រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍កីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមលើកទី១០នៅប្រទេសហ្វីលីពីនត្រូវបានលុបចោលជាផ្លូវការបន្ទាប់ពីមានកិច្ចប្រជុំចុងក្រោយរបស់សហព័ន្ធកីឡាជនពិការអាស៊ានដែលហៅកាត់ថា(APSF) កាលពីចុងខែមិថុនា ។
លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានឱ្យដឹងថា កិច្ចប្រជុំនេះត្រូវបានគេរៀបចំធ្វើឡើងតាមរយៈវីដេអូខន់ហ្វឺរិន ។ រូបលោកតំណាងឱ្យកម្ពុជាចូលរួមក្នុងកិច្ចប្រជុំមួយនេះជាមួយបណ្ដាប្រទេសចំនួន១០ផ្សេងទៀតជាសមាជិកក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ កិច្ចប្រជុំបានប្រកាសលុបចោលជាស្ថាពរព្រឹត្តិការណ៍កីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមលើកទី១០នៅប្រទេសហ្វីលីពីនដោយសារជំងឺឆ្លងកូវីដ-១៩ ។
លោក យី វាសនា បានលើកឡើងទៀតថា ក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធកីឡាជនពិការអាស៊ាន បានចាត់ទុកការអវត្តមានព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១០ជាប្រវត្តិសាស្ត្រមួយនេះដោយសារតែជំងឺឆ្លងកូវីដ-១៩កំពុងតែរីករាលដាលសាឡើងវិញជាថ្មី ។ លោកបញ្ជាក់ថា លោកបានចូលរួមប្រជុំតាមរយៈវីដេអូ Conference ជាមួយសហព័ន្ធកីឡាជនពិការអាស៊ាន កាលពីចុងសប្ដាហ៍កន្លងទៅនេះ ។
បណ្ដាប្រទេសជាសមាជិកទាំង១០នៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ បានពិភាក្សាគ្នាដោយយោងតាមលិខិតផ្លូវការមួយរបស់គណៈកម្មការកីឡាហ្វីលីពីន(PSC)ចុះថ្ងៃទី៨ មិថុនា ឆ្នាំ២០២០ ដោយសុំមិនធ្វើជាម្ចាស់ផ្ទះទេ ។ មូលហេតុដោយសារជំងឺកូវីដ-១៩និងមិនមានថវិកាគ្រប់គ្រាន់ ព្រោះថវិកាទាំងនោះសម្រាប់យុទ្ធនាការទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវមួយនេះ ។
ជាមួយនឹងក្ដីបារម្ភមួយនេះ ក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាជនពិការអាស៊ានក៏បានសម្រេចលុបចោលព្រឹត្តិការណ៍នៃការប្រកួតមួយនេះតែម្ដង ដោយមិនបានប្រើពេលណាមួយដើម្បីរៀបចំឡើងវិញនោះទេ ។ នេះជាសេចក្ដីសម្រេចចុងក្រោយជាផ្លូវការហើយ ហើយការលុបព្រឹត្តិការណ៍កីឡាជនពិការនេះ យើងបានចាត់ទុកថាវាជាប្រវត្តិសាស្ត្រមួយរបស់សហព័ន្ធកីឡាជនពិការអាស៊ានដែលបានជួបនូវបញ្ហាបែបនេះ ។
លោកថា ព្រឹត្តិការណ៍ ព្រឹត្តិការណ៍កីឡាជនពិការលើកទី១០នេះ បើតាមគម្រោងនឹងរៀបចំធ្វើចាប់ពីថ្ងៃទី១ដល់ទី១៩ តុលា ឆ្នាំ២០២០ ដោយគ្រោងដាក់១៤ប្រភេទកីឡាឱ្យប្រកួតប្រជែង៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ