ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​ក្រុង​តូ​ក្យូ​ជាងពាក់កណ្តាល​ចង់ឱ្យ​កីឡា​អូ​ឡាំ​ពិ​ក​ពន្យារពេល​លើក​ទី​២ ឬ​លុប​​ចោល

3 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ យោង​តាម​ការ​ស្ទង់​មតិ​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​កាល​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៩ ខែមិថុនា បានឱ្យ​ដឹង​ថា ជាង​ពាក់កណ្តាល​នៃ​ប្រជាជន​នៅ​ក្នុង​ទីក្រុង​តូ​ក្យូ ចង់ឱ្យ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ក្រុង​តូ​ក្យូ បន្ត​ពន្យារពេល​ថែម​ទៀត ឬ​ក៏​លុប​ចោល​តែ​ម្តង…

ប្រទេស​ជប៉ុន ៖ យោង​តាម​ការ​ស្ទង់​មតិ​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​កាល​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៩ ខែមិថុនា បានឱ្យ​ដឹង​ថា ជាង​ពាក់កណ្តាល​នៃ​ប្រជាជន​នៅ​ក្នុង​ទីក្រុង​តូ​ក្យូ ចង់ឱ្យ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ក្រុង​តូ​ក្យូ បន្ត​ពន្យារពេល​ថែម​ទៀត ឬ​ក៏​លុប​ចោល​តែ​ម្តង ជាង​ប្រារព្ធ​ឡើង​នៅ​ឆ្នាំ​ក្រោយ​។

ការ​ស្ទង់​មតិ​ដែល​ធ្វើ​ឡើង​ដោយ​ស្ថាប័ន​ព័ត៌មាន​ជប៉ុន​ចំនួន​ពីរ បាន​កើតឡើង​បន្ទាប់​ពី​អ្នកជំនាញ​ផ្នែក​សុខភាព​បាន​ព្រមាន​ថា សូ​ម្បី​តែ​ការ​ពន្យា​ពេល​មួយ​ឆ្នាំ ក៏​ប្រហែលជា​មិន​គ្រប់គ្រាន់ ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​នេះ ប្រកបដោយ​សុវត្ថិភាព​បាន​ដែរ​។

ការ​ស្ទង់​មតិ​ដែល​បាន​ធ្វើ​ឡើង​កាលពី​ចុង​ស​ប្តា​ហ៍ បាន​រក​ឃើញ​ថា សំឡេង​ចំនួន ៥១,៧​ភាគរយ សង្ឃឹមថា​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០២០ នឹង​បន្ត​ពន្យា​ពេល​ថែម​ទៀត ឬ​ក៏​លុប​ចោល​តែ​ម្តង ខណៈ​ដែល​សំឡេង ៤៦,៣​ភាគរយ ចង់​ឃើញ​ព្រឹត្តិការណ៍​នេះ រៀបចំ​ឡើង​តាម​ការ​គ្រោងទុក (​កាលបរិច្ឆេទ​ថ្មី​)​។

ក្នុង​ចំណោម​អ្នក​ដែល​ប្រឆាំង​នឹង​ការ​រៀបចំ​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០២១ ក្នុង​នោះ​មាន​ចំនួន ២៧,៧ ភាគរយ បាន​លើក​ឡើង​ថា ពួក​គេ​ចង់ឱ្យ​លុប​ចោល​ព្រឹត្តិការណ៍​មួយ​នេះ​តែ​ម្តង ខណៈ​ដែល​២៤​ភាគរយ​ចង់​មានការ​ពន្យារពេល​ជា​លើក​ទី​២ ។

សូម​ជម្រាប​ជូន​ថា ការ​ស្ទង់​មតិ​នេះ​ធ្វើ​តាម​រយៈ​ទូរស័ព្ទ​ដៃ ដែល​រៀបចំ​ឡើង​ដោយសារ​ព័ត៌មាន​ជាតិ Kyodo និង​ទូរទស្សន៍ Tokyo MX នៅ​ចន្លោះ​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ ខែមិថុនា ដែល​ទទួល​បាន​សំឡេង​ឆ្លើយ​តប​សរុប​ចំនួន ១,០៣០​សំឡេង​។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​២៤ ខែកក្កដា ដល់​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២០ ត្រូវ​បាន​លើក​ទៅ​ធ្វើ​នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ដល់​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២១ វិញ ដោយសារ​តែ​វិបត្តិ​ដែល​បណ្តាល​មក​ពី​វីរុស​កូ​វី​ដ​១៩ ៕ (​ដកស្រង់​ចេញពី​៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ