អ្នកលក់​សម្ភារៈ​ធ្វើបុណ្យ​ទាន​ថា​បាត់​មុខ​អ្នក​ធ្វើបុណ្យ​ជាង​ពាក់កណ្តាល​ដោយសារ​កូ​វី​ដ


រាជធានី​ភ្នំពេញ​៖ អ្នកលក់​ស្បង់​ចីវរ និង​សម្ភារៈ​សម្រាប់​ធ្វើបុណ្យ​គ្រប់​ប្រភេទ​បាន​ត្អូញត្អែរ​ថា​ការ​លក់ដូរ​របស់​ពួក​គាត់​បាន​ធ្លាក់​ជា​ចុះ​ជា​ខ្លាំង គឺ​បាត់បង់​ភ្ញៀវ​ច្រើន​ហួស​ពី​ការ​គិត ។

អ្នកលក់​ថា​ ពលរដ្ឋ​ធ្លាប់​ធ្វើបុណ្យ បាន​ផ្អាក​ធ្វើបុណ្យ​នៅ​ឆ្នាំ​នេះ ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​ពួក​គាត់​ធ្ងន់ធ្ងរ ។

លោកស្រី សុខ ថា​វី អ្នកលក់​សម្ភារៈ​ធ្វើបុណ្យ​គ្រប់​ប្រភេទ​ធំ​មួយ​កន្លែង​នៅ​ក្នុង​ក្រុងភ្នំពេញ ថា​ការ​លក់ដូរ​របស់​គាត់​បាន​ធ្លាក់​ចុះ​រង្វង់ ពី​៦០% ទៅ​៧០% ។ លោកស្រី​ថា​គាត់​បាន​បាត់បង់​អតិ​ថ​ជន ទាំង​អ្នកទិញ​យក​ទៅ​ធ្វើបុណ្យ​ផ្ទាល់​ និង​អ្នកលក់​យក​ឥ​វ៉ា​ន់​ទៅ​លក់​បន្ត​។ អ្នកស្រី​បាន​បញ្ជាក់​ថា «​ខ្ញុំ​សង្កេត​ឃើញ​ថា ​អ្នក​នៅ​បន្ត​ធ្វើបុណ្យ​ពេល​នេះ គឺ​ពួក​គាត់​មាន​ជីវភាព​ធូរធារ​ខ្លាំង ។ ចំណែក​អ្នក​ល្មម​ៗ ពួក​គាត់​ថា​ផ្អាក​ធ្វើបុណ្យ​សិន ពួក​គាត់​រក​ចំណូល​មិន​បាន​នៅ​ពេល​កូ​វី​ដ​១៩​នេះ​» ។

បើ​តាម​អ្នកលក់​សម្ភារៈ​បុណ្យ​ថា ​រៀង​រាល់​ឆ្នាំ​នៅ​រដូវ​នេះ គាត់​លក់​សម្ភារៈ​ធ្វើបុណ្យ​ដាច់​ខ្លាំង​ពីព្រោះ​ជិត​ចូល​ព្រះ​វស្សា ហើយ​រយៈពេល​ខាង​មុខ​មានបុណ្យ​បន្តបន្ទាប់ ដូច​ជា​ បុណ្យ​ភ្ជុំបិណ្ឌ​ជាដើម ​។ ពលរដ្ឋ​ដែល​មាន​បំណង​ធ្វើបុណ្យ​ទាន​ផ្សេង​ៗ តែងតែ​ទិញ​សម្ភារៈ​ធ្វើបុណ្យ​ទុក តែ​ឆ្នាំ​នេះ​អ្នក​ធ្វើបុណ្យ​ជា​ច្រើន​បាន​បាត់មុខ ​។

ម្ចាស់​កន្លែង​លក់​សម្ភារៈ​ធ្វើបុណ្យ​មួយទៀត​ឈ្មោះ ឯក ចាន់ ថា​ការ​លក់ដូរ​របស់​គាត់​បាន​ធ្លាក់​ចុះ​ជាង​ពាក់កណ្តាល​ ។ ឯក​ចាន់ គឺជា​ហាង​លក់​សម្ភារៈ​បុណ្យ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ​។ ម្ចាស់​ហាង​មួយ​នេះ​ថា អ្នក​ធ្វើ​ទិញ​សម្ភារៈ​ធ្វើបុណ្យ​តាម​វត្ត​អារាម ដែល​ឆ្នាំ​បុណ្យ​ពួក​គាត់​ទិញ​ទាន​ព្រះ​វស្សា​ និង​ទេយ្យទាន​សម្រាប់​៥​វត្ត ឬ​១០​វត្ត នៅ​ឆ្នាំ​នេះ គេ​ទិញ​តែ​សម្រាប់​មួយ​វត្ត ប៉ុណ្ណោះ​។

អ្នកស្រី​បញ្ជាក់​ថា ចំណែក​បរិមាណ​ក៍បាន​ថយ​ចុះ​ដែរ​។ ពីមុខ​គេ​ទិញ​សម្ភារៈ​ប្រគេន​ព្រះសង្ឃ​១០​មុខ តែ​ឆ្នាំ​នេះ បើ​គេ​ទិញ គេ​ទិញ​តែ​សម្ភារៈ​សំខាន់​ៗ មួយ​មុខ ឬ​ពីមុខ​ប៉ុណ្ណោះ​។
ម្ចាស់​ហាង​លក់​សម្ភារៈ​ធ្វើបុណ្យ​ខាងលើ​បន្ថែម​ថា នៅ​ប៉ោយ​ប៉ែ​ត​សេដ្ឋកិច្ច​ពលរដ្ឋ​ពឹង​លើ​ការ​ឆ្លង​ដែន​រកស៊ី លក់ដូរ​ជាមួយ​ប្រទេស​ថៃ លុះដល់​ព្រំដែន​បាន​បិទ ជីវភាព​ពលរដ្ឋ​បាន​ជួប​ការ​លំបាក​។

អ្នកស្រី សុខ ថា​វី បញ្ជាក់​ថា​នៅ​ពេល​ពលរដ្ឋ​ជា​ច្រើន​មិន​បាន​ចេញ​ធ្វើបុណ្យ​ដូច​ឆ្នាំ​មុខ​ៗ ការ​ផលិត​សម្ភារៈ​សម្រាប់​ធ្វើបុណ្យ​មួយ​ចំនួន​ក៍​ផ្អាក់​ចង្វាក់​ផលិតកម្ម​គេ​ដែរ​។ «​នៅ​ឆ្នាំ​នេះ​សិប្បកម្ម​ផលិត​ទៀន​មួយ​ចំនួន​បាន​ផ្អាក​ដំណើរ​។ ចំណែក​សកម្មភាព​សេដ្ឋកិច្ច​តាម​ទីផ្សា​រក៍​ស្ងាត់​។ រាល់​ឆ្នាំ​ហាង​ខ្ញុំ​ពេល​នេះ​រវល់​ណាស់ តែ​ពេល​នេះ​គ្មាន​ការ​បញ្ជា​ទិញ​ទេ​។ ពលរដ្ឋ​ត្អូញ​គ្រប់​គ្នា​»​។

អ្នកស្រី​បន្ថែម​ថា «​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​ជា​រួម​ទាំង​ម្តង​» ។
មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា លោក សេង សុ​មុនី បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ធ្វើបុណ្យ​តាម​សទ្ធា​ដូច​រាល់​ឆ្នាំ​។ លោក​បាន​បញ្ជាក់​ថា​ព្រះសង្ឃ​និង​វត្ត​អារាម​អាស្រ័យ​លើ​ប្រជា​ពុទ្ធបរិស័ទ​ ។

ទោះបី​យ៉ាងណា​មន្ត្រី​ស្នើ​ដល់​ពលរដ្ឋ​នៅ​ចេញ​ទៅ​ធ្វើបុណ្យ​ទាន ប្រកាន់ខ្ជាប់​វិធានការ​របស់​ក្រសួងសុខាភិបាល ដោយ​មិន​ត្រូវ​ជុំ​មនុស្ស​ច្រើន ត្រូវ​រក្សា​គម្លាត​និង​ពាក់​ម៉ាស ឧស្សាហ៍​លាងដៃ​និង​សាប៊ូ ឬ​អាកុល​ជាដើម​៕

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ