ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ភ្នំ​វាល​ធំ ឧទ្យាន​ជាតិ​វី​រៈ​ជ័យ មាន​ទេសភាព​ស្រស់​ស្អាត​ជាទី​គយគន់​គ្រប់​រដូវ​កាល

3 ឆ្នាំ មុន

ខេត្តរតនគិរី ៖ តំបន់​ទេសចរណ៍​ភ្នំ​វាល​ធំ នៃ​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ មាន​ទេសភាព​ស្រស់​ស្អាត​ជាទី​គយគន់​គ្រប់​រដូវ​កាល ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ស្រឡាញ​ធម្មជាតិ ។ លោកស្រី…

ខេត្តរតនគិរី ៖ តំបន់​ទេសចរណ៍​ភ្នំ​វាល​ធំ នៃ​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ មាន​ទេសភាព​ស្រស់​ស្អាត​ជាទី​គយគន់​គ្រប់​រដូវ​កាល ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ស្រឡាញ​ធម្មជាតិ ។

លោកស្រី ឡ​យ ហង្ស​ដា មន្ត្រី​នៃ​ការិយាល័យ​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ បាន​ថ្លែងប្រាប់​វិទ្យុជាតិ​កម្ពុជា ឲ្យ​ដឹង​ថា ភ្នំ​វាល​ធំ ជា​តំបន់​មាន​វាលស្មៅ​ខៀវខ្ចី​ស្រងាត់ បង្កើត​ជា​ទេសភាព ស្រស់​ស្អាត​នៅ​តាម​ជួរ​ជ្រលង​ភ្នំ ព្រមទាំង​មាន​បរិយាកាស​ស្រស់ស្រាយ នឹង​ត្រជាក់ មិន​ចាញ់​ខេត្តមណ្ឌលគិរី​ឡើយ ជា​ពិសេស​ជា​កន្លែង​ទេសចរណ៍​បែប​ផ្សងព្រេង ។

លោកស្រី​បាន​បន្ត​ថា ភ្ញៀវ​ទេសចរណ៍ អាច​ឡើង​ទៅ​លេង​ទីនោះ​បាន តាម​រយៈ​ការ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង ប្រហែល​៦​ម៉ោង ឬ​ការ​ជិះ​ម៉ូតូ​កែ​ច្នៃ ហើយ​អាច​បោះជំរុំ តង់ សម្រាកលំហែ​នៅ​ទីនោះ​បាន ព្រមទាំង​អាច​ថតរូប ទុកជា​អនុស្សាវរីយ៍ ស្តាប់​ឮ​សំឡេង​សត្វ​ព្រៃតូច​ធំ និង​បានឃើញ​សត្វព្រៃ​ដូច​ជា ៖ ឈ្លូស ក្តាន់ ប្រើស និង​សត្វព្រៃ​ជា​ច្រើន​ទៀត ក្នុង​ឧទ្យាន​នេះ​ផង​ដែរ ។

លោកស្រី ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «​ខែ​ហ្នឹង និយាយ​ពី​ទេសភាព​គឺ​ស្អាត ហើយ​បើ​សត្វ គឺ​ក៏​សំបូរ​ដែរ គ្រាន់តែ​វា​ពិបាក​រឿង​ផ្លូវ​ឡើង​ទៅ បើសិនជា​ខែ​ភ្លៀង វា​មានការ​ពិបាក​ក្នុង​ការ​ឡើង ប៉ុន្តែ​ជនជាតិ​បារាំង ពួក​គេ​ចូល​ចិត្ត​ទៅ ខែ​ហ្នឹង​ស្អាត និយាយ​ថា​ស្អាត​ហើយ​នៅ​ទី​ហ្នឹង មាន​តំបន់​ប្រវត្តិសាស្ត្រ​ច្រើន មាន​ជ្រោះ​ក៍​មាន ភ្នំ​ក៏​មាន ហើយ​សត្វ​ក៏​មាន គេ​អាច​ឮ​សំឡេង​សត្វ​ទោច​យំ​អ​ញ្ចឹ​ង ពេល​ខ្លះ​បាន​ជួប​ទៀត គេ​អាច​ឃើញ​ដូច​ជា​ប្រើស​អី​ជាដើម ចំណែកឯ​ជ្រូកព្រៃ​ភាគច្រើន ឃើញ​តែ​ស្នាម​ដានជើង ក៏​ពួក​គាត់​ក៏​សប្បាយចិត្ត​ដែរ​» ។

លោកស្រី បាន​បន្ត​ថា ប្រសិនបើ​ភ្ញៀវ​ទេសចរណ៍ ចង់ទៅ​លេង​កម្សាន្ត ឬ​បោះ​តង់​សម្រាកលំហែ នៅ​ក្នុង​ឧទ្យាន​នេះ គឺ​ត្រូវ​ទាក់ទង​មក​ការិយាល័យ អេកូ​ទេសចរណ៍ធម្មជាតិ នៃ​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី ជា​មុន​សិន ព្រោះតែ​កន្លែង​ទេសចរណ៍​នេះ ជា​តំបន់​គ្រប់គ្រង​ដោយ​ឧ​ទ្យា​នុ​រក្ស​បរិស្ថាន ពោល​ជា​កន្លែង​ដែល​អភិរក្ស យ៉ាង​មុតមាំ ក្នុង​ការ​ការពារ​ព្រៃឈើ និង​ដែនជំរកសត្វព្រៃ ហើយ​បាន​ចុះបញ្ជី​ជា​តំបន់​ការពារ​បេ​តិក​ភ័​ណ្ឌ របស់​អាស៊ាន​ទៀត​ផង ។

គួរ​បញ្ជាក់​ថា តំបន់​ទេសចរណ៍​វាល​ធំ គឺ​ស្ថិត​ក្នុង ឃុំ​កោះ​ប៉ង ស្រុក​វើ​ន​សៃ និង​ឃុំ​តា​វែង​ក្រោម ស្រុក​តា​វែង ខ​ត្ត​រតនគីរី នៃ​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ ជា​ជម្រក​ធម្មជាតិ យ៉ាង​សំខាន់​សម្រាប់​សត្វ​ស្លាប​២០០​ប្រភេទ ថនិកសត្វ​១៥​ប្រភេទ ល្មូ​ន​៣៥​ប្រភេទ មច្ឆា​៣៧​ប្រភេទ កណ្តូប​១៩​ប្រភេទ និង​ប្រភេទ​សត្វ​ផ្សេង​ៗ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ