ដីចម្ការ​​ស្រល់​ក្នុង​ក្រុង​សែន​មនោ​រម្យ​នឹង​អាច​ឱ្យ​ពលរដ្ឋ​មក​កម្សាន្ត​ដោយ​សេរី


ខេត្តមណ្ឌលគិរី​៖ ទីបំផុត​ ដីចម្ការ​​ស្រល់​រាប់រយ​ហិក​តា ដែល​លាត​ស​ន្ធឹង​លើ​ទឹកដី​ក្រុង​សែន​មនោ​រម្យ និង​ស្រុក​អូរ​រាំង ហាក់​មាន​សង្ឃឹម​សម្រាប់​មហាជន​ចូល​ទស្សនា​លេង​កម្សាន្ត​ដោយ​សេរី​ឡើង​វិញ គ្មាន​ការ​រំខាន​ពីរ​បង​ហ៊ុម​ព័ទ្ធ​​ដី​ ក្រោយ​អភិបាលខេត្ត​បាន​ចេញ​បញ្ជា​ឲ្យ​រដ្ឋបាល​ព្រៃឈើ មន្ទីរ​ដែនដី និង​មន្ទីរ​កសិកម្ម ត្រូវ​សា​រើ​ឯកសារ​ពាក់​ព័​ន្ធ​នានា ​យក​មក​ត្រួតពិនិត្យ ហើយ​ចំពោះ​ឯកសារ​ណា​ដែល​គ្មាន​ភាព​ប្រក្រតី​ត្រូវ​និ​រាករ​ចោល​ទាំងអស់​។

ថ្លែង​ជាមួយ​អ្នក​សារព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ មិថុនា ២០២០ ខណៈ​កំពុង​ដឹកនាំ​មន្ត្រី​ជំនាញ​ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា ក្នុង​នាម​លោក​ជា​ប្រធាន​គណៈ​បញ្ជាការ​ខេត្ត បាន​បញ្ជា​ឲ្យ​ជំនាញ​ពាក់ព័ន្ធ​គ្រប់​អង្គភាព​ផ្ទៀងផ្ទាត់​ឡើង​វិញ ដោយ​ត្រូវ​ដកហូត​ដី​ទាំង​អស់នោះ​មក​ជា​របស់​រដ្ឋ លើកលែងតែ​ដី​ដែល​មានការ​កាន់កាប់​ច្បាស់លាស់​របស់​ប្រជាពលរដ្ឋ ជា​យូរណាស់​មក​ហើយ ។

អភិបាលខេត្ត​បាន​ថ្លែង​ថា ដីចម្ការ​ស្រល់​នេះ​ជា​តំបន់​ដែល​ព្រះមហាក្សត្រ ធ្លាប់​យាង​មក​ប្រារព្ធ​ពិធី​រុក្ខទិវា ក្នុង​ឆ្នាំ​២០០៤(​ទំហំ​២២៥​ហិកតា​) ខណៈ​ដែល​អាជ្ញាធរ​កំពុង​ជម្រុញ​ឲ្យ​ចុះបញ្ជី​ដី​នេះ ​ជា​សម្បត្តិ​រដ្ឋ ហើយ​ក្នុងដំណើរការ​ចុះបញ្ជី​ក៏​ពិនិត្យ​ឃើញ​មានការ​ពាក់ព័ន្ធ​ជាមួយ​និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​។ ដែល​ចំណុច​នេះ​អាជ្ញាធរ​នឹង​ដោះ ស្រាយ​តាម​បែបបទ​រដ្ឋបាល ដើម្បី​ឈាន​ដល់​ការ​ដកហូត​តំបន់​ដីចម្ការ​​ស្រល់​ទាំងនេះ​មក​វិញ ។ ទោះជា​យ៉ាងណា​ នៅ​មិន​ទាន់​ដឹង​អំពី​ទំហំ​នៃ​ផល​ប៉ះពាល់​នៅឡើយ​ទេ ដោយ​មន្ត្រី​ជំនាញ​កំពុង​ធ្វើ​ការ​ងារ​នេះ​។

ឯកឧត្ដម ស្វាយ សំ​អ៊ា​ង ថ្លែង​ទៀត​ថា តំបន់ចម្ការស្រល់​ដែល​មន្ត្រី​ជំនាញ​ចុះបញ្ជី​ជា​សម្បត្តិ​រដ្ឋ នឹង​ដាំ​ដើម​ស្រល់ ដែល​បាត់បង់​ឡើង​វិញ ដើម្បី​ក្លាយទៅជា​គោលដៅ​ដ៏​ស្រស់​ស្អាត​ទាក់ទាញ​ភ្ញៀ​ទេសចរ​ ព្រោះតែ​ទី​នេះ​មាន​សក្តានុពល​ទេសចរណ៍​ស្រាប់តែ​ម្ដង​។ ​ឯកឧត្ដម​បញ្ជាក់​ថា ​ក្រុមការងារ​នឹង​ពិនិត្យ​លើ​លិខិត​កាន់កាប់​របស់​ប្រជាពលរដ្ឋ កន្លែង​ណា​មាន លិខិត​កាន់កាប់​ស្របច្បាប់​នឹង​ដោះស្រាយ​តាម​នីតិវិធី កន្លែង​ដែល​កាន់​កាប់​ខុសច្បាប់​គឺ​ដកហូត​តែ​ម្ដង​។

សូម​បញ្ជាក់​ថា បើ​តាម​មន្ត្រី​ជំនាញ​បាន​អះអាង តំបន់​ចម្ការស្រល់​ដែល​រង​ផល​ប៉ះពាល់​ក្នុង​ការ​កាន់កាប់​មិន​ប្រក​តី គឺ​លាតសន្ធឹង​ក្នុង​សង្កាត់​ស្ពាន​មាន​ជ័យ និង​សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ។ ហើយ​បើ​តាម​ប្រភព​ច្បាស់លាស់​សុំ​មិនបញ្ចេញ​អត្តសញ្ញាណ​បង្ហើប​ថា ដី​ជា​ច្រើន​ដែល​ជាន់​ជាមួយ​ដី​របស់​រដ្ឋ គឺជា​កម្ម​សិទ្ធិ​របស់​អ្នក​មក​ពី​បណ្ដា​ខេត្ត​ផ្សេង ដែល​ពួក​គាត់​ជឿ​លើ​ការ​អូស​ទាញ​របស់​ក្រុម​អ្នក​រកស៊ី​គួ​ក​ជេ​ដី​ក្នុង​ខេត្តមណ្ឌល​គិរី ឲ្យ​ទិញ​ដី​ទាំង​អស់នោះ ​ដើម្បី​ចំណេញ​នៅ​ថ្ងៃក្រោយ ហើយ​ក្នុង​ករណី​នេះ​ដែរ​ ក៏​មានការ​គប់គិត​ពី​មន្ត្រី​មូលដ្ឋាន​ថ្នាក់​ក្រោម បាន​ឯកភាព​លើ​ការ​ផ្ទេរ​សិទ្ធ​និង​កាន់កាប់ ទើប​ធ្វើ​ឲ្យ​កើត​មាន​ករណី​បែប​នេះ ។

មហាជន​ក៏​សំណូមពរ​ឲ្យ​មានការ​ដោះស្រាយ​សម​ស្រប និង​ចាន់​វិធានការ​លើ​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​ករណី​នេះ​តាម​ផ្លូវច្បាប់ ដើម្បី​ធានា​ឲ្យ​បាន​នូវ​សម្បត្តិ​សាធារណ​របស់​រដ្ឋ​ជា​ច្រើន​ផ្សេង​ទៀត​ក្នុង​ខេត្តមណ្ឌលគិរី ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ