ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញព័ត៌មាន​ស្តីពីប្រវត្តិសង្ខេប​«ផ្ទះ​បុរាណ​​សសរ​១០០»

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ផ្ទះ​បុរាណ​សសរ​១០០ ដែល​មាន​អាយុ​ជាង​១០០​ឆ្នាំ និង​ខ្លះ​ថា ​ជិត​២០០​ឆ្នាំ នៅ​ភូមិ​កោះ​កណ្តុរ ស្រុក​ឆ្លូង ខេត្តក្រចេះ បាន​ធ្វើ​ឱ្យ​សាធារណជន​មានការ​ចាប់អារម្មណ៍​គ្រប់​ៗ​គ្នា…

ខេត្តក្រចេះ ៖ ផ្ទះ​បុរាណ​សសរ​១០០ ដែល​មាន​អាយុ​ជាង​១០០​ឆ្នាំ និង​ខ្លះ​ថា ​ជិត​២០០​ឆ្នាំ នៅ​ភូមិ​កោះ​កណ្តុរ ស្រុក​ឆ្លូង ខេត្តក្រចេះ បាន​ធ្វើ​ឱ្យ​សាធារណជន​មានការ​ចាប់អារម្មណ៍​គ្រប់​ៗ​គ្នា ហើយ​ក៏​ទើបតែ​លេចឮ​ពី​ផ្ទះ​សសរ​១០០​ដែល​មុន​នេះ​ ធ្លាប់​បានដឹង​តែ​វិហារ​សសរ​១០០​តែ​ប៉ុណ្ណោះ​ នៅ​ខេត្តក្រចេះ​នេះ ។

ដោយសារ​តែ​មានការ​ចាប់អារម្មណ៍​ជា​ទូទៅ​នេះ​ ទើប​អ្នក​យក​ព័ត៌មាន​យើង​បាន​ធ្វើ​សេចក្តីរាយការណ៍​បន្ថែម​តាមតែ​អាច​ធ្វើ​ទៅ​បាន​ពី​ប្រវត្តិ​សង្ខេបនៃ​ផ្ទះ​សសរ​១០០​នេះ ។ តាម​ការ​ស្រាវជ្រាវ​១​ឈុត​បានឱ្យ​យើង​ដឹង​ថា ផ្ទះ​សសរ​១០០​នេះ​មាន​អាយុកាល​ជាង​១​សតវត្ស​ពិតមែន​ដែល​រហូត​មក​ដល់​ពេល​នេះ​ឈើ​ដែល​យក​មក​សាង​សង់ផ្ទះ​នេះ​បាន​ពុក​ផុយ​ខ្លះ​ៗ​ហើយ ។ ចំណែក​ក្បឿងស្រកាលិញ មាន​ខ្លះ​ផុយ​ងាយ​បែកបាក់​ទៅ​ហើយ​ដែរ ។

នៅ​ចាំ​ត​គ្នា​ថា​ ផ្ទះ​ដង្ខៅ​លាម
ផ្ទះ​ដ៏​ធំ​ស្គឹ​ម​ស្កៃ​នេះ វា​ច្បាស់​ណា​ស់ថា បាន​សាងសង់​ក្នុង​សម័យ​អាណានិគមនិយម​បារាំង​សេស ហើយ​សម្រាប់​វណ្ណៈ​ភាព​វិញ​នោះ មិនមែន​ផ្ទះ​រាស្ត្រ​សាមញ្ញ​នោះ​ឡើយ ។ ជា​ផ្ទះ​របស់​ដង្ខៅ​លាម ។ ពី​បុរាណ​ឈ្មោះ​ជា​ដង្ខៅ បើ​ផ្អែក​តាម​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត បាន​ពន្យល់​ថា ក្លា​យមក​ពី​ពាក្យ​តាំង​ខៅ មេ​ជំនួញ មាន​ឋានៈ​ស្មើ​គហបតី​រង ឬ​អនុ​គហបតី គឺជា​អ្នកមាន​ម្នាក់​ក្នុង​តំបន់​នោះ ។ តាម​ការ​សាកសួរ​បានឱ្យ​ដឹង​ថា ដង្ខៅ​ម្ចាស់ផ្ទះ​សសរ​១០០​នេះ​ឈ្មោះ លៀម និង​ភរិយា​ឈ្មោះ ធៀ​ម ។

កូនចៅរ​ស់ត​គ្នា​លើ​ផ្ទះ​នេះ​៧​ជំនាន់​មក​ហើយ
តាម​ប្រភព​ពី​ម្ចាស់ផ្ទះ​ជា​កូនចៅ​ដែល​បាន​រស់នៅ​លើ​ផ្ទះ​បុរាណ​នេះ​បាន​ប្រាប់​ថា ពួក​គាត់​រស់នៅ​ត​វេន​គ្នា​ច្រើន​ជំនាន់​មក​ហើយ ។ ពេល​នេះ​ផ្ទះ​បុរាណ​ដ៏​ចាស់​ទ្រុឌទ្រោម ទើបត្រូវ​បាន​ម្ចាស់ផ្ទះ​ជំនាន់​ទី​៧ សម្រេច​ឱ្យ​រុះរើ​ចេញ​ដើម្បី​យក​ដី​មក​ចែក​កូនចៅ​រស់នៅ​បន្ត ។ ថ្វីបើ​ដូនតា​ជា​អ្នកមាន តែ​ពាក្យចាស់​ថា មាន​មិន​ដែល​៣​ត ក្រ​មិន​ដែល​៣​ជាតិ ។ ជីវភាព​កូនចៅ​មិន​មាន​អ្វី​ទេ ក្រៅពី​ផ្ទះ​ទ្រុឌទ្រោម និង​ភូមិក​នេះ ។

ផ្ទះ​បុរាណ​នេះ​សង់​ពី​ឈើ​ដែល​ភាគច្រើន​ជា​ប្រភេទ​ឈើ​ត្រាច មាន​ទំហំ​មុខ​៣១​ម៉ែត្រ និង​ជម្រៅ​២១​ម៉ែត្រ ដំបូល​ប្រក់​ក្បឿងស្រកាលិញ ពី​សម័យ​ដើម ។ ផ្ទះ​នេះ​សាងសង់​នៅ​លើ​ផ្ទៃដី​ទទឹង​៣០​ម៉ែត្រ និង​បណ្តោយ​៥០​ម៉ែត្រ បែរមុខ​ទៅ​រក​ទន្លេមេគង្គ តែ​សព្វថ្ងៃ​គឺ​នៅ​សល់​សរសរ​តែ​ជាង​៥០​ដើម​(​មិនមែន​៤០​ដើម​ទេ​) ។

ដោយសារ​ផ្ទះ​បុរាណ​នេះ​មាន​សភាព​ចាស់​ទ្រុឌទ្រោម ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ទើប​ម្ចាស់ផ្ទះ​ជា​កូនចៅ​រស់នៅ​បន្ត​ជំនាន់​គ្នា បាន​ផ្លាស់​ប្តូរ​គ្រឿងបន្លាស់​ឈើ​ថ្មី និង​រុះរើ​បំណែក​ខ្លះ ធ្វើ​ឲ្យ​ផ្ទះ​បុរាណ​នេះ មិន​បន្សល់​ទុក​ទាំង​រចនា​បទ​ក្បាច់ក្បូរ​ដូច​ទម្រង់​ដើម​ទាំងស្រុង​នោះ​ទេ ។សព្វថ្ងៃ​ផ្ទះ​បុរាណ​ដែល​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​នេះ គឺ​មាន​តែ​ម្ចាស់ផ្ទះ​មួយ​គ្រួសារ​ប៉ុណ្ណោះ​កំពុង​ស្នាក់​នៅ ដោយសារ​តែ​តួ​ផ្ទះ​ដែល​ភាគច្រើន​ចាស់​ពុក​ផុយ​ក៏​មាន​កន្លែង​ខ្លះ​មិន​អាច​ស្នាក់​នៅ​បាន​ដែរ ។

ផ្ទះ​បុរាណ​នេះ​សាងសង់​ឆ្នាំ​១៨៨៤ ក្នុង​រាជ​កាល​ព្រះបាទ​អង្គឌួង
មិន​មាន​ប្រភព​ព័ត៌មាន​ណាមួយ​បញ្ជាក់​ច្បាស់​ពី​ប្រវត្តិ​ផ្ទះ​បុរាណ​មួយ​នេះ​ឲ្យ​ច្បាស់លាស់​នោះ​ទេ ។ តែបើ​តាម​ការ​និយាយ​ត​ៗ​គ្នា​មក​ថា ផ្ទះ​នេះ​បាន​សាងសង់​នៅ​ឆ្នាំ​១៨៨៤ ក្នុង​សម័យ​រា​ជ្ជ កាល​ព្រះបាទ​អង្គឌួង ។ គិត​មក​ទល់​ពេល​នេះ​ផ្ទះ​បុរាណ​នេះ​មាន​អាយុកាល​១៣៦​ឆ្នាំ​មក​ហើយ ។ ផ្ទះ​បុរាណ​នេះ​ត្រូវ​បាន​គេ​និយាយ​ថា​ជា​ផ្ទះ​របស់ «​ដង្ខៅ​»​កាលពី​សម័យ​នោះ ។ ចាស់ទុំ​នៅ​ស្រុក​ឆ្លូង​និយាយ​ថា កាលសម័យ​នោះ​ម្ចាស់ផ្ទះ​នេះ មាន​ងារ​ជា​«​ដង្ខៅ​» ដោយ​អ្នកស្រុក តែង​ហៅ​ដង្ខៅ លាម មាន​ភរិយា​ឈ្មោះ ធៀ​ម ។ តែ​គេ​មិន​បានដឹង​ថា គាត់​រកស៊ី​របរ​អ្វី ទើបបាន​ក្លាយជា​ដង្ខៅ​កាលពី​សម័យ​នោះ​ទេ ។ ផ្ទះ​បុរាណ​នេះ​ក៏​មិន​មានការ​ទិញ ដូរ​ទៅ​បុគ្គល​ណា​ផ្សេង​នោះ​ទេ ក្រៅពី​កា​រស់នៅ​បន្ត​គ្នា​ក្នុង​វង្ស​ត្រកូល​កូនចៅ​របស់​ដង្ខៅ​លាម ។

សម័យ​ខ្មែរក្រហម​ផ្ទះ​នេះ​ជា​កន្លែង​ប្រជុំ​កម្មាភិបាល​និង​កន្លែង​ឃុំឃាំង
អ្នក​នៅ​ក្នុងភូមិ​កោះ​កណ្តុរ ស្រុក​ឆ្លូង ដែល​ដឹង​ត​ៗ​គ្នា​ពី​ប្រវត្តិ​ផ្ទះ​បុរាណ​មួយ​ខ្នង​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ផ្ទះ​នេះ​មាន​សភាព​ខូចខាត​ខ្លាំង​ក្នុង​របប​សម័យ​ខ្មែរក្រហម ។ ដោយ​សម័យ​នោះ ខ្មែរក្រហម​បាន​យក​ផ្ទះ​នេះ​ជា​កន្លែង​មន្ទីរឃុំឃាំង និង​កន្លែង​ប្រជុំ​របស់​កម្មាភិបាល​ខ្មែរក្រហម ។

ដោយសារ​តែ​ផ្ទះ​បុរាណ​មួយ​ខ្នង​នេះ ត្រូវ​បាន​ចាត់​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ និង​ដើម្បី អភិរក្ស​ថែរក្សា ទើប​អាជ្ញាធរ​ខេត្ត និង​ក្រសួង​វប្បធម៌​បាន​សម្រេច​ទិញ​ផ្ទះ​នេះ​ពី​ម្ចាស់​សព្វថ្ងៃ​ក្នុង​តម្លៃ​ព្រមព្រៀង​៨​ពាន់​ដុល្លារ និង​ចំណាយ​លើ​ប្រាក់​រុះរើ ដឹក​ជញ្ជូន​មក​សង​សង់កែ​លម្អ​តាម​រចនាបថ​ដើម​គ្រប់​សសរ​១០០ ដូច​ដើម​វិញ​នៅ​ក្នុង​បរិវេណ​ដី​របស់​មន្ទីរ​វប្បធម៌​ខេត្ត ក្បែរ​វិហារ​ចាស់​វត្ត​រកា​កណ្តាល ស្ថិត​ក្នុង​សង្កាត់​រការ​កណ្តាល ក្រុង​ក្រចេះ ដែល​វិហារ​និង​ផ្ទះ​នេះ​មាន​អាយុកាល​ស្របាល​គ្នា ។

ប្រធាន​មន្ទីរ​វប្បធម៌​ខេត្តក្រចេះ លោក ទេព វាសនា បាន​ឲ្យ​ដឹង​ថា ការ​រុះរើ​មាន​រយៈពេល ជិត​មួ​យស​ប្តា​ហ៍​មក​ហើយ គឺ​បាន​ត្រឹម​ដំបូល​មួយ​ផ្នែក​និង​ជញ្ជាំង​មួយ​ផ្នែក​ប៉ុណ្ណោះ ព្រោះ​ផ្ទះ​ពុក​ផុយ​ខ្លះ​ធ្វើ​ឲ្យ​ក្រុមការងារ​ពិបាក​រើ​និង​ប្រើ​ពេល​យូរ ។ ការ​រៀប​ឡើង​វិញ​អាច​ប្រើ​ពេល​យ៉ាង​យូរ​ដល់​ចុងឆ្នាំ​២០២០ ។ ហើយ​ផ្ទះ​នេះ​នឹង​សាងសង់​ឡើង​តាម​ទម្រង់​ដើម​ទាំងស្រុង និង​ជួសជុល​កន្លែង​បាក់បែក​ផង​ដែរ ។

លោក​ប្រធាន​ម​ន្ទិ​រ​វប្បធម៌​លើក​ឡើង​ថា ក្រោយ​សាងសង់​ហើយ ផ្ទះ​នេះ​នឹង​ក្លាយទៅជា​សារមន្ទីរ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ។ ជាមួយ​គ្នា​នេះ​នៅ​វត្ត​រកា​កណ្ដាល​ក៏​មាន​ព្រះ​វិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​មួយ​បាន​សាងសង់​ឡើង​នៅ​ឆ្នាំ​ស្របាល​គ្នា​ក្នុង​ឆ្នាំ​១៨៨៣​ដែរ ។

សាធារណ​មតិ​ខ្លះ​ថា បើ​រក្សា​ផ្ទះ​នេះ​នៅ​កន្លែង​ដើម​គឺ​ល្អ​បំផុត
ជិត​១​ស​ប្តា​ហ៍​មក​ហើយ ដែល​ការ​បញ្ចេញមតិ​ជុំវិញ​ការ​រុះរើ​ផ្ទះ​បុរាណ​សសរ​១០០ ដែល​ភាគច្រើន​ចង់ឱ្យ​រក្សា​ផ្ទះ​បុរាណ​នេះ​នៅ​កន្លែង​ដើម ហើយ​អភិរក្ស​ឱ្យ​បាន​គង់វង្ស​តទៅ​មុខ​ទៀត ជា​ជាង​យក​មក​សាងសង់​ឡើង​វិញ​នៅ​ក្បែរ​វិហារ​បុរាណ​ក្នុង​វត្ត​រកា​កណ្តាល ។

ទោះបីជា​បែប​ណា ផ្ទះ​បុរាណ​នេះ​កំពុង​ត្រូវ​បាន​រុះរើ​ទៅ​ហើយ ។ និយាយ​ពី​ផ្ទះ​បុរាណ​ខ្មែរ​ប្រហែល​មិន​នៅ​សេសសល់​ច្រើន​នោះ​ទេ ដូច​ជា​ផ្ទះ​បុរាណ​សសរ​១០០​នេះ​ជាដើម​ពិតជា​ពិសេស​ណាស់ ៕

អត្ថបទសរសេរ ដោយ