សត្វ​សំពោច និង​កូន​ពស់ថ្លាន់ ត្រូវ​លែង​​ចូល​ទៅ​រស់នៅ​ក្នុង​ព្រៃ​ធម្មជាតិ​វិញ


ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២០ លោក រ័​ត្ន វិ​រៈ អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​សហការី បាន​អញ្ជើញ​ចុះ​ពិនិត្យ​សក្ដានុពល​ធម្មជាតិ​ក្នុងភូមិ​សាស្ត្រ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ហើយ​បាន​លែង​សត្វ​សំពោច​១​ក្បាល និង​កូន​សត្វ​ពស់ថ្លាន់​១​ក្បាល ឲ្យ​ចូល​ទៅ​រស់នៅ​ក្នុង​ព្រៃ​ធម្មជាតិ​វិញ​។

សត្វ​សំពោច​១​ក្បាល​នេះ គឺ​កាលពី​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២០ ក្រុមការងារ​អនុវត្ត​ច្បាប់​ចល័ត​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ទទួល​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ ដើម្បី​យក​ទៅ​ពិនិត្យ​សុខភាព ស្ដារ​លទ្ធភាព និង​លែង​ចូល​ទៅ​រស់នៅ​ក្នុង​ព្រៃ​ធម្មជាតិ​វិញ​។ ចំណែក​កូន​ពស់ថ្លាន់​១​ក្បាល ក៏​ត្រូវ​បាន​ក្រុមការងារ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ទទួលយក​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​លែង​ចូល​ទៅ​រស់នៅ​ក្នុង​ព្រៃ​ធម្មជាតិ​វិញ​ផង​ដែរ​។

ក្រុមការងារ​អភិរក្ស​សត្វព្រៃ សាទរ​នូវ​ការ​ចូលរួម​ការពារ​សត្វព្រៃ និង​លើកទឹកចិត្ត​បន្ថែម​ទៀត​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ចំណែក​អភិរក្ស​សត្វព្រៃ ដើម្បី​រក្សា​ការពារ និង​បន្ត​ពូជ​ពង​កូន​សម្រាប់​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​បានឃើញ និង​ស្គាល់​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ