អ្នកចម្រៀងអភ័ព្វម្នាក់ ដង្ហោយ​សុំ​ការ​សង្គ្រោះ​ជីវិត​ខ្ញុំ​ផង


ខេត្តបាត់ដំបង ៖ លោក​ឆោម ពិ​សិទ្ធ តារាចម្រៀង​ដែល​កើត​ចេញពី​កសិករ​ មាន​ប្រជាប្រិយ​ក្នុង​ខេត្តបាត់​ដំបង បាន​ធ្លាក់ខ្លួន​ឈឺ​ពិការ​មួយ​ចំហៀង​ខ្លួន​ បន្ទាប់​ពី​បាន​វះកាត់​ឈាមកក​ក្នុង​ក្បាល​ដោយសារ​ដាច់​ស​រសៃ​ឈាម រួច​ចេញពី​មន្ទី​ពេទ្យ​វិញ ​នៅ​ថ្ងៃ​ទី​២៧ ​មិថុនា ឆ្នាំ​២០២០​ មក​ថ្មី​ៗ​នេះ​ ដោយ​មាន​ជំងឺ​(​ស្ត្រូប​​) ហើយ​បាន​វិលមុខ​ដួល​នៅ​មុខ​បន្ទប់ទឹក​សន្លប់​ កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ​ឆ្នាំ​២០២០ កន្លង​​មក​​ ។ ពេល​នេះ​ បាន​ចេញ​ទៅ​សម្រាក​នៅផ្ទះ ដោយ​មាន​ប្អូនស្រី​ជា​អ្នក​មើលថែ ព្រោះ​ជា​ក្មេង​កំព្រា​រស់នៅ​តែ​២​នាក់​បងប្អូន ដែល​ប្អូនស្រី​មាន​ប្តី​មុន ហើយ​លោក​ឆោម ពិ​សិទ្ធ តារាចម្រៀង​នេះ​ មិន​ទាន់​បាន​គិតគូរ​រកប្រពន្ធ​កូន​អ្វី​ឡើយ ។

ដោយសារ​តែភាព​ក្រីក្រ ហើយ​ត្រូវទំនួលខុសត្រូវ​ក្នុង​គ្រួសារ​​កំព្រា ដើម្បី​ពង្រឹង​ខ្លួន​ឲ្យ​មាន​ជីវភាព​គ្រាន់បើ​បន្តិច ទើប​បង្ខំចិត្ត​ដើរ​លក់​សម្លេង​ចំរៀង​តាម​អាហារ​ដ្ឋា​ន និង​គ្រប់​កម្មវិធី​ផ្សេង​ៗ​ដែល​មាន​គេ​ត្រូវការ​តន្ត្រី​ចម្រៀង តែ​ត្រូវ​ជួប​គ្រោះ​អកុសលផ្ទួន​ៗ​គ្នា បន្ទាប់​ពី​មាន​មេរោគ​ជំងឺឆ្លង​កូ​វី​ដ​-១៩​រួច​មក ជីវភាព​អ្នកចំរៀង​នេះ​ត្រូវ​យ៉ាប់​យឺន​ជួប​ការ​លំបាក​បន្ថែម​ទៀត ​រហូត​ដល់​លក់​ម៉ូតូ​ផ្ទាល់ខ្លួន​ដែល​សន្សំ​ពី​ការ​ច្រៀង និង​ជា​មធ្យោ​បាយ​ជិះ​ទៅ​ច្រៀង​មើលជំងឺ​សិន​, ដោយ​ហាង​ធ្លាប់​ច្រៀង​រៀង​រាល់​យប់​ត្រូវ​បាន​បិទ និង​កម្មវិធី​ផ្សេង​ៗ​ទាំងអស់​ត្រូវ​បាន​ផ្អាក ។

ដេក​នៅ​លើ​គ្រែ​ក្រោមផ្ទះ​កំណើត ​ស្ថិត​នៅ​ភូមិ​អូរ​ខ្ជាយ​ត្បូង ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​២០​គីឡូម៉ែត្រ​ពី​ក្រុង​បាត់ដំបង អ្នកចំរៀង​ដែល​ធ្លាប់​ប្រឹង​ត្រដរ​ដើរ​ច្រៀង​គ្រប់​ទីកន្លែង​តាម​កម្មវិធី​ទាំង​យប់​ទាំង​ថ្ងៃ​របស់​លោក​ឆោម ពិ​សិទ្ធ ដែល​មានឈ្មោះ​ពិត​ឆោម ប៊ុ​ន​ធឿ​ន អាយុ​៣៦​ឆ្នាំ ត្រូវ​ម្តាយ​ស្លាប់​ចោល​ពី​ឆ្នាំ​២០០៣ និង​ឪពុក​ស្លាប់​ចោល​នៅ​ឆ្នាំ​២០១២ ព្រោះតែ​ចង់​លើក​ស្ទួយ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ ដែល​មាន​តែ​២​នាក់​បងប្អូន ហើយ​ប្អូនស្រី​របស់​លោក​ត្រូវ​មាន​ប្តី​ជា​ជាងចម្លាក់ និង​មានកូន​ចំនួន​៣​នាក់​មុន​លោក​ទៅ​វិញ កំពុង​រស់នៅ​ជាមួយ​គ្នា ត្រូវ​បាន​ដាក់បន្ទុក​ការ​លំបាក​មក​លើ​បងប្អូន​លើក​បន្ថែម​ទៀត​ ។

​​ពេល​នេះ ​ត្រូវ​លក់​ម៉ូតូ​និង​គ្រឿង​លម្អ​ខ្លួន​ដែល​មាន​បន្តិចបន្តួច​ពី​វិស័យ​សិ​ល្បៈ ​ដើម្បី​យក​មក​មើលជំងឺ​ខ្លួន​កំពុង​ជួប​ជា​មុន​សិន ​ហើយ​ត្រូវ​ខ្ចីបុល​គេ​បន្ថែម​ទៀត​អស់​ជាង​៣​ពាន់​ដុល្លា​រ សម្រាប់​ឲ្យ​ថ្លៃ​ពេទ្យ និង​ទិញ​ថ្នាំ​ព្យាបាល​ដែល​បាន​ចំណាយ​កន្លង​មក​ក្នុង​រយះ​ពេល​១៤​ថ្ងៃ​មកនេះ​ អស់​ជាង​៦​ពាន់​ដុល្លា ដែល​ប្ងូ​ន​ស្រី​របស់​លោក​បាន​គិត​ថា ត្រូវ​លក់​ម៉ូតូ​ដែល​មាន និង​ត្រូវ​ខ្ចី​លុយ​គេ​ឲ្យ​ខាង​តែ​បាន ​ដើម្បី​យក​មក​ព្យាបាល​មនុស្ស​ដែល​កំពុង​ជួបជំងឺ​នេះ​ឲ្យ​មានជីវិត​រស់នៅ​ជួបជុំ​គ្នា​សិន រួច​ហើយ​ចាំ​គិត​បន្ត​ទៅ​ទៀត ។

លោក​ឆោម ពិ​សិទ្ធ បាន​និយាយ​ខ្សាវ​ៗ​ទាំង​អួល​ដើម ក​ផង​បាន​បញ្ជាក់​ថា ដំបូង​ឡើយ​លោក​គ្មាន​ដឹងខ្លួន​អ្វី​ទាំងអស់ ដែល​ជំងឺ​នេះ​វា​មិន​បាន​ឱ្យដឹង​ជា​មុន​ឡើយ ស្រាប់តែ​កំពុង​យួរ​ទឹក​ដាក់​ពាង​ត្រូវ​ង​ងិ​ត​ដួល​នៅ​មុខ​បន្ទប់ទឹក ហើយ​ដឹងខ្លួន​វិញ​នៅ​ក្នុង​មន្ទីរពេទ្យ ដោយ​ការ​សម្រេច​ចាត់ចែង​ស្ថិត​នៅ​លើ​ប្អូនស្រី ជា​អ្នក​ចាត់​ចែង​សម្រេច​ទាំងអស់ ព្រោះ​ពេល​នេះ​បន្ទុក​ស្ថិត​នៅ​លើ​ប្អូនស្រី​ទាំងអស់ ។ ម្ល៉ោះហើយ​ទើប​សម្រេចចិត្ត​លក់​ម៉ូតូ​១​គ្រឿង និង​ខ្សែ​ក​មាន​បន្តិចបន្តួច​ដែល​ជា​របស់​សម្រាប់​ពេល​ចេញ​ទៅ​ច្រៀង​នោះ​សិន រង​ចាំ​រក​វិញ​ទៅ​ថ្ងៃក្រោយ តែ​មិនដឹង​ជា​ទទួលលទ្ធផល​ដូច​ម្តេច​ឡើយ បើ​ពេល​នេះ​សល់​តែ​សំបកខ្លួន និង​សំបក​ផ្ទះ ហើយ​ជម្ងឺ​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ពិការ​មួយ​ចំហៀង​ខ្លួន​ទៀត ដោយ​គិត​អ្វី​មិន​ចេញ​សោះឡើយ ។

លោក​ឆោម ពិ​សិទ្ធ បាន​លើកដៃ​សំពះ​តាម​រយៈកោះសន្តិភាព សូម​អំពាវនាវ​ដល់​សប្បុរសជន​នានា មិត្ត​ភក្តិ​ ដែល​តែងតែបាន​ស្គាល់រាប់អាន​គ្នា​ក្នុង​វិស័យ​សិ​ល្បៈ ជួយ​ចម្លងគ្រោះ​ដល់​រូប​ខ្ញុំ​ដែល​ពេល​នេះ​កំពុង​តែ​ជួប​បញ្ហា​លំបាក​ជីវភាព​ក្នុង​ពេល​មាន​មេរោគ​កូ​វី​ដ​-១៩​ហើយ បន្ថែម​មក​ធ្លាក់ខ្លួន​ឈឺខ្លួន​ឯង​បន្ថែម​ទៀត​ដោយ​មិន​អាច​គេច​បាន​ទើប​សុខចិត្ត​លើកដៃ​សំពះ​អង្វរ​ពេល​នេះ​ប្អូន​ចង់​ជួយ​លោក​ឆោម ពិ​សិទ្ធ តារាចម្រៀង​នេះ​ប្រើ​ទូរស័ព្ទ​លេខ (០១៧ ៤២៤ ៦៤០) ។

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ