មិនភ្លេចគុណគ្រូ​ដែល​កំពុងរងគ្រោះព្រោះ​កូវីដ​១៩​


រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២០ អតីត​សិស្សសាលា​បាក់​ទូក​មួយ​ក្រុម​ក្នុង​ទសវត្ស​ចន្លោះ​ឆ្នាំ​១៩៨០-១៩៨៩ បាន​ប្រមូលផ្តុំ​ជួបជុំ​គ្នា ដោយ​យក​ទីតាំង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជា​កន្លែង​ជួបជុំ ដើម្បី​ប្រារព្ធ​នូវ​កម្មវិធី​ជូនអំណោយ​ដល់​អតីត​លោកគ្រូ អ្នកគ្រូ និង មិត្ត​ជួប​ការ​លំបាក ក្នុង​ដំណាក់កាល​ប្រឈម​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់ ជំងឺឆ្លង​កូ​វី​ដ​១៩ ។ ការ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មកនេះ គឺជា​អំពើ​ល្អ​មួយ​របស់​មនុស្ស​គ្រប់​រូប​ក្នុង​គ្រា​មាន​អាសន្ន ហើយ​ការ ចេះ​ស្រឡាញ់​គ្នា ចេះ​ជួយ​គ្នា និង​អធ្យាស្រ័យ​ឲ្យ​គ្នា គឺជា​គំរូ​ល្អ​សម្រាប់​អ្នក​ជំនាន់​ក្រោយ​ៗ ។

លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​អ្នក​ផ្ដួចផ្ដើម​ប្រមូលផ្ដុំ​បង្កើត​ក្រុម​អតីត​សិស្ស​បាក់​ទូក​នេះ បាន​មាន​ប្រសាសន៍​ថា ការ​ចែ​ក​រំលែក​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក និង​ការ​យកចិត្តទុកដាក់​ជួយ​ដល់​អតីត​លោកគ្រូ​អ្នកគ្រូ ក្នុង​ក្រុម​របស់​លោក​នា​ពេល​នេះ គឺ​ពុំ​មែន​ជា​លើក​ទី​១​ទេ ដោយ​កន្លង​មក​ក្រុម​លោក​តែងតែ​រួម​គ្នា​បរិច្ចាគ​ថវិកា រហូត​ដល់​ទៅ​ជាង​១០​ម៉ឺន​ដុល្លារ ដើម្បី ជួយ​ដល់​មិត្ត​ដែល​ជួប​ការ​លំបាក ជួយ​ដល់​លោកគ្រូ​អ្នកគ្រូ​ជា​ហូរហែរ និង​កសាង​សមិទ្ធផល​ជា​ប្រយោជន៍​ដល់​សាលា​បាក់​ទូក​ជា​ច្រើន​។

លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង បាន​បន្ត​ថា ដោយឡែក​ចំពោះ​ការ​ជួបជុំ​លើក​នេះ អតីត​មិត្ត​រួម​ជំនាន់​ទាំងអស់ បាន​ស្ម័គ្រចិត្ត​រួម​សាមគ្គី​គ្នា​បរិច្ចាគ​ថវិកា សរុប​បាន​ចំនួន ១០.០៥១​ដុល្លារ (​មួយ​ម៉ឺន ហាសិប​មួយ ដុល្លារ​) ជូន​ដល់​លោកគ្រូ​អ្នកគ្រូ​និង​មិត្ត​រួម​ជំនាន់​ជួប​ការ​លំបាក​៣៨​នាក់ (​ក្នុង​នោះ​មាន​លោកគ្រូ​អ្នកគ្រូ​ទូទៅ ទទួល​បាន ថវិកា​ម្នាក់​៥០​ម៉ឺន​រៀល ភេសជ្ជៈ​២​កេស មី​១​កេស ជែ​ល​លាងដៃ​និង​អាល់កុល​៤​ដប​, រីឯ​លោកគ្រូ​អ្នកគ្រូ​និង​មិត្ត​រួម​ជំនាន់ ជួប​ការ​លំបាក ទទួល​បាន​ថវិកា ម្នាក់​២​លាន​រៀល​រួម​ជាមួយ​ភេសជ្ជៈ មី ជែ​ល​លាងដៃ និង​អាល់កុល ដូច​ៗ​គ្នា​ផង​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​ចែករំលែក​ជួយ​គ្នា របស់​ក្រុម​អតីត​មិត្ត​រួម​ជំនាន់​សិស្សសាលា​បាក់​ទូក​មួយ​ក្រុម​នេះ គឺ​ធ្វើ​ឡើង​ដោយ​មនោសញ្ចេតនា​ស្មោះត្រង់ ស្និត​ស្នាល និង​រីករាយ ស្រប​តាម​គោល​ការ​ស្មារតី​ក្រុម និង​ស្រប​តាម​ពាក្យស្លោក ដែល​ក្រុម​បាន​បង្កើត​ឡើង នោះ​គឺ «​សាមគ្គី​មិត្តភាព បង្កើត​ចិត្តរ​មនា ចែករំលែក​ជួយ​គ្នា គ្រប់​គ្រា​លំបាក​» ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ