ប្រទេសចិន ៖ សហគ្រាសផលិតវ៉ាក់សាំងចិនមួយ គូសបញ្ជាក់កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២០នេះថា កងទ័ពចិនបានអនុញ្ញាតឲ្យប្រើប្រាស់ក្នុងជួររបស់ខ្លួន នូវវ៉ាក់សាំងប្រឆាំងវីរុសCOVID-19 ដែលផលិតរួមគ្នា ដោយវិទ្យាស្ថានស្រាវជ្រាវយោធាចិនមួយនិងក្រុមហ៊ុនផលិតឱសថមួយ។
បណ្ដាមន្ទីរពិសោធន៍លើពិភពលោកទាំងមូលកំពុងតែប្រកួតប្រជែងគ្នា ដើម្បីស្វែងរកវ៉ាក់សាំង ឬថ្នាំប្រឆាំងវីរុសនោះ ដែលបណ្ដាលឲ្យមនុស្សបាត់បង់ជីវិត ជាង៥០០.០០០នាក់ហើយលើពិភពលោក។ ក្នុងចំណោមវ៉ាក់សាំងប្រមាណជា១៧ ដែលបច្ចុប្បន្នកំពុងធ្វើការសាកល្បងគ្លីនិក ពោលគឺសាកលើមនុស្ស មានប្រមាណជាពាក់កណ្ដាលផលិត ដោយបណ្ដាមន្ទីរពិសោធន៍ ឬវិទ្យាស្ថានចិន។ នេះបើតាមព័ត៌មានរបស់អង្គការសុខភាពពិភពលោកWHO។
ក្នុងចំណោមវ៉ាក់សាំងទាំងនេះ វ៉ាក់សាំងមួយរបស់ក្រុមហ៊ុនចិន CANSINOBIO រួមសហការជាមួយបណ្ឌិតសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រចិន កំពុងបោះជំហានទៅមុខនាពេលបច្ចុប្បន្ន។
ក្រុមហ៊ុននោះក្នុងសេចក្ដីប្រកាសមួយនិយាយថា បណ្ដាទិន្នន័យនៃការសាកល្បងគ្លីនិកនានាបានបង្ហាញ ពីសន្តិសុខ និងកម្រិតខ្ពស់នៃការឆ្លើយតបរបស់វ៉ាក់សាំងនេះ ក្នុងការបង្កើតប្រព័ន្ធការពារប្រឆាំងវីរុស។
ក្រុមហ៊ុននេះ អះអាងថា គណៈកម្មាធិការយោធាកណ្ដាល ចិនបានផ្ដល់ភ្លើងខៀវ កាលពីថ្ងៃទី២៥ ខែមិថុនា ឲ្យប្រើប្រាស់វ៉ាក់សាំងនោះលើកងទាហានចិន។
ទោះបីយ៉ាងណា មិនទាន់ច្បាស់ក្នុងពេលភ្លាមៗថា តើការអនុញ្ញាតនោះស្ថិតក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារ ក្នុងផ្ទៃកងទ័ពចិនទាំងមូល ដែលមានទាហានប្រមាណជា២លាននាក់នៅឡើយ។ ក្រសួងការពារជាតិចិន ក៏មិនទាន់ធ្វើអត្ថាធិប្បាយលើរឿងនោះនៅឡើយដែរ។
ម្យ៉ាងវិញទៀត ក្រុមហ៊ុន CANSINOBIO គូសបញ្ជាក់ក្នុងសេចក្ដីប្រកាសមួយរបស់ខ្លួនថា នៅមិនទាន់អាចធានាថា វ៉ាក់សាំងរបស់ខ្លួននឹងត្រូវដាក់ធ្វើពាណិជ្ជកម្មជាសាធារណៈដែរ។
មកទល់ពេលនេះនៅមិនទាន់មានវ៉ាក់សាំងណាមួយដែលទទួលការអនុញ្ញាតឲ្យធ្វើពាណិជ្ជកម្មនៅឡើយ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ