ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនធាន​មាន​កំរិត តើ​គួរ​ធ្វើ​អាជីវកម្ម ច្រើន​មុខ​ក្នុង​ពេល​តែ​មួយ​ឬទេ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បច្ចុប្បន្ន​នេះ សហគ្រិន​មួយ​ចំនួន​ខិតខំ​ក្នុង​ការ​ធ្វើ​អាជីវកម្ម (​ការ​រកស៊ី​) ច្រើន​មុខ​ក្នុង​ពេល​តែ​មួយ ដោយ​រំពឹង​ថា​ការ​រកស៊ី​មុខរបរ​ច្រើន​ក្នុង​ពេល​តែ​មួយ​នឹង​ជួយ​ដល់​ការ​បង្កើត​ច្រក​ចំណូល​បាន​ច្រើន​។ ក៏​ប៉ុន្តែ​មិនមែន​គ្រប់​សហគ្រិន​ទាំងអស់​នឹង​ទទួល​បាន​ជោគជ័យ​គ្រប់មុខ​ជំនួញ​ដែល​មាន​ក្នុង​ដៃ​នោះ​ឡើយ ប្រ​សិន​កត្តា​ធនធាន​នៅ​មាន​កម្រិត ហើយ​ពុំ​មាន​ផែនការ​វែង​ឆ្ងាយ​និង​ច្បាស់លាស់ ជា​ពិសេស​គឺ​ការ​មិន​បាន​សិក្សា​ពី​តម្រូវការ​បាន​ជាក់លាក់…

រាជធានី​ភ្នំពេញ​៖ បច្ចុប្បន្ន​នេះ សហគ្រិន​មួយ​ចំនួន​ខិតខំ​ក្នុង​ការ​ធ្វើ​អាជីវកម្ម (​ការ​រកស៊ី​) ច្រើន​មុខ​ក្នុង​ពេល​តែ​មួយ ដោយ​រំពឹង​ថា​ការ​រកស៊ី​មុខរបរ​ច្រើន​ក្នុង​ពេល​តែ​មួយ​នឹង​ជួយ​ដល់​ការ​បង្កើត​ច្រក​ចំណូល​បាន​ច្រើន​។ ក៏​ប៉ុន្តែ​មិនមែន​គ្រប់​សហគ្រិន​ទាំងអស់​នឹង​ទទួល​បាន​ជោគជ័យ​គ្រប់មុខ​ជំនួញ​ដែល​មាន​ក្នុង​ដៃ​នោះ​ឡើយ ប្រ​សិន​កត្តា​ធនធាន​នៅ​មាន​កម្រិត ហើយ​ពុំ​មាន​ផែនការ​វែង​ឆ្ងាយ​និង​ច្បាស់លាស់ ជា​ពិសេស​គឺ​ការ​មិន​បាន​សិក្សា​ពី​តម្រូវការ​បាន​ជាក់លាក់ ។

លោក ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច​មួយ​រូប​បាន​លើក​ឡើង​ថា «​រកស៊ី​ច្រើន​មុខ​មិន​អាច​ធ្វើ​អោយ​អ្នក​ជោគជ័យ​បាន​ទេ មាន​តែ​អ្នក​ជោគជ័យ​ហើយ​ទេ​ទើប​អាច​រកស៊ី​ច្រើន​មុខ​បាន​។ មានទឹក​១​លី​ត្រ​មិន​អាច​ស្រោច​កូន​ឈើ​១០​ដើម​អោយរ​ស់បាន​ទេ ប៉ុន្តែ​បើ​ស្រោច​កូន​ឈើ​១​ដើម​គឺ​អាច​រស់​។ រើស​យក​ទៅ តើ​ធ្វើ​អោយ​កូន​ឈើ​១​ដើម​រស់ ឬ​ងាប់​ទាំង​១០​?​» ។

លោក​បាន​បន្ថែម​ថា នៅ​ពេល​និយាយ​ដល់​ធនធាន គឺ​សំដៅ​ទៅ​លើ​ធនធាន​ហិរញ្ញវត្ថុ​ជា​សំខាន់​។ ពីព្រោះ​ធនធាន​ហិរញ្ញវត្ថុ គឺជា​ប្រភព​នៃ​ការ​ដែល អាច​ចាប់ផ្តើម​អាជីវកម្ម​បាន អាច​ពង្រីក​អាជីវកម្ម​បាន អាច​ជួល​មនុស្ស​មាន​សមត្ថភាព​មក​បំពេញការងារ​បាន ។ អ៊ីចឹង​ធនធាន​ហិរញ្ញវត្ថុ​នឹង​គឺ​សំខាន់ ហើយ​ជា​ទូទៅ​គឺ​មាន​កម្រិត មិនមែន​ចេះ​តែ​មាន​ធនធាន​ហិរញ្ញវត្ថុ​ហូរហៀរ​នោះ​ទេ ។

លោក ង៉ែត ជូ បាន​បន្ថែម​ទៀត​ថា ប៉ុន្តែ​ទាក់ទង​ជាមួយនឹង​កម្លាំងកាយ ចិត្ត​ប្រាជ្ញា​របស់​ម្ចាស់​អាជីវកម្ម​ហ្នឹង​ក៏​សំខាន់ ពីព្រោះ​យើង​ពេល​តែ​មួយ​យើង​មិន​អាច​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅ​លើ​អាជីវកម្ម ច្រើន​មុខ​បាន​ល្អ​ទេ ។ អ៊ីចឹង គឺ​ត្រូវធ្វើ​ឲ្យ​បាន​ជោគជ័យ​មួយ​ៗ​សិន ហើយ​ចាំ​យើង​គិតពិចារណា បង្កើត​អាជីវកម្ម​ថ្មី​ៗ​បន្ថែម​បន្ត​ៗ​ទៅ​ទៀត ។

ទីប្រឹក្សា​សេដ្ឋកិច្ច​រូប​នេះ​បាន​បន្ថែម​ថា «​ហើយ​សួរ​ថា​អាច​ធ្វើ​ច្រើន​មុខ​អាជីវកម្ម ឬ​រកស៊ី​ច្រើន​មុខ​អាជីវកម្ម ពេល​ណា? មែនទែន​ទៅ ដូច​ខ្ញុំ​បាន​ជម្រាប​អ​ញ្ចឹ​ង គឺ​ត្រូវធ្វើ​ឲ្យ​ជោគជ័យ​មួយ​ៗ មាន​ន័យ​ថា​អាជីវកម្ម​មួយ​ទទួល​បាន​ប្រាក់​ចំណូល មាន​ចំនេញ​មាន​និរន្តរភាព មាន​អ្នកគ្រប់គ្រង​កាន់​ការងារ​ច្បាស់លាស់ ហើយ​មាន​ប្រព័ន្ធ​គ្រប់គ្រង​ច្បាស់លាស់ មាន​បញ្ជីស្នាម​ច្បាស់លាស់ ។ ហើយ​មួយទៀត​ដែល​ជា​ចំណុច​សំខាន់​គឺ​ពង្រីក ។

ពង្រីក​ហ្នឹង​គឺ​ឲ្យ​អស់​សក្តានុពល មាន​ន័យ​ថា​វា​អស់​វិធីសាស្ត្រ​ពង្រីក​ហើយ ពង្រីក​ទៅ​ណា​ទៀត ទៅ​តំបន់​ថ្មី ឬ​ទៅ​ខេត្ត​-​ក្រុង​ថ្មី អស់ចិត្ត​អស់ចង់​ហើយ​ទៅ​លើ​អាជីវកម្ម​មួយ​ហ្នឹង ទើប​ពិចារណា​បង្កើត​អាជីវកម្ម​ថ្មី​បន្ថែម ។ ខ្ញុំ​ឲ្យ​ឧទាហរណ៍​ងាយ​យល់​មួយ គឺ​ធនាគារ​អេ​ស៊ី​លី​ដា​អ​ញ្ចឹ​ង ជោគជ័យ​នៅ​ស្រុក​ខ្មែរ ពង្រីក​នៅ​ស្រុក​ខ្មែរ​អស់ហើយ គ្រប់​សាខា គ្រប់​ខេត្ត​-​ក្រុង​អី​ទាំងអស់ បន្ថែម​សេវាកម្ម​យូ​នី​ធី ទាន់ចិត្ត បន្ថែម​អី​អស់ហើយ ក៏​ត្រូវ​បង្កើត​សាខា​នៅ បណ្តា​ប្រទេស​ផ្សេង​ៗ​ពង្រីក​តទៅ​ទៀត គឺ​នៅ​ប្រទេស​ភូមា នៅ​ប្រទេស​ឡាវ អី​ជាដើម​បាទ ។ គេ​មិនមែន​គ្រាន់តែ​រកស៊ី​ជោគជ័យ​នៅ​ស្រុក​ខ្មែរ មាន​សាខា​គ្រប់​ខេត្ត​-​ក្រុង ហើយ ឬ​ក៏​មិន​ទាន់​ពង្រីក​អស់​សក្តានុពល​ទេ គឺ​ទៅ​បង្កើត​អាជីវកម្ម​អី​ថ្មី ធនា​រ៉ាប់រង ឬ​ធ្វើ​អី​ថ្មី​ទៀត គឺ​គេ​អត់​ធ្វើ​អ​ញ្ចឹ​ង​ទេ​បាទ ។

លោក​បន្ត​ថា «​តាម​ពិត​ទៅ​អាស្រ័យ​លើ​ធនធាន អាស្រ័យ​លើ​សមត្ថភាព អាស្រ័យ​ទៅ​លើ​ទំនាក់ទំនង អាស្រ័យ​លើ​ការ​គៀងគរ មនុស្ស​មាន​សមត្ថភាព​មក​ធ្វើការ​ជាមួយ ចូល​ហ៊ុន ជាមួយ​គ្នា ទាក់ទង​នឹង​មុខ​ជំនួញ​និង​មុខរបរ​ដែល​ត្រូវ​រកស៊ី​នេះ​បាទ​» ។ លោក​បាន​លើក​ជា​ឧទាហរណ៍ ថា ក្រុមហ៊ុន​ធំ​ៗ​ដែល​គេ​ជោគជ័យ​ហើយ គឺ​គេ​អាច រក​ច្រើន​មុខ ឧទាហរណ៍ ក្រុមហ៊ុន​ជីព ម៉ុង អី​អ៊ីចឹង បើ​យើង​រៀបរាប់​ទៅ​គឺ​មាន ជីប ម៉ុង ផ្នែក​ខាង ត្រេង​ឌី​ង ផ្នែក​ខាង​ជួញដូរ នាំ​ចេញ​នាំ​ចូល មាន​ជីប ម៉ុង ខាង​ស៊ីម៉ង់ មាន​ជីប ម៉ុង​ខាង​ស្រា​ប៊ៀ​រ ជីប​ម៉ុង ខាង​ភេសជ្ជៈ និង​ជីប ម៉ុង លែ​ន ផ្សេង​ៗ​ទៀត​ដូច​ជា​ធនាគារ​អី​ជាដើម ។

លោក​ង៉ែត ជូ បញ្ជាក់​ថា «​អ្នក​ផ្សេង​ទៀត ដូច​ជា​យុវជន អ្នក​រកស៊ី នៅ​វ័យក្មេង កុំ​លោភ​ច្រើន​មុខ ទោះបី​ជោគជ័យ អស់​សក្តានុពល​ពង្រីក​ក៏​ដោយ គឺ​ទៅ​មួយទៀត អ៊ីចឹង ទី​២ ឲ្យ​ជោគជ័យ​អស់​សក្តានុពល​ពង្រីក បាន​ទៅ​មួយទៀត​។ អ៊ីចឹង ខ្ញុំ​គិត​ថា​លើកលែងតែ​ក្លាយទៅជា​ក្រុមហ៊ុន ធំ​ៗ​ទេ បើសិនណា​ជា​សមត្ថភាព​រកស៊ី​ធម្មតា ហ្នឹង ២ ឬ ៣ មុខ​គឺ​ច្រើន​ពេក​ហើយ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ