ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាច់​ភ្លើង​រាប់​ម៉ោង​ លុះ​ពេល​មាន​វិញ ផ្ទះមួយខ្នងក្លាយជា​ផេះផង់​ (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ ​អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះ​ឈើ​១​ខ្នង​អស់ទាំង​ស្រុង​ ទោះបីជា​អ្នក​ភូមិ​នាំ​គ្នា​ជួយ​ពន្លត់​យ៉ាង​សស្រាក់សស្រាំ​យ៉ាងណា​ក៏​មិន​អាច​​ជួយ​បាន​ឡើយ ចំណែក​រថយន្ត​ពន្លត់​អគ្គិភ័យ​ក៏​មិន​អាច​ចេញ​ទៅ​ជួយ​ទាន់​ដែរ ​ព្រោះ​ត្រឹមតែ​រយៈពេល​ប្រហែល​១៥​នាទី​តែ​ប៉ុណ្ណោះ ផ្ទះ​មួយខ្នង​​នេះ ព្រមទាំង​ទ្រព្យសម្បត្តិ នៅ​ក្នុងផ្ទះ​នោះ​ផង​បាន​ក្លាយទៅជា​ចំណី​ព្រះ​អគ្គិ​​អស់​ទាំងស្រុង​ក្លាយទៅជា​ផេះ​ផង​់បាត់​ទៅ​ហើយ​។ យោង​តាម​ប្រភពពី​​អ្នក​ភូមិ​បាន​​ឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ​៖​ ​អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះ​ឈើ​១​ខ្នង​អស់ទាំង​ស្រុង​ ទោះបីជា​អ្នក​ភូមិ​នាំ​គ្នា​ជួយ​ពន្លត់​យ៉ាង​សស្រាក់សស្រាំ​យ៉ាងណា​ក៏​មិន​អាច​​ជួយ​បាន​ឡើយ ចំណែក​រថយន្ត​ពន្លត់​អគ្គិភ័យ​ក៏​មិន​អាច​ចេញ​ទៅ​ជួយ​ទាន់​ដែរ ​ព្រោះ​ត្រឹមតែ​រយៈពេល​ប្រហែល​១៥​នាទី​តែ​ប៉ុណ្ណោះ ផ្ទះ​មួយខ្នង​​នេះ ព្រមទាំង​ទ្រព្យសម្បត្តិ នៅ​ក្នុងផ្ទះ​នោះ​ផង​បាន​ក្លាយទៅជា​ចំណី​ព្រះ​អគ្គិ​​អស់​ទាំងស្រុង​ក្លាយទៅជា​ផេះ​ផង​់បាត់​ទៅ​ហើយ​។

យោង​តាម​ប្រភពពី​​អ្នក​ភូមិ​បាន​​ឱ្យ​ដឹង​ថា មុន​ពេល​មានការ​ឆាបឆេះ​ផ្ទះមួយខ្នង​ខាងលើនេះ គឺ​នៅ​ក្នុងភូមិ​ដាច់​ភ្លើង​រាប់​ម៉ោង ហើយ​ម្ចាស់​​មិន​បាន​បិទ​បា​រ៉ែត លុះ​ពេល​មាន​ភ្លើង​មក​វិញ​ ចរន្ត​​អគ្គិសនី​​បុក​ខ្លាំង​បណ្ដាល​ឲ្យ​ទុ​ស្សេ​លាន់ឮ​សូរ​​ច្រើ​ដង​រួច ​ស្រាប់តែ​បង្ក​​ជា​អគ្គិភ័យ​​ឆាប​ឆះ​តែ​ម្ដង​។

ហេតុការណ៍​ខាងលើនេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលកើតឡើង​​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២០ នៅ​ក្នុងភូមិ​ត្រពាំង​អារក្ស សង្កាត់​ឪឡោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ដដែល​បាន​និយាយ​ទៀត​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ខាងលើ​​ឈ្មោះ​សុខ សោភា ភេទ​ស្រី​ អាយុ​៤១​ឆ្នាំ មុខរបរ​កសិករ ហើយ​ផ្ទះ​​កើតហេតុ​មួយ​ខ្នង​ខាងលើ​នោះសង់​អំពី​ឈើ​ប្រក់​ក្បឿង ​មាន​ទំហំ​ទទឹង​ប្រវែង​៦​ម៉ែត្រ​គុណ​នឹង​បណ្ដោយ​ប្រវែង​៨​ម៉ែត្រ ។​ ដោយឡែក​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​​ដែល​​ត្រូវ​ភ្លើង​ឆាបឆេះ​​រួម​មាន​លុយ​ចំនួន​១​លាន​រៀល និង​៨០០​ដុល្លារ​, អត្តសញ្ញាណប័ណ្ណ​៤​សន្លឹក​, សំបុត្រ​កំណើត​ចំនួន​៤​សន្លឹក​,​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលន​វត្ត​(​ប្លង់​ដី​)​ចំនួន​៩​ប័ណ្ណ​, និង​គ្រឿងអលង្ការ​មាស​ចំនួន​១​តម្លឹង​៩​ជី​៥​ហ៊ុន ប៉ុន្តែ​ទោះបី​ត្រូវ​ភ្លើង​ឆេះ​ខូច​ទ្រង់ទ្រាយ​ដើម​ខ្លះ​ៗ ក៏​បាន​រក​ឃើញ​មាស​មក​វិញ​ចំនួន​១​តម្លឹង​៨​ជី​៥​ហ៊ុន ហើយ​ក៏​បាន​បាត់បង់​ទម្ងន់​១​ជី​។

តាម​ប្រភព​ខាងលើ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ ​នៅ​ក្នុងភូមិ​ខាងលើ​បាន​ដាច់​ភ្លើង​ទាំង​ព្រឹក ហើយ​នៅ​មុន​ពេល​មានការ​ឆាបឆេះ​កើតឡើង​ គឺ​ស្ត្រី​ដែល​ជា​ម្ចាស់ផ្ទះ​បាន​ចេញ​ទៅ​ធ្វើស្រែ ​ដោយ​បាន​បិទទ្វារ​ចាក់សោរ​ផ្ទះ ប៉ុន្តែ​ក៏​មាន​ឪពុក​ម្ដាយ​របស់​គាត់​រស់នៅ​ផ្ទះ​មួយទៀត​ក្បែរ​នោះ​ដែរ​ជួយ​មើល​ការ​ខុស​ត្រូវ​ឲ្យ​ដែរ​។

​តាម​ប្រភព​ខាងលើបាន​បញ្ជាក់បន្ថែមទៀត​ថា លុះដល់​ពេល​កើតហេតុ ​លោកយាយ​ជា​ម្ដាយ​បាន​ទៅ​វត្ត​បាត់​នៅ​សល់​តែ​លោកតា​ជា​ឪពុក​នៅផ្ទះ​ម្នាក់ឯង ស្រប​ពេល​នោះ​អគ្គិសនី​​ក៏​​មាន​មក​វិញ​ ហើយ​មុន​ចេញពីផ្ទះ ​ម្ចាស់​ពុំ​បាន​បិទ​បា​រ៉ែត​ភ្លើង​សិន​ទេ ទើប​ធ្វើ​ឲ្យ​ចរន្ត​អគ្គិសនី​បុក​ខ្លាំង ​បណ្ដាល​ឲ្យ​ទុ​ស្សេ​នៅ​ក្នុងផ្ទះ​ខាងលើ​លាន់​សូរ​​ជា​ច្រើន​ដង​ ​ស្រាប់តែ​មាន​អណ្ដាតភ្លើង​យ៉ាង​សន្ធោ​​សន្ធៅ​ និង​ផ្សែងហុយ​ចេញ​យ៉ាង​ឃ្មួ​ល​ខ្មាញ់ ឆេះ​ផ្ទះ​ទាំងមូល​យ៉ាង​ឆាប់រហ័ស ​ចំណែក​អ្នក​ភូមិ​ក៏​បាន​នាំ​គ្នា​ចេញ​ទៅ​ពន្លត់​ដែរ​ តែ​មិន​អាច​ពន្លត់​​ឲ្យ​ភ្លើង​ថមថយ​ឬ​រលត់​ឡើយ ហើយ​ត្រឹមតែ​រយៈពេល​១៥​នាទី​ប៉ុណ្ណោះ​ផ្ទះ​នេះ​រួម​ទាំង​ទ្រព្យសម្បត្តិ​ត្រូវ​ភ្លើង​ឆេះ​អស់​។

ពាក់ព័ន្ធនឹងករណី​ខាងលើនេះ​ដែរ អ្នក​ភូមិ​បាន​បង្ហាញ​ពី​អារម្មណ៍​របស់​ពួក​គាត់​ថា មិន​ត្រឹមតែ​ម្ចាស់ផ្ទះ​ទេ​ សូ​ម្បី​តែ​ពួក​គាត់​ដែល​ជា​អ្នក​ភូមិ​ផង​របង​ជាមួយ​ក៏​មានការ​តក់ស្លុត​ដែរ​ នៅ​ពេល​​ឃើញ​ហេតុការណ៍​បែប​នេះ​កើតឡើង​ ហើយ​ជួយ​ពន្លត់​មិន​ឈ្នះ ព្រមទាំង​មិន​អាច​យក​ទ្រព្យសម្បត្តិ​ចេញ​បាន​សូ​ម្បី​តែ​បន្តិច​នោះ​។​ ម្យ៉ាងទៀត​សូម្បី​តែ​​រថយន្ត​ពន្លត់​អគ្គិភ័យ​ក៏​មិន​អាច​ចេញ​ទៅ​ជួយ​អន្តរាគមន៍​ពន្លត់​ទាន់​ផង ព្រោះ​ភ្លើង​បានឆាប​​ឆេះ​លឿន​ពេក​ ស្ទើរតែ​មួយ​ប៉​ព្រិច​ភ្នែក​ប៉ុណ្ណោះ​ កម្លាំង​ញើស​ឈាម​ដែល​ខំ​សន្សំ​រាប់​ឆ្នាំ​កន្លង​មក​ហើយ​នោះ​ត្រូវ​បាត់បង់​អស់បែប​នេះ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ