ប្រទេសអ៊ីរ៉ង់ ៖ អាជ្ញាធរតុលាការអ៊ីរ៉ង់ប្រកាសនាថ្ងៃទី២៩ មិថុនាថា ប្រទេសអ៊ីរ៉ង់បានចេញដីកាចាប់ខ្លួន និងទាមទារឲ្យប៉ូលិសអន្តរជាតិអាំងទែរប៉ូល ចេញដីកាក្រហមមួយប្រឆាំងមនុស្ស៣៦នាក់ ក្នុងចំណោមនោះក៏មានប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំដែរ ពីបទចូលរួមក្នុងការធ្វើឃាតឧត្ដមសេនីយ៍ដ៏មានឥទ្ធិពលមួយរូបរបស់ខ្លួន កាលពីថ្ងៃខែមករា នៅក្រុងបាដាដ ។
អគ្គរដ្ឋអាជ្ញាក្រុងតេហេរ៉ង់លោក ALI ALQASSI MEHR ថ្លែងថា មនុស្ស៣៦នាក់ដែលចូលរួមក្នុងការធ្វើឃាតឧត្ដមសេនីយ៍ កាសេមសូឡីម៉ានី ក្នុងនោះមានបណ្ដាអ្នកទទួលខុសត្រូវនយោបាយ និងយោធារបស់អាមេរិក និងរបស់រដ្ឋាភិបាលឯទៀតៗ ត្រូវបានកំណត់ដឹងអត្តសញ្ញាណ។ អាជ្ញាធរតុលាការបានចេញដីកាចាប់ខ្លួននិងទាមទារឲ្យមានដីកាក្រហមមួយរបស់អាំងទែរប៉ូលសម្រាប់មនុស្សទាំងនេះ ។ ពួកគេកំពុងតាមរកចាប់ខ្លួនពីបទសម្លាប់មនុស្ស និងពីបទធ្វើសកម្មភាពភេរវកម្ម ។
ប៉ូលិសអាំងទែរប៉ូលបានចេញប្រតិកម្ម ដោយអះអាងប្រាប់ AFP ថា យោងតាមមាត្រាទី៣នៃធម្មនុញ្ញរបស់ខ្លួនអង្គការនោះមិនអាចធ្វើអន្តរាគមន៍ក្នុងក្របខណ្ឌនយោបាយ យោធា សាសនា ឬពូជសាសន៍ឡើយ និងថាខ្លួននឹងមិនពិនិត្យលើការស៊ើបអង្កេតប្រភេទនេះណាមួយឡើយ ។
ក្នុងចំណោមជនជាប់ចោទទាំង៣៦នាក់នោះ មានប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ដែលនឹងត្រូវកាត់ទោសក្រោយចប់អាណត្តិរបស់លោក ។
អគ្គរដ្ឋអាជ្ញាអ៊ីរ៉ង់អះអាងបែបនេះក្នុងកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាតុលាការជាន់ខ្ពស់ដែលដឹកនាំដោយប្រមុខប្រព័ន្ធតុលាការអ៊ីរ៉ង់លោកEBRAHIM RAISSI ។
ឧត្ដមសេនីយ៍ កាសេមសូឡីម៉ានីជាប្រមុខរបស់កងកម្លាំង QODS ជាកងឯកភាពពិសេសទទួលបន្ទុកប្រតិបត្តិការនៅក្រៅប្រទេសរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ត្រូវបានធ្វើឃាតកាលពីថ្ងៃទី៣ មករា ក្នុងការវាយប្រហារតាមអាកាសមួយរបស់អាមេរិកជិតព្រលានយន្តហោះក្រុងបាដាដ ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ