ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវកម្ម​ទេសចរណ៍​ជិត​៣​ពាន់​ទីតាំង​បិទ​បណ្ដោះអាសន្ន​ និង​បាត់បង់​ការងារ​ជាង​៤៥​ពាន់​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផល​ប៉ះពាល់​ដែល​បណ្ដាល​មក​ពី​វិបត្តិ​កូ​វី​ដ​១៩ បាន​និង​កំពុង​រាលដាល​កាន់តែ​ខ្លាំង​ឡើង ជា​ពិសេស​វា​បាន​ធ្វើ​ប៉ះពាល់​ដល់​វិស័យ​មួយ​ចំនួន​ដែល​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ ។ ជាក់ស្ដែង​វិស័យ​ទេសចរណ៍ ធ្វើ​អោយ​អាជីវកម្ម​ប្រមាណ​ជិត​៣​ពាន់​ទីតាំង​បាន​បិទទ្វារ​និង​ផ្អាក​ដំណើរការ​បណ្ដោះអាសន្ន ហើយ​ធ្វើ​អោយ​បុគ្គលិក​ក្នុង​ផ្នែក​នេះ​ប្រមាណ​ជាង​៤៥​ពាន់​នាក់​បាត់បង់​ការងារ​និង​ប្រាក់​ចំណូល ។…

រាជធានី​ភ្នំពេញ ៖ ផល​ប៉ះពាល់​ដែល​បណ្ដាល​មក​ពី​វិបត្តិ​កូ​វី​ដ​១៩ បាន​និង​កំពុង​រាលដាល​កាន់តែ​ខ្លាំង​ឡើង ជា​ពិសេស​វា​បាន​ធ្វើ​ប៉ះពាល់​ដល់​វិស័យ​មួយ​ចំនួន​ដែល​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ ។

ជាក់ស្ដែង​វិស័យ​ទេសចរណ៍ ធ្វើ​អោយ​អាជីវកម្ម​ប្រមាណ​ជិត​៣​ពាន់​ទីតាំង​បាន​បិទទ្វារ​និង​ផ្អាក​ដំណើរការ​បណ្ដោះអាសន្ន ហើយ​ធ្វើ​អោយ​បុគ្គលិក​ក្នុង​ផ្នែក​នេះ​ប្រមាណ​ជាង​៤៥​ពាន់​នាក់​បាត់បង់​ការងារ​និង​ប្រាក់​ចំណូល ។

បើ​តាម​លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា បាន​មាន​ប្រសាសន៍​ថា​តាម​ការ​វាយតម្លៃ​ពី​អ្នកជំនាញ​សម្រាប់​ជំងឺ​កូ​វី​ដ​១៩ វា​នឹង​ធ្វើ​អោយ​សេដ្ឋកិច្ច​លើ​ពិភពលោក​ថយ ៧​ឆ្នាំ ហើយ​សម្រាប់​ប្រទេស​កម្ពុជា​នឹង​ថយ​៥​ឆ្នាំ​ផង​ដែរ ។ មាន​ន័យ​ថា បើ​មិន​មាន​កូ​វី​ដ​១៩​ទេ , នៅ​ឆ្នាំ​២០២០​នេះ​កម្ពុជា នឹង​ទទួលភ្ញៀវ​ទេសចរ​ចំនួន​៧​លាន​នាក់ តែ​ចំនួន​នេះ​អាច​ទទួល​បាន​នៅ​ឆ្នាំ​២០២៥​ឯណោះ ។

លោក​បន្ត​ថា ក្នុង​រយៈពេល​០៣​ស​ប្តា​ហ៍​នៃ​ខែមិថុនា​នេះ​មាន​ភ្ញៀវ​ទេសចរ ជាង​៤៥​ម៉ឺន​នាក់​ចេញ​ដើរ​ទស្សនា​នៅ​ទូ​ទាំង​ប្រទេស ក្នុង​កំណើន​ប្រមាណ ៧,២៤% ធៀប​នឹង​រយៈពេល​០៣​ស​ប្តា​ហ៍​នៃ​ខែឧសភា កន្លង​មក​។ កត្តា​នេះ​បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​ក្នុងស្រុក​នៅ​តែ​បន្ត​កើន​ឡើងជា​បន្តបន្ទាប់ គិត​ចាប់ពី​ចុង​ខែមេសា​មក​ម្ល៉េះ ហើយ​ក៏​ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​វិស័យ​ទេសចរណ៍​ក្នុងស្រុក ។ ដោយឡែក​សម្រាប់​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ជាង ៧៧៥​ពាន់​នាក់ ថយ​ចុះ ៤៦,២% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៩ ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តីណែនាំ ដោយ​មិន​ឲ្យ​ជួបជុំ ហើយ​ចំពោះ​ការ​បិទ​អាជីវកម្ម ក្លឹ​ប​កំសាន្ត ខារ៉ាអូខេ​ក៏​ជា​ផ្នែក​មួយ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រង​ផល​ប៉ះពាល់​ពី​បញ្ហា​នេះ​ផង​ដែរ ។

លោក​បន្ត​ថា សម្រាប់​រាជធានី​ភ្នំពេញ​អាជីវកម្ម​ទេសចរណ៍​ចំនួន​៣៦០​ទីតាំង​ត្រូវ​បាន​បិទ ស្មើនឹង​១៨,៩​ភាគរយ​នៃ​មូលដ្ឋាន​អាជីវកម្ម​សរុប​ចំនួន​១៩០០​ទីតាំង តែ​ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច​និង​រក្សា​ការងារ​ជូន​ពលរដ្ឋ រដ្ឋាភិបាល​បាន​លើកទឹកចិត្ត​អោយ​មាន​សកម្មភាព​ទេសចរណ៍​ក្នុងស្រុក និង​ការ​បញ្ចេញ​ថវិកាជាតិ​ជួយ​ដល់​កម្មករ និយោជិត​ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​កូ​វី​ដ​១៩ ជាមួយនឹង​ការ​គាំពារ​សង្គម​ផ្សេង​ៗ​ទៀត ។

គួរ​បញ្ជាក់​ថា គិត​មក​ដល់​ថ្ងៃ​ទី​២៩ មិថុនា ២០២០​នេះ​កម្ពុជា​រក​ឃើញ​អ្នក​ផ្ទុក​ជំងឺ​កូ​វី​ដ ១៩​ចំនួន ១៤១​នាក់ ក៏​ប៉ុន្តែ​អ្នកជា​សះស្បើយ​មាន​រហូត​ដល់​១៣០​នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​តែ​១១​នាក់​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ