ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​​ដក​ដំណែង​ក្ដៅ​ៗ ​ដាក់​លោក​ញឹក​សា​រ៉ែ​ន ជា​អភិបាល​ស្ដីទី​ស្រុក​គាស់​ក្រឡ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ មិន​បង្អង់​យូរ​ឡើយ ក្រោយ​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​រាជរដ្ឋាភិបាល​កម្ពុជាចេញ​អនុ​ក្រិ​ត្យ​បញ្ចប់​តំណែង លោក​ម៉ៅ សុ​ចាន់ អភិបាលស្រុក​គាស់​ក្រឡ…

ខេត្តបាត់ដំបង​ ៖ មិន​បង្អង់​យូរ​ឡើយ ក្រោយ​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​រាជរដ្ឋាភិបាល​កម្ពុជាចេញ​អនុ​ក្រិ​ត្យ​បញ្ចប់​តំណែង លោក​ម៉ៅ សុ​ចាន់ អភិបាលស្រុក​គាស់​ក្រឡ ដែល​សំបូរ​ទៅ​ដោយ​រឿងអាស្រូវ​ដី​ធី រំលង​បាន​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ លោក​ងួ​ន រតនៈ បាន​ធ្វើ​ពិធី​ប្រកាស​ផ្ដល់​តំណែងដល់​លោក ញឹក សា​រ៉ែ​ន (​មន្ត្រី​រដ្ឋបាល​សាលាខេត្ត​) ជា​«​អភិបាល​ស្ដីទី​» នៃ​ស្រុក​គាស់​ក្រឡ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មិថុនា ដោយ​យោង​លើ​សេចក្ដី​«​ប្រកាស​»​យ៉ាង​ក្ដៅ​គគុក​របស់​ក្រសួងមហាផ្ទៃ​។

មន្ត្រីរាជការ​មក​ពី​គ្រប់​ស្ថាប័នរដ្ឋ និងអង្គភាព​នានា រួម​ទាំង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ផង បាន​ចូលរួម​ក្នុង​ពី​ធី​ប្រកាស​តំណែង​លោក ញឹក សា​រ៉ែ​ន ជា​ភិ​បាល​ស្ដីទី ស្រុក​គាស់​ក្រឡ នេះ ក្រោយ​លោក​ម៉ៅ សុ​ចាន់ ត្រូវ​បាន​បញ្ជ​ប់​តំណែង​។ ពិធី​នេះ​ បាន​រៀបចំ​ធ្វើ​ឡើង​នៅ​សាលាស្រុក​គាស់​ក្រឡ ក្រោម​អធិបតីភាព លោក​ងួ​ន រតនៈ អភិបាលខេត្ត​បាត់ដំបង តែ​គេ​មិន​ទាន់​ដឹង​អំពី​តំណែង​ថ្មី នៃ​លោក សុ​ចាន់​ទេ​។ អតីត​អភិបាលស្រុក​គាស់​ក្រឡ លោក ម៉ៅ សុ​ចាន់ ត្រូវ​បាន​រាជរដ្ឋាភិបាលចេញ​អនុ​ក្រិ​ត្យ​បញ្ចប់​តំណែង​យ៉ាង​តន់​ហន់​បំផុត កាលពី​ថ្ងៃ​ទី​២៧ មិថុនា គឺ​ស្រប​ពេល​គ្នា​នឹង​ថ្ងៃ​ដែល​ក្រុម​មេធាវី​រាជរដ្ឋាភិបាល មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង មន្ត្រី​ក្រសួង​យុ​ត្តិ​ធ​ម៏​មួយ​ចំនួន​ផង ចុះ​ពិនិត្យ​ជាក់ស្ដែង​លើ​តំបន់​ដី​ទំនាស់​ដ៏​រាំ​រ៉ៃ រវាង​លោក​ឧកញ៉ា សង ថន ជាមួយ​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ នៅ​ក្នុង​ឃុំ​ព្រះ​ផុស ឃុំ​ឆ្នាល់មាន់ និង ឃុំ​ដូន​បា ស្រុក​គាស់​ក្រឡ ។

ស្ថិត​ក្នុង​ស្ថាន​ការ​ណ៍ដ៏​ក្ដៅ​គគុកនៃ​ការ​បញ្ចប់​តំណែង​លោក ម៉ៅ សុ​ចាន់ នេះ លោក​ឧកញ៉ា សង ថន ឯណោះ​វិញ ដែល​អ្នក​បាត់ដំបងស្គាល់​យ៉ាង​ច្បាស់​ថា ជា​ជើងឯក​ក្នុង​ការ​គ្រប់គ្រង​ផ្ទៃដី​ធំ​ជាងគេ រហូត​ជាង​៥,១០០​ហិក​តា នៅ​ក្នុងស្រុក​គាស់​ក្រឡនោះ ក៏​ត្រូវ​បាន​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ អញ្ជើញ​គាត់​ឲ្យ​ឡើង​រថយន្ត​ជិះ​រួម​គ្នា​ទៅ​កាន់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ដដែល​នេះ​ផង​ដែរ ដើម្បី​សាកសួរ​ដំណើ​រឿង​ខ្លះ​ៗ ដែល​គេ​សង្ស័យ​ថា អាច​ជា​សំណុំរឿង​តែ​មួយ​គឺ​«​រឿង​ដីធ្លី​»​។ មន្ត្រី​នានា ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្តបាត់ដំបង បាន​និង​កំពុង​រង​ចាំ​«​ដំណឹង​»​យ៉ាង​អន្ទះសារ ជុំវិញ​ដំណើ​រឿង​លោក ឧកញ៉ា សង ថន ដង្ខៅ​ដី​ស្រុក​គាស់​ក្រឡ ថា តើ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នាំ​គាត់​ទៅ​សួរនាំ​ពី​រឿង​អ្វីខ្លះ ? ពីព្រោះ​គេ​ធ្លាប់​ដឹង​ថា លោក​ឧកញ៉ា​ដង្ខៅ​ដី​រូប​នេះ មានរឿង​អាស្រូវ​ច្រើន​សម្បើម​ណាស់ ពាក់ព័ន្ធ​នឹង​រឿង​«​ដីធ្លី​»​នេះ​។

ជុំវិញ​ការ​បញ្ចប់​តំណែង​លោក ម៉ៅ សុ​ចាន់ និងការ​នាំ​ខ្លួន​លោក​ឧកញ៉ា សង ថន មុន​និង​ក្រោយ ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ថ្ងៃ​តែ​មួយ​នេះ បាន​ធ្វើ​ឲ្យ​មន្ត្រី​នានា និង ប្រជាពលរដ្ឋ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​តែ​កិច្ច​ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​ហាក់​មាន​អា​ថ​កំបាំង និង ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល​បំផុត​។ គ្មាន​មន្ត្រី​សាលាខេត្ត ឬ មន្ត្រី​សាលាស្រុក​គាស់​ក្រឡ រូប​ណា​បាន​និយាយ​រឿង​នេះ​ទេ​។ ម្នាក់​ៗ​សម្ងំ​ស្ងាត់​មាត់​ជ្រាប មិន​ហ៊ាន​បង្ហើប​ពី​រឿង​នេះ​ទេ បាន​ត្រិ​ម​លួច​ខ្សិ​ប​ខ្សៀវ​សួរនាំ​គ្នា​តែ​ប៉ុណ្ណោះ បើ​ទោះជា​មន្ត្រី​ខ្លះ បានដឹង​ពី​ហេតុ​ការ​ណ៍​​នេះ​ច្បាស់​យ៉ាងណា​ក្ដី​។

ទោះជា​បែប​នេះ​ក្ដី បើ​តាម​មន្ត្រី​ខ្លះ បាន​លើក​ឡើង​អំពី​អ្វី​ដែល​ពួក​គេ​បាន​ជ្រាប​ខ្លះ​ៗ យ៉ាង​ដូច្នេះ​ថា «​បើ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ហៅ​លោក​សង ថន ទៅ​សួរនាំ​ពី​សំណុំរឿង​ដីធ្លី​របស់​គាត់ នៅ​ស្រុក​គាស់​ក្រឡ ដែល​មាន​ទំហំ​ជាង​៥,១០០​ហិក​តានោះ​មែន​.. ច្បាស់​ជា​អាសន្ន​ធំ​ហើយ​»​។ ប្រភព​នេះ​បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា «​សំណុំរឿង​នេះ​ អាច​ជាប់ជំពាក់​ជាមួយ​និង​មន្ត្រី​រដ្ឋបាល​ខេត្ត​ខ្លះ​ៗ​ផង និង មន្ត្រី​ស្រុក​គាស់​ក្រឡ ខ្លះ​ផង គឺ​ជាប់​យ៉ាង​រយីងរយោង​ដូច​សម្ល​រកំ​ពឹង​.. ដែល​ពាក់ព័ន្ធ​នឹង​ការ​ឃុំ​ឃិ​ត​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​។ នេះ​ប្រសិនបើ លោក​សង ថន ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ឈ្លិច​សួរនាំ​ពី​រឿងរ៉ាវ​ដីធ្លី​របស់​គាត់​មែន​»​។

ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ងាក​មក​មើល​ដំណើ​ការ នៃ​រដ្ឋបាល​ស្រុក​គាស់​ក្រឡ វិញ បន្ទាប់​ពី​ដក​លោក​ម៉ៅ សុ​ចាន់ ចេញពី​តំណែង​ដូច​កូន​ស្ពៃ ពេល​នេះ ​ក្រសួងមហាផ្ទៃ​បាន​ចេញ​សេចក្ដី​ប្រកាស​តែងតាំង​លោក ញឹក សា​រ៉ែ​ន ជា​អភិបាល​ស្ដីទី នៃ​រដ្ឋបាល​ស្រុក​គាស់​ក្រឡ ជា​បណ្ដោះអាសន្ន​រួច​ស្រេច​ហើយ ដើម្បី​ចៀសវាង​ការ​កកស្ទះ​សេ​វាកម្ម នៃ​រដ្ឋបាល​ស្រុក ដែល​សំបូរ​ទៅ​ដោយ​រឿងអាស្រូវ​ដីធ្លី​មួយ​នេះ​។

ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ផ្ដល់​តំណែង អភិបាលស្រុក​ស្ដីទី​នេះ អភិបាលខេត្ត​បាត់ដំបង លោក ងួ​ន រតនៈ ក៏​បាន​ណែនាំ និងផ្ដល់​នូវ​ដំបូន្មាន​ល្អ​ៗជា​ច្រើន​ដល់​លោក ញឹក សា​រ៉ែ​ន ដែល​ទើប​ទ​ទូល​បាន​នូវ​តំណែង​ស្ដីទី​នេះ​។ លោក​អភិបាលខេត្ត បាន​ថ្លែង​នៅ​ចំពោះ​មុខមន្ត្រី​នានា​ក្នុង​ពិធី​នោះ​ថា លោក ញឹក សា​រ៉ែ​ន ត្រូវ​បន្ត​កិច្ចសហការ សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​កាន់តែ​ទូលំទូលាយ ថែម​ទៀតរ​វាយ​ថ្នាក់លើ និង ថ្នាក់​ក្រោម និង ជា​មួយ​បណ្ដា​មន្ទីរ អង្គភាព ដៃ​គួរ​អភិវឌ្ឍ​ន៏​នានា រដ្ឋបាល​ឃុំ និង សមត្ថកិច្ច​ឲ្យ​បាន​ល្អ​ប្រសើរ​។ លោក​ងួ​ន រតនៈ ក៏​បាន​ជម្រុញ​ឲ្យ​លោក ញឹក សា​រ៉ែ​ន ត្រូវ​បន្ត​ដឹកនាំ​គ្រប់គ្រង ការងារ នៅ​ក្នុង​រដ្ឋបាល​ស្រុក ធ្វើ​យ៉ាងណា​ឲ្យ​ស្រុក​គាស់​ក្រឡ នេះ​កាន់តែ​មានការ​អភិ​វ​ឌ្ឍន៍ និង រីក​ចំរើន​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ