ប្រទេសអុីតាលី ៖ ក្លិបសេះបង្កង់ Juventus ចេញសេចក្តីប្រកាសអំពីដំណឹងដ៏ល្អចំនួន៣ ព្រមគ្នាកាលថ្ងៃទី២៩ ខែមិថុនាម្សិលមិញ ដែលធ្វើឱ្យអ្នកគាំទ្ររបស់ខ្លូន ពេញចិត្តពេញថ្លើម និងរីករាយជាមួយដំណឺងនេះ។
Juventus បានប្រកាសពីជោគជ័យជាផ្លូវការ ក្នុងការផ្ទេរខ្សែបម្រើ Arthur Melo ពីក្លិបអ្នកមានបុណ្យ Barcelona ក្នុងតម្លៃ ៧២លានអឺរ៉ូ និងបូក ១០លានអឺរ៉ូបន្ថែមទៀតនៅពេលក្រោយ។ ខ្សែបម្រើជម្រើសជាតិប្រេស៊ីលវ័យ ២៣ឆ្នាំរូបនេះ បានសម្រេចចុះកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយម្ចាស់ជើងឯក Serie A ៣៥សម័យកាលមួយនេះ។
វាគឺជាដោះដូរកីឡាកររវាងក្លិប Juventus និងក្លិប Barcelona ដោយក្នុងនោះខ្សែបម្រើ Miralem Pjanić ក៏បានសម្រេចការផ្ទេរជាផ្លូវការ ទៅចូលរួមជាមួយក្លិប Barcelona ផងដែរ នៅក្នុងតម្លៃ ៦០លានអឺរ៉ូ និងបូក ៥លានអឺរ៉ូបន្ថែមទៀតនៅពេលក្រោយ។ ខ្សែបម្រើជម្រើសជាតិបូស្នី និងហឺហ្សីហ្គូវីណាវ័យ ៣០ឆ្នាំរូបនេះ បានចុះកិច្ចសន្យារយៈពេល ៤ឆ្នាំជាមួយក្លិបយក្សកាតាឡាន់មួយនេះ។
ដោយឡែកដំណឹងល្អមួយទៀតសម្រាប់អ្នកគាំទ្រ Juventus គឺក្លិបមួយនេះ បានសម្រេចពន្យាកិច្ចសន្យារយៈពេល ១ឆ្នាំបន្ថែមទៀត ដល់កីឡាករចាស់វស្សារបស់ខ្លួនគឺអ្នកចាំទី Gianluigi Buffon និងខ្សែការពារដែលជាប្រធានក្រុម Giorgio Chiellini ដែលមានន័យថា អ្នកទាំងពីរនឹងត្រូវបន្តរួមរស់នៅទឹកដី Allianz រហូតដល់បញ្ចប់រដូវកាល ២០២០-២១ ៕ (ប្រភពពី៖ Juventus|Barcelona)
ចែករំលែកព័តមាននេះ