៏អស់ទៀត។
ជនសង្ស័យបានបន្តថា ពេលនោះខ្លួនបានសួរថា«ទូរស័ព្ទនិងដូរឬអត់? បើថាទូរស័ព្ទនិងអត់ដូរទេឲ្យលុយមកខ្ញុំវិញមកខ្ញុំយកទៅទុក ស្រាប់តែប្រពន្ធឆ្លើយវិញថា អញ អត់បានយកលុយអ្ហែងទេ សមត្ថភាពអ្ហែងប៉ុណ្ណឹងអ្ហែងមានលុយឲ្យអញទាំងរយដែរឬ?» ។ ទី៤-បន្ទាប់មកខ្លួន បានចុះពីលើផ្ទះវិញបបួលប្រពន្ធស្បថដោយខ្លួននិយាយថា «ហ៊ានស្បថជាមួយខ្ញុំអត់ បើថាអត់បានយកលុយខ្ញុំ? ចង់ឲ្យឡានបុកក៏បាន ឬក៏រន្ទះបាញ់ក៏បានដែរ រួចហើយខ្លួនបានរត់ ទៅយកធូបមកស្បថ ស្រាប់តែប្រពន្ធឆ្លើយថា បើអញស្បថឲ្យឪអ្ហែងងាប់ អញស្បថ មិនតែប៉ុណ្ណោះថែមទាំងនិយាយទៀតថាអ្ហែងរស់នៅជាមួយអញដល់ណាទៀត បើអញមិនដែលខ្វល់ជាមួយអ្ហែងផងនឹង?»។
ជននោះបាននិយាបន្តទៀតថា សម្ដីមាក់ងាយពីសំណាក់ប្រពន្ធបែបនេះធ្វើឲ្យខ្លួនខឹងខ្លាំងណាស់ ហើយក្រោយពីការឈ្លោះប្រកែកគ្នាមួយប្រាវខ្លួនក៏បានរត់ទៅយកកាំបិតត្នោត រួចបានចាក់ទៅលើប្រពន្ធ១កាំបិយប៉ុណ្ណោះខណៈដែលនាងកំពុងឈរហាលសម្លៀកបំពាក់ បណ្ដាលឲ្យនាងដួលដេក។បន្ទាប់មកទៀតខ្លួនបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៨ពណ៍ខ្មៅគេចខ្លួនទៅកាន់ភូមិពោធិ៍តាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ស្នាក់នៅលាក់ខ្លួនផ្ទះអ្នកភូមិជាមួយគ្នាកាលពីមុនហើយដែលបានទៅរស់នៅខេត្តកំពង់ធំនោះ លុះក្រោយមកក៏ត្រូវបាននគរបាលចុះទៅឃាត់ខ្លួនបានតែម្ដង។
សូមរំលឹកផងដែរថា ប្ដីប្រពន្ធ១គូនេះបានរៀបការជាមួយគ្នាកាលពីឆ្នាំ២០១៧ និងបង្កើតបានកូនប្រុសម្នាក់អាយុជាង២ខួប ហើយជនដៃដល់ជាប្ដីបានចាក់ផ្តាច់ជីវិតប្រពន្ធកាលពីវេលាម៉ោង៧យប់ថ្ងៃ២២ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងភូមិដូនរ័ត្ន សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមក្រុមគ្រួសារខាងស្រីបានប្រាប់ថា មូលហេតុបណ្ដាលមកពីជននេះប្រច័ណ្ឌប្រពន្ធហួសហេតុពេក ដែលសូម្បីតែនាងទៅបុណ្យទាន ឬចូលរួមមង្គលការណាមួយក៏មិនបានផង ប៉ុន្តែបើនៅពេលដែលនាងហ៊ានតែធ្វើខ្លួនទៅការឬបុណ្យមិត្តភក្ដិម្ដងៗត្រឡប់មកដល់ផ្ទះវិញគឺដឹងតែមានរឿងហើយនិងធ្លាប់ជិះម៉ូតូបំបុកបណ្ដាលឲ្យប្រពន្ធរងរបួសម្ដងរួចមកហើយដែរ ក្រៅពីនេះនាងត្រូវប្ដីកំណាចវាយដំជាបន្តបន្ទាប់ថែមទៀតផង។
តាមប្រភពដដែលបានបន្តថា មិនតែប៉ុណ្ណោះ ជននេះត្រូវបានជាប់ឈ្មោះថា«ពូកែប្រច័ណ្ឌប្រពន្ធតពូជតែម្ដង» ព្រោះកាលពីឪពុករបស់គេក៏ជាអ្នកប្រច័ណ្ឌប្រពន្ធយ៉ាងងប់ងុលគ្មានហេតុផល រហូតដល់ឈានដល់ការលែងលះបែកបាក់គ្រួសារដែរ ហើយមិននឹកស្មានថាជននេះបានយកតម្រាប់តាមឪពុករបស់ពុករបស់ខ្លួនពូកែប្រច័ណ្ឌប្រពន្ធដែរ ប៉ុន្តែខុសត្រង់ជននេះសាហាវ ឃោរឃៅដាច់ចិត្តលើកដៃចាក់ប្រហារជីវិតប្រពន្ធបែបនេះ ។ ហើយមុនពេលផ្តាច់ជីវិតប្រពន្ធ ជននេះក៏បានបោះពាក្យសម្ដីថា មុននិងខ្លួនចាកចេញពីផ្ទះខ្លួនត្រូវផ្តាច់ជីវិតប្រពន្ធឲ្យបានសិនថែមទៀតផង ហើយមិនបានប៉ុន្មានថ្ងៃផងក៏កើតរឿងបែបនេះមែន។
ក្រោយពេលកើតហេតុជនដៃដល់ខាងលើបានរត់គេចខ្លួន បានរយៈពេលត្រឹមតែ៤ថ្ងៃប៉ុណ្ណោះក៏ ត្រូវបានកម្លាំង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃនិងកម្លាំងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញនិងកម្លាំងនគរបាលខណ្ឌកំបូល ធ្វើការស្រាវជ្រាវរហូតកំណត់បានពីទីកន្លែងដែលជនកំណាចរូបនោះលាក់ខ្លួន។ បន្ទាប់មកកម្លាំងខាងលើក៏បានចុះទៅសហការណ៍ជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្ដកំពង់ធំធ្វើការចាប់ខ្លួនបានហើយ កាលពីវេលាយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅក្នុងភូមិពោធិ៍តាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ