ប្រទេសអ៊ីតាលី ៖ កីឡាករ Cristiano Ronaldo បានអូសបាល់ស៊ុតបញ្ចូលទីពីចម្ងាយយ៉ាងអស្ចារ្យក្នុងការប្រកួតកាលពីយប់មិញ ខណៈដែលក្រុម Juventus បានផ្តួលក្រុមម្ចាស់ផ្ទះ Genoa ដោយលទ្ធផល ៣-១ ដើម្បីបន្តជំហានឆ្ពោះទៅរកការឈ្នះជើងឯកលីគរដូវកាលនេះ និងជាលើកទី៩ រដូវកាលជាប់ៗគ្នារបស់ខ្លួន។
ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ និងជាម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាលរូបនេះ បានអូសបាល់ពីពាក់កណ្តាលតារាង លុះដល់មុខទីក្រុម Genoa ក៏បានស៊ុតពីចម្ងាយបញ្ចូលទីតែម្តងនៅក្នុងនាទី៥៦។ ខណៈដែល ២គ្រាប់ផ្សេងទៀតរកបានដោយកីឡាករ Dybala នៅនាទី៥០ និង Douglas Costa នៅនាទី៧៣។ ដោយឡែក ១គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ Andrea Pinamonti នៅនាទី៧៦។
ជ័យជម្នះនេះបានជួយឱ្យក្រុម Juventus មាន ៧២ពិន្ទុឆ្លងកាត់ ២៩ប្រកួតនិងបន្តឈរនៅកំពូលតារាង Serie A តាមពីក្រោយដោយក្រុម Lazio ដែលមាន ៦៨ពិន្ទុ ខណៈនៅសល់ ៩ប្រកួតទៀតដែលត្រូវលេង ដើម្បីបញ្ចប់រដូវកាលនេះ៕
ចែករំលែកព័តមាននេះ